នៅក្នុងការគ្រប់គ្រងក្រុមហ៊ុន ឬអាជីវកម្ម គ្មានរឿងអ្វីដែលធ្វើឲ្យខាតបង់ពេលវេលា និងថវិកាជាង គម្រោងដែលរៀបចំមកយ៉ាងល្អ ប៉ុន្តែការអនុវត្តទៅមិនរលូននោះទេ។ ជារឿយៗ នៅពេលដែលការងារកកស្ទះ ឬមិនទាន់តាមកាលកំណត់ យើងតែងតែបន្ទោសលើសមត្ថភាពបុគ្គលិក ឬបន្ទោសថាពេលវេលាមិនគ្រប់គ្រាន់។ ប៉ុន្តែបើសិនយើងពិនិត្យមើលឲ្យស៊ីជម្រៅទៅ ដើមហេតុពិតប្រាកដដែលអាចបំផ្លាញគម្រោងការងារ និងធ្វើឲ្យបុគ្គលិកធ្វើការទាំងស្ត្រេសនោះ គឺអាចមកដើមហេតុ ៤ យ៉ាងនេះ :
១. ការកំណត់គោលដៅមិនច្បាស់លាស់ និងការផ្លាស់ប្តូរញឹកញាប់ពេក
នៅពេលដែលមេដឹកនាំ ឬម្ចាស់គម្រោងប្រគល់ការងារដោយគ្មានសូចនាករវាស់វែង ឬ មានស្ដង់ដារច្បាស់លាស់ទេនោះ បុគ្គលិកនឹងធ្វើការតាមការស្មានហើយ។ ហើយការប្តូរទិសដៅការងារទាំងពាក់កណ្តាលទីញឹកញាប់ពេក វាធ្វើឲ្យការងារដែលបុគ្គលិកខិតខំធ្វើកន្លងមកត្រូវបោះចោល ខាតបង់ទាំងពេល និងថវិកា ព្រមទាំងធ្វើឲ្យបុគ្គលិកបាត់បង់ទឹកចិត្ត និងអស់ជំនឿលើការដឹកនាំថែមទៀតផង។
២. ការទំនាក់ទំនងក្នុងក្រុមមិនស៊ីចង្វាក់គ្នា
គម្រោងមួយដែលអាចដើរទៅមុខបាន លុះត្រាតែបុគ្គលិកផ្នែកនីមួយៗធ្វើការប្រាស័យទាក់ទងគ្នាបានល្អ និងមានភាពយោគយល់គ្នា។ ប៉ុន្តែភាពបរាជ័យភាគច្រើនគឺកើតចេញពីការធ្វើការរៀងៗខ្លួន ដោយផ្នែកទីផ្សារ ផ្នែកលក់ និងផ្នែកបច្ចេកវិទ្យា មិនបាននិយាយគ្នាអោយបានច្បាស់ ឬមិនបានចែករំលែកព័ត៌មានអោយគ្នាបានទាន់ពេលវេលា រួមផ្សំនឹងអោយពត៌មានមិនបានច្បាស់លាស់ដែលនាំឲ្យមានការយល់ច្រឡំ ធ្វើការងារជាន់គ្នា ការមិនស្តាប់គំនិតរបស់សមាជិកក្រុម និងប្រកែកគ្នាយកត្រូវរៀងខ្លួន។
៣. ការបែងចែកមនុស្ស និងធនធានមិនសមស្រប
ការដាក់មនុស្សខុសជំនាញ ឬប្រគល់ភារកិច្ចដ៏ស្មុគស្មាញទៅឲ្យបុគ្គលិកដែលខ្វះការបណ្តុះបណ្តាល វាធ្វើឲ្យការងារចេញមកខុសស្ដង់ដារ និងយឺតយ៉ាវ។ ឯការដែលទម្លាក់ការងារច្រើនហួសប្រមាណទៅឲ្យបុគ្គលិកតែម្នាក់ ឬពីរនាក់ ព្រោះតែឃើញពួកគេពូកែ វាក៏អាចធ្វើឲ្យពួកគេជួបវិបត្តិហត់នឿយផ្លូវចិត្ត និងផ្លូវកាយ ឬ ភាសាដែលពេញនិយមគឺ Burnout រហូតធ្វើឲ្យប្រសិទ្ធភាពការងារមានការធ្លាក់ចុះ។
៤. ខ្វះការតាមដាន ជួយជ្រោមជ្រែង និងការផ្តល់មតិស្ថាបនា
ទម្លាប់ដាក់ការងារហើយទុកចោល ដោយមិនពិនិត្យមើលវឌ្ឍនភាពការងារបុគ្គលិកជាប្រចាំនោះ គឺវាអាចធ្វើឲ្យបញ្ហាតូចតាចដែលកើតឡើងអាចរីកធំធាត់រហូតដល់ថ្នាក់កែប្រែប្រព័ន្ធការងារលែងបាន ហើយបរាជ័យគម្រោងទាំងស្រុងតែម្តង។ ម្យ៉ាងទៀត នៅពេលបុគ្គលិកធ្វើខុសគ្មាននរណាម្នាក់ប្រាប់តម្រង់ទិស ឬធ្វើបានល្អគ្មានការកោតសរសើរ ពួកគេប្រាកដជាធ្វើការអោយរួចតែពីដៃ និងមានអារម្មណ៍ថាត្រូវស៊ូ ឬ ខំធ្វើការតែម្នាក់ឯង។
សរុបមក ផែនការការងារដែលជោគជ័យមិនមែនស្ថិតលើឯកសារ ឬ ការងារដែលស្ថិតលើក្រដាសតែមួយមុខនោះទេ ប៉ុន្តែវាស្ថិតលើការគ្រប់គ្រងមនុស្ស ការប្រាស័យទាក់ទងគ្នា និងការតាមដានការងារយ៉ាងយកចិត្តទុកដាក់បំផុត។ បើក្រុមហ៊ុនអាចកែលម្អចំណុចទាំង ៤ ខាងលើនេះបាន នោះគម្រោងការងារប្រាកដជាអាចដើរទៅមុខដោយរលូន និងទទួលបានផលសម្រេចខ្ពស់!


