ការទិញ ហ្វ្រេនឆាយ (Franchise) យកទៅបើកបន្ត ថ្វីត្បិតតែជាផ្លូវកាត់ដែលមានប្រព័ន្ធអាជីវកម្មស្រាប់ ប៉ុន្តែវាមិនមែនសុទ្ធតែជោគជ័យមួយរយភាគរយ ដោយស្វ័យប្រវត្តិនោះទេ។ មែនទែនទៅ អ្នកទិញ Franchise ជោគជ័យភាគច្រើន គឺជាអ្នកដែលមានយុទ្ធសាស្ត្រក្នុងការជ្រើសរើស និងការគ្រប់គ្រងច្បាស់លាស់។ ខាងក្រោមនេះ ជាគន្លឹះមាសទាំង ៦ ដើម្បីជួយឲ្យការទិញ Franchise របស់អ្នកទទួលបានជោគជ័យ និងបង្កើតផលចំណេញប្រកបដោយចីរភាព៖
១.ជ្រើសរើសទីតាំងឲ្យត្រូវអតិថិជនគោលដៅ៖ នៅក្នុងអាជីវកម្ម Franchise ជាពិសេសម្ហូបអាហារ និងភេសជ្ជៈ ការរើសទីតាំង ជាគោលដៅនៃភាពជោគជ័យរហូតដល់ទៅ ៧០%។ ដូច្នេះ ត្រូវសិក្សាពីវាឲ្យបានល្អិតល្អន់ ថាតើមានមនុស្សដើរកាត់ ឬជិះកាត់ច្រើនដែរឬទេ? តើមនុស្សនៅតំបន់នោះជាប្រភេទអតិថិជនគោលដៅរបស់ Brand ដែរឬទេ (ឧទាហរណ៍៖ សិស្ស និស្សិត ឬអ្នកធ្វើការ)? មួយវិញទៀត ត្រូវមានកន្លែងចតយានយន្តងាយស្រួល និងមិនមានអ្វីបាំងមុខហាង។ ហើយត្រូវប្រាកដថា ក្នុងកិច្ចសន្យាមានកំណត់ចម្ងាយច្បាស់លាស់ ដើម្បីកុំមាន Franchise ដូចគ្នា មកបើកប្រកួតប្រជែងនៅជិតអ្នកពេក។
២.ជ្រើសរើស Brand ដែលមានជំហររឹងមាំ មិនមែនគ្រាន់តែល្បីមួយឆាវ៖ កុំទិញ Franchise ដោយសារតែឃើញគេស្គាល់ច្រើនលើបណ្តាញសង្គមក្នុងរយៈពេលខ្លី ព្រោះវាអាចជាការតាមគ្នាមួយឆាវ។ ចំណុចនេះ អ្នកត្រូវជ្រើសរើស Brand ដែលមានទីផ្សារយូរអង្វែង ដូចជាមើលលើប្រវត្តិ និងស្ថិរភាពនៃ Brand នោះក្នុងទីផ្សារយ៉ាងតិច ២ ទៅ ៣ ឆ្នាំឡើងទៅ។ ត្រូវពិនិត្យមើលសាខាចាស់ៗ ដូចជា សាកល្បងទៅទិញ និងអង្កេតមើលសាខាផ្សេងទៀតថាតើ ពួកគេនៅតែមានអតិថិជនច្រើន និងរកចំណេញបានដែរឬទេ?
៣. សួរនាំអ្នកធ្លាប់ទិញ Franchise នោះពីមុន៖ នេះជាគន្លឹះសំខាន់បំផុតដែលមនុស្សជាច្រើនមើលរំលង! ម្ចាស់ Franchise តែងតែនិយាយតែពីចំណុចល្អៗ ប៉ុន្តែ អ្នកបើកបន្តមុនអ្នក គឺជាអ្នកដែលដឹងពីការពិត។ ដូច្នេះអ្នកគួរសួរពួកគេថា៖ តើក្រុមហ៊ុនដើមជួយជ្រោមជ្រែងបានល្អដែរឬទេ? តើការផ្គត់ផ្គង់វត្ថុធាតុដើមមានបញ្ហាប្រឈមអ្វីខ្លះ? តើចំណាយពេលប៉ុន្មានទើបបានដើមទុនវិញ?
