លុយមិនអាចទិញបាន! កុំរំពឹងភាពស្មោះត្រង់ពីបុគ្គលិក បើអ្នកដឹកនាំមិនទាន់បានធ្វើរឿងទាំង៤នេះ
Toeuy HongAUGUST 7 202619 views

ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំជាច្រើននៅកម្ពុជា តែងតែជួបប្រទះបញ្ហាស្មុកស្មាញដូចៗគ្នា គឺរឿងដែលបុគ្គលិកខ្វះភាពស្មោះត្រង់ លួចលាក់លុយកាក់ បម្រើការងារទាំងបង្ខំចិត្ត ឬចាំតែចាកចេញនៅពេលមានឱកាសល្អមកដល់។ នៅពេលមានរឿងនេះកើតឡើង អ្នកដឹកនាំភាគច្រើនតែងតែបន្ទោសទៅលើបុគ្គលិកថាជាមនុស្សមិនស្មោះត្រង់ ឬឃើញតែប្រយោជន៍ផ្ទាល់ខ្លួន។

 

ទោះជាយ៉ាងណាក៏ដោយ តើយើងធ្លាប់សួរខ្លួនឯងទេថា តើភាពស្មោះត្រង់របស់បុគ្គលិកកើតចេញពីអ្វី? នៅក្នុងបរិបទការងារបច្ចុប្បន្ន ប្រាក់ខែខ្ពស់អាចទិញបានត្រឹមតែពេលវេលា និងកម្លាំងពលកម្មរបស់បុគ្គលិកតែប៉ុណ្ណោះ ប៉ុន្តែមិនអាចទិញយកបេះដូង និងភាពស្មោះត្រង់ របស់ពួកគេបានឡើយ។ បើអ្នកដឹកនាំចង់បានភាពស្មោះត្រង់ចេញពីចិត្ត ត្រូវដកឃ្លា ហើយពិនិត្យមើលថា តើអ្នកបានធ្វើរឿងទាំង ៤ យ៉ាងនេះហើយឬនៅ?

 

១. បង្កើតប្រព័ន្ធគ្រប់គ្រងអោយយុត្តិធម៌ និងតម្លាភាព

ភាពស្មោះត្រង់ចាប់ផ្តើមពីទំនុកចិត្តលើប្រព័ន្ធគ្រប់គ្រង។ អ្នកដឹកនាំត្រូវផ្តល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍សមរម្យ  

ធ្វើជាគំរូនៃភាពស្មោះត្រង់ដោយមិនភូតភរអតិថិជន ឬបុគ្គលិក ហើយវាយតម្លៃដំឡើងតំណែងដោយផ្អែកលើសមត្ថភាពពិតប្រាកដ ជាជាងការអែបអប។

២. យកចិត្តទុកដាក់លើ សុខភាពផ្លូវចិត្តរបស់បុគ្គលិក

មិនត្រឹមតែប៉ុណ្ណោះ ការដាក់សម្ពាធខ្លាំងពេករហូតកើតដល់បុគ្កលិកស្ត្រេស នឹងធ្វើឱ្យបុគ្គលិកបាត់បង់ស្មារតី និងធ្វើការទាំងលាក់បាំងមេ។ អ្នកដឹកនាំត្រូវបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព យោគយល់ និងគោរពពេលវេលាសម្រាករបស់បុគ្គលិក ដើម្បីឱ្យពួកគេមានថាមពលផ្លូវចិត្តពេញលេញក្នុងការលះបង់ដើម្បីក្រុមហ៊ុន។

 

៣. បើកចិត្តស្តាប់ ការនិយាយពិត ដោយមិនទម្លាក់កំហុស

មូលហេតុដែលបុគ្គលិកមិនស្មោះត្រង់ ឬលាក់បាំងបញ្ហា គឺដោយសារតែពួកគេខ្លាចការស្តីបន្ទោស។ អ្នកដឹកនាំត្រូវបើកចិត្តស្តាប់មតិរិះគន់កែលម្អ និងផ្តោតលើការដោះស្រាយបញ្ហារួមគ្នា ជាជាងការទម្លាក់កំហុស ឬជេរប្រមាថនៅពេលបុគ្គលិកធ្វើខុស ហើយហ៊ានសារភាព។

 

៤. វិនិយោគលើ ការរីកចម្រើន និងអនាគត របស់បុគ្គលិក

ហេតុនេះហើយ បុគ្គលិកនឹងស្មោះត្រង់ជាមួយក្រុមហ៊ុនណាដែលមើលឃើញពីអនាគតរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើពួកគេមានអារម្មណ៍ថាត្រូវគេ កេងប្រវ័ញ្ចកម្លាំងញើសឈាម ពួកគេនឹងចាំតែឱកាសចាកចេញតែប៉ុណ្ណោះ។ ដូចនេះហើយ ការផ្តល់វគ្គបណ្តុះបណ្តាល និងការបង្ហាញផ្លូវរីកចម្រើនការងារបានច្បាស់លាស់ គឺជាកាតាលីករដ៏សំខាន់ក្នុងការទិញបេះដូងបុគ្គលិក។

 

សរុបមក ភាពស្មោះត្រង់មិនមែនជារឿងដែលអ្នកដឹកនាំអាច ទាមទារ ឬ ប្រើលុយទិញបានតាមចិត្តនោះទេ ប៉ុន្តែវាជា របៀបគ្រប់គ្រងរបស់អ្នកដឹកនាំ។ នៅពេលដែលអ្នកបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ផ្តល់តម្លៃ និងវិនិយោគលើមនុស្ស នោះភាពស្មោះត្រង់ និងការលះបង់របស់បុគ្គលិកនឹងកើតឡើងដោយឯកឯងហើយ។

 

តើអ្នកជាអ្នកដឹកនាំ ឬជាម្ចាស់អាជីវកម្មដែលបានអនុវត្តចំណុចទាំងនេះហើយឬនៅ? ឬតើអ្នកមានបទពិសោធន៍បែបណាខ្លះជុំវិញរឿងនេះ?

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia