ឆ្លងកាត់ការសម្ភាសន៍ពី Business Cambodia ខាងក្រោមនេះជាមេរៀនជីវិតពិតរបស់ម្ចាស់ហាង SRRC ដែលជាអាជីវកម្មលក់ដ្រូន និងឧបករណ៍បញ្ជា (RC) ដ៏មានប្រជាប្រិយភាពមួយ។ មុននឹងឈានមកដល់ចំណុចនេះ ដំណើរជីវិតរបស់គាត់បានឆ្លងកាត់ការសាកល្បង និងការតស៊ូជាច្រើនដំណាក់កាល។
ជំហានដំបូង៖ ចាប់ផ្តើមពីចំណុចខ្សោយ តែមាន ភាពស្មោះត្រង់
កាលពី ១០ ឆ្នាំមុន គាត់ត្រឹមជាបុគ្គលិកផ្នែក Graphic Design ម្នាក់ ដែលមានចរិតអៀនប្រៀន ខ្លាចមនុស្សជុំវិញខ្លួន និងខ្សោយខាងទំនាក់ទំនងខ្លាំងណាស់។ ប៉ុន្តែ អ្វីដែលធ្វើឱ្យគាត់ទទួលបានការទុកចិត្តពីម្ចាស់ក្រុមហ៊ុន គឺ «ភាពស្មោះត្រង់ ការធ្វើការងារច្បាស់លាស់ និងភាពម៉ត់ចត់»។ បទពិសោធន៍ធ្វើការពីមួយឆ្នាំទៅមួយឆ្នាំ បានបណ្តុះឱ្យគាត់មានភាពក្លាហាន និងរៀនសូត្របានមេរៀនជាច្រើនពីពិភពការងារ។
រូបមន្ត «ពីដើមទុន ៣០ ដុល្លារ ទៅជាអាជីវកម្មដែលរឹងមាំ»
បន្ទាប់ពីប្រមូលបានបទពិសោធន៍ គាត់បានសម្រេចចិត្តសាកល្បងបើកមុខរបរផ្ទាល់ខ្លួនដោយចាប់ផ្តើមពីដើមទុនត្រឹមតែ ៣០ ដុល្លារ ប៉ុណ្ណោះ។ លោកបានចាប់ផ្តើមពីការលក់កាស ដោយចំណេញលុយតិចតួចប៉ុណ្ណោះ នៅក្នុងរយៈពេល ២ ឆ្នាំដើម្បីយកមកធ្វើការពង្រីកបន្ថែម។ បន្ទាប់មកគាត់បានបន្ថែមមុខរបរមួយទៀតគឺលក់របស់ក្មេងលេង។ ដោយសារ មានការគាំទ្រច្រើន គាត់ក៏ទទួលបានប្រាក់ចំណូល និងពង្រីកការលក់រហូតបង្កើតបានបង្កើតជាហាង SRRCរហូត មកដល់បច្ចុប្បន្ន។
ជួបវិបត្តិ ២០២៤ - ២០២៥ និងការប្រកួតប្រជែង
នៅឆ្នាំ ២០២៤ - ២០២៥ វិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ចបានធ្វើឱ្យការលក់របស់គាត់ធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែទប់ទល់ នឹងការចំណាយប្រចាំខែមិនរួច ហើយគាត់ក៏ធ្លាប់បាក់ទឹកចិត្តដែរ។
ប៉ុន្តែគាត់បានរំលឹកខ្លួនឯងថា «កាលមុនយើងចាប់ផ្តើមពីលុយ ៣០ ដុល្លារសោះ បើយើងចុះចាញ់ពេលនេះ គឺដូចយើងចុះចាញ់»។ គាត់បានប្រើរូបមន្តចាស់គឺ «ចាប់ផ្តើមឡើងវិញពីលុយតិចទៅលុយធំ» រហូតធ្វើឱ្យ អាជីវកម្មរបស់គាត់មានស្ថិរភាព និងដំណើរការបានល្អឡើងវិញ។
សារលើកទឹកចិត្តដល់អ្នកចង់ចាប់ផ្តើមមុខរបរ
គាត់បានចែករំលែកសម្រាប់បងប្អូនដែលកំពុងធ្វើការឱ្យគេ ហើយចង់ចេញមករកស៊ីខ្លួនឯង :
ធ្វើការផង លក់ដូរផង៖ កុំប្រញាប់ឈប់ធ្វើការ។ គួរធ្វើការបណ្តើរ និងសាកល្បងលក់បន្តិចបន្តួចបណ្តើរ ដើម្បីបានប្រាក់ខែផង បានចំណូលបន្ថែមផង និងបានរៀនសូត្រពីរបៀបគ្រប់គ្រងរបស់ម្ចាស់អាជីវកម្ម។
ធ្វើពីតូចទៅធំ៖ ការចាប់ផ្តើមពីតូច ត្រូវតែធ្វើឱ្យអាជីវកម្មរបស់យើងមានភាពរឹងមាំ និង មិនងាយដួលឡើយ ទោះជាជួបវិបត្តិ ឬឧបសគ្គយ៉ាងណាក៏ដោយ។
ជ័យលាភី BATTLEBOT ពីររដូវកាលជាប់គ្នា៖
មួយរយៈពេលមុននេះ ម្ចាស់ហាង SRRC បានដឹកនាំក្រុមប្អូនៗយុវជនចូលរួមប្រកួតក្នុងកម្មវិធី BATTLEBOT ដើម្បីបញ្ចេញសមត្ថភាព និងបានឈ្នះ ជ័យលាភីលេខ ១ ពីរដូវកាលជាប់ៗគ្នា!
បទពិសោធន៍ផ្ទាល់នៅក្នុងប្រកួតនេះ បានធ្វើឱ្យគាត់មើលឃើញកាន់តែច្បាស់ថា «យុវជនកម្ពុជាយើងពិតជា មានសមត្ថភាព និងខួរក្បាលឆ្លាតវៃខ្លាំងណាស់ ពួកគាត់គ្រាន់តែខ្វះការជំរុញ លើកទឹកចិត្ត និងការផ្តល់ឱកាសតែប៉ុណ្ណោះ»។នេះហើយជាមូលហេតុចម្បងដែលធ្វើឱ្យគាត់ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញវិស័យនេះ!
បេសកកម្ម៖ ជំរុញយុវជនក្នុងវិស័យបច្ចេកវិទ្យា
ដើម្បីបង្កើតឱកាសឱ្យយុវជនបានបញ្ចេញសមត្ថភាពបន្ថែមទៀត ម្ចាស់ហាង SRRC បានសហការជាមួយក្រុមហ៊ុន និងដៃគូនានា បង្កើតកម្មវិធី RC Airplane and Drone Competition 2026 ឡើង។
ការអភិវឌ្ឍផ្នែកនេះ មិនត្រឹមតែបម្រើឱ្យវិស័យទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយដល់ ប្រព័ន្ធការពារជាតិ និងវិស័យសំខាន់ៗជាច្រើនទៀតក្នុងប្រទេសបានទៀតផង។ ជាក់ស្តែងកម្មវិធីលើកទី១ បានរៀបចំធ្វើនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦។ ហើយនៅលើកទី២ ក៏គ្រោងនឹងរៀបចំធ្វើម្តងទៀតនៅចុងឆ្នាំ ២០២៦ ខាងមុខនេះផងដែរ។
រឿងរ៉ាវរបស់ម្ចាស់ហាង SRRC បានបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើប្រទេសយើងមានធនធានមនុស្សពូកែ និងមានការតាំងចិត្តខ្ពស់ខាងផ្នែកបច្ចេកវិទ្យាច្រើន ប្រទេសជាតិរបស់យើងនឹងកាន់តែរីកចម្រើន ហើយដើ
រទាន់ប្រទេសជិតខាងជាមិនខាន!