៤.គោរព និងអនុវត្តតាមប្រព័ន្ធការងារ (SOP) ឲ្យបានពេញលេញ៖ មូលហេតុដែលអ្នកទិញ Franchise គឺដោយសារប្រព័ន្ធការងារដែលគេបង្កើតមកជោគជ័យស្រាប់។ ចូរកុំកែច្នៃតាមអំពើចិត្ត កុំផ្លាស់ប្តូររូបមន្ត គុណភាព ឬបង្កើតសេវាកម្មថ្មីដោយខ្លួនឯង ដោយគ្មានការអនុញ្ញាតឡើយ។ ការប្រែប្រួលគុណភាព នឹងធ្វើឲ្យបាត់បង់ទំនុកចិត្តពីអតិថិជន។ បន្ថែមពីនេះ ត្រូវចូលរួមវគ្គបណ្តុះបណ្តាល (Training) ឲ្យបានម៉ត់ចត់ ទាំងខ្លួនអ្នកផ្ទាល់ និងបុគ្គលិករបស់អ្នក។
៥. គ្រប់គ្រងបុគ្គលិក និងបម្រើសេវាកម្មអតិថិជនឲ្យមានស្តង់ដារ៖ ជាការពិត Brand ល្បីអាចទាក់ទាញអតិថិជនឲ្យមកហាងរបស់អ្នកលើកដំបូងបានយ៉ាងងាយ ប៉ុន្តែ សេវាកម្ម និងបុគ្គលិករសរាយរាក់ទាក់ គឺជាអ្វីដែលធ្វើឲ្យអតិថិជនត្រលប់មកវិញជាលើកទី២ និងជាប្រចាំបាន។ អ្នកត្រូវបណ្តុះបណ្តាលបុគ្គលិកឲ្យយល់ពីវប្បធម៌ និងស្តង់ដាររបស់ Brand ឲ្យច្បាស់ និងត្រូវចុះត្រួតពិនិត្យ និងគ្រប់គ្រងហាងឲ្យបានដិតដល់ (កុំទុកឲ្យបុគ្គលិកធ្វើការតាមចិត្ត)។
៦.ត្រៀមទុន និងថវិកាបម្រុង៖ ទោះបីជា Franchise នោះល្បីយ៉ាងណាក៏ដោយ ក៏ហាងថ្មីរបស់អ្នកត្រូវការពេល ២ ទៅ ៦ ខែដំបូងដែរ ដើម្បីទាក់ទាញ និងបង្កើតអតិថិជនឲ្យមកជាប្រចាំបាន។ ដូច្នេះ ត្រូវមាន ថវិកាបម្រុងសម្រាប់ប្រតិបត្តិការ យ៉ាងតិច ៣ ទៅ ៦ ខែ សម្រាប់បង់ថ្លៃជួលទីតាំង ប្រាក់ខែបុគ្គលិក និងថ្លៃទឹកភ្លើង ករណីចំណូលខែដំបូងៗមិនទាន់រួចថ្លៃដើម។
យ៉ាងណាមិញ ការទិញ Franchise មិនមែនជាការវិនិយោគដោយមិនបាច់ធ្វើអ្វីនោះទេ ប៉ុន្តែវាគឺជាអាជីវកម្មដែលត្រូវការ ការយកចិត្តទុកដាក់ និងការគ្រប់គ្រងពីខ្លួនអ្នកផ្ទាល់។ ប្រសិនបើអ្នកជ្រើសរើស Brand ត្រូវ ទីតាំងត្រូវ មានដើមទុនបម្រុងគ្រប់គ្រាន់ និងគ្រប់គ្រងប្រព័ន្ធការងារបានល្អ នោះឱកាសជោគជ័យរបស់អ្នកនឹងមានខ្ពស់បំផុត៕


