បារាំង ក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ចេញច្បាប់ហាមក្មេងអាយុក្រោម ១៥ឆ្នាំ មិនឲ្យលេងបណ្តាញសង្គម
ធី ស្រីល័ក្ខJULY 23 202633 views

កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយរបស់គណនី Firstpost បានឲ្យដឹងថា សភាបារាំងបានអនុម័តច្បាប់ហាមឃាត់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំមិនឲ្យប្រើប្រាស់បណ្តាញសង្គម ដោយក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបដែលបានដាក់ចេញនូវការរឹតបន្តឹងបែបនេះ។

 

យោងតាមច្បាប់ថ្មីនេះ កុមារអាយុក្រោម ១៥ ឆ្នាំនឹងមិនត្រូវបានអនុញ្ញាតឲ្យបង្កើតគណនីបណ្តាញសង្គមឡើយ ប្រសិនបើគ្មានការយល់ព្រមពីឪពុកម្តាយ។ ហើយចាប់ពីថ្ងៃទី ១ ខែកញ្ញា តទៅ ខណៈដែលក្រុមហ៊ុនបណ្តាញសង្គមនានា នឹងមានរយៈពេល ៤ ខែ ដើម្បីបិទគណនីដែលមានស្រាប់នោះឲ្យអស់ និងអនុវត្តប្រព័ន្ធផ្ទៀងផ្ទាត់អាយុឲ្យកាន់តែតឹងរ៉ឹងជាងមុន។

 

ជាមួយគ្នានេះ ប្រធានាធិបតី Emmanuel Macron ចង់ឲ្យច្បាប់នេះចូលជាធរមាន មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី។ ដោយលោកបានលើកឡើងថា «ចាំបាច់ត្រូវមានវិធានការការពារដ៏រឹងមាំបន្ថែមទៀត ដើម្បីការពារយុវជននៅក្នុងពិភពអនឡាញ»។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីឃើញមានប្រទេសអូស្ត្រាលីបានធ្វើរួចហើយ ក្នុងការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ។ ហើយក្នុងពេលដូចគ្នានេះ គណៈកម្មការអឺរ៉ុបក៏កំពុងរៀបចំច្បាប់ស្តីពីសុវត្ថិភាពអនឡាញដែលមានវិសាលភាពទូលំទូលាយជាងមុនសម្រាប់អនីតិជនផងដែរ។

 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះបណ្ដាញសង្គមនានា ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្សគ្រប់គ្នា មិនថាតែនៅបារាំងទេ ពោលគឺទូទាំងសកលលោកផ្ទាល់តែម្ដង ជាពិសេសគឺក្មេងៗដែលមិនទាន់ពេញវ័យ។ ឥទ្ធិពលទាំងនោះ បានធ្វើឲ្យកុមារមួយចំនួនប៉ះពាល់ដល់សុខភាពផ្លូវចិត្ត (បាក់ទឹកចិត្ត) សុខភាពផ្លូវកាយ ការសិក្សារៀនសូត្រចុះខ្សោយ ដោយសារពួកគេញៀនក្នុងការមើលអេក្រង់ទូរស័ព្ទខ្លាំងពេក ការមើលមាតិកាលើបណ្ដាញសង្គមមិនល្អ ឬមើលវេបសាយអាសអាភាស ជាដើម។ ដូច្នេះ ការដែល បារាំងបានចេញច្បាប់មួយនេះ ពិតជាល្អខ្លាំង និងជាការងាយស្រួលដល់អាណាព្យបាលក្នុងការគ្រប់គ្រងកូនៗរបស់ពួកគេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia