ពីនិស្សិត IT ក្លាយជាម្ចាស់ក្រុមហ៊ុនរើសបុគ្គលិកផ្នែក IT ធំជាងគេបំផុត នៅខ្មែរ
Pen SodalenAUGUST 31 2026640 views

តើអ្នកធ្លាប់គិតទេថា ហេតុអ្វីបានជាក្រុមហ៊ុនជាច្រើននៅតែបន្តរអ៊ូរទាំថារកបុគ្គលិក IT ធ្វើការមិនបាន ឯនិស្សិតរៀនចប់ផ្នែកបច្ចេកវិទ្យារាប់រយនាក់ទៀត បែរជាពិបាករកការងារធ្វើទៅវិញ? កាលពីចុងឆ្នាំ២០១៨ មាននិស្សិតឆ្នាំទី៤ នៃ វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យបានលើកយកបញ្ហាមួយដែលកំពុងបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យា គំនិតនេះហើយដែលជំរុញឱ្យ លោក សុផា និងក្រុមការងារ សម្រេចចិត្តបង្កើតប្រភពស្វែងរកបុគលិកផ្នែកបច្ចេកវិទ្យាមួយមានឈ្មោះថា «Jobify» នៅក្នុងឆ្នាំ២០២០ ដើម្បីជួយតភ្ជាប់អ្នកស្វែងរកការងារ និងក្រុមហ៊ុននានាតាមរយៈក្រុមហ៊ុនរបស់លោក។ 

 

១. ដើមហេតុនៃការចាប់ផ្ដើម

 

លោក សុផា បានប្រាប់ Business Cambodia ថាដំណើររបស់ Jobify មិនមែនកើតចេញពីក្រុមហ៊ុន ធំដុំអីនោះទេ ប៉ុន្តែវាបានចាប់ផ្តើមចេញពីគំនិតសាមញ្ញមួយនៅចុងឆ្នាំ២០១៨។ ក្នុងអំឡុងពេលសិក្សាឆ្នាំទី៤ ផ្នែកវិស្វកម្មសូហ្វវែរ លោកបានមើលឃើញពីបញ្ហាប្រឈមជាក់ស្តែង ដែលក្រុមហ៊ុនពិបាករកបុគ្គលិក IT ឯនិស្សិតរៀនចប់ក៏ពិបាករកការងារធ្វើដែរ។ ដោយមានការតម្រង់ទិសពីគ្រូបង្រៀនជនជាតិជប៉ុន លោកក៏បានរួមគ្នាបង្កើតគំនិតមួយដើម្បីដោះស្រាយបញ្ហានេះ ហើយបានយកគំនិតនោះទៅប្រកួតប្រជែងក្នុងសាលារហូតទទួលបានជ័យជម្នះលេខ១ ក្នុងចំណោម ១៦ ក្រុម។ ដោយសារមានជំនឿចិត្តលើគំនិតនេះ និងទទួលបានការគាំទ្រទុនវិនិយោគដំបូងពីវិនិយោគិនជប៉ុនផងនោះ ធ្វើអោយ Jobify ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុនផ្លូវការនៅក្នុងឆ្នាំ២០២០។

 

 

២. ឧបសគ្គធំៗ និងការជម្នះការលំបាក

 

លោកបានបន្តទៀតថាការចាប់ផ្តើមអាជីវកម្មមិនមែនជារឿងដែលងាយស្រួលនោះទេ ដោយ Jobify បានជួបប្រទះនឹងការបដិសេធនៅក្នុងទីផ្សារដំបូងៗ ព្រោះអតិថិជនមិនទាន់ទុកចិត្តលើការប្រើប្រាស់ Platform ក្នុងការជ្រើសរើសបុគ្គលិកនៅឡើយ។ ដូច្នេះបញ្ហានេះបានបង្ខំឱ្យក្រុមហ៊ុនត្រូវផ្លាស់ប្តូរទម្រង់អាជីវកម្មភ្លាមៗ ដោយបន្ថែមសេវាកម្មរើសបុគ្គលិកផ្ទាល់ គឺ Recruitment & Staffing Services ដើម្បីរកចំណូលមកទប់ទល់ការចំណាយ។ លើសពីនេះ ក្រុមហ៊ុនក៏បានជួបវិបត្តិផ្ទៃក្នុងការបែកបាក់សមាជិកស្ថាបនិក Co-founder ដោយសារការមិនបានបែងចែកភាគហ៊ុន និងអត្ថប្រយោជន៍ឱ្យបានច្បាស់លាស់តាំងពីដើម ។ ប៉ុន្តែ តាមរយៈការរៀនសូត្រពីកំហុស និងការកែប្រែប្រព័ន្ធគ្រប់គ្រងរួចមក Jobify អាចជម្នះរាល់ឧបសគ្គទាំងនេះបានយ៉ាងរឹងមាំដល់ពេលបច្ចុប្បន្ន។

 

 

Inbound1475132576904164684

 

 

៣. ដំណោះស្រាយសម្រាប់យុវជន និងទិសដៅទៅអនាគត

 

Jobify មិនមែនគ្រាន់តែជាកន្លែងប្រកាសស្វែងរកការងារធម្មតានោះទេ ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើគ្រាន់តែចូលទៅកាន់ App ឬ Website របស់ Jobify រួចបង្កើតគណនី និងរៀបចំ CV ឱ្យបានច្បាស់លាស់ បន្ទាប់មកអាចស្វែងរក និងចុច Apply លើការងារដែលត្រូវនឹងជំនាញរបស់ខ្លួនបានភ្លាមៗ។ សម្រាប់ទិសដៅទៅថ្ងៃខាងមុខលោកបាននិយាយថា Jobify កំពុងពង្រីកខ្លួនទៅកាន់ទីផ្សារបរទេស ដូចជា ប្រទេសជប៉ុន និងបារាំង ដែលជាឱកាសល្អសម្រាប់អ្នកមាន Talent ផ្នែក IT នៅស្រុកខ្មែរក្នុងការចេញទៅធ្វើការនៅក្រៅប្រទេសបានថែមទៀតផង។

 

 

Inbound3158460306719078294

 

 

 

សារចុងក្រោយសម្រាប់សហគ្រិនក្មេងៗ

លោក សុផា បានផ្តាំប្រាប់ប្អូនៗជំនាន់ក្រោយដែលចង់ចាប់ផ្តើម Start up ថា អ្វីដែលសំខាន់គឺ កុំរង់ចាំរហូតដល់ខ្លួនឯងចេះអស់ ឬមានអ្វីៗគ្រប់យ៉ាងទើបចាប់ផ្តើម! ភាពភ័យខ្លាច និងភាពមិនច្បាស់លាស់នឹងមានជានិច្ច ប៉ុន្តែអ្វីដែលសំខាន់បើយើងជ្រើសរើសមនុស្សឱ្យបានត្រឹមត្រូវ និងនិយាយគ្នាឱ្យបានច្បាស់លាស់ បន្ទាប់មក ត្រូវកំណត់ទិសដៅ និងគោលដៅការងារឱ្យបានច្បាស់លាស់ដល់ក្រុម ហើយជាចុងក្រោយ ត្រូវខិតខំធ្វើដោយមិនបោះបង់ និងរៀនសូត្រពីកំហុស ព្រោះគេមើលតែលើលទ្ធផលចុងក្រោយ និងតម្លៃដែលយើងបានបង្កើតតែប៉ុណ្ណោះ។

Inbound2295042967354536024

 

 

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia