ឪពុកម្តាយត្រូវដឹង! កំហុសធំៗ 4 ដែលអាចធ្វើអោយប៉ះពាល់ដល់ផ្លូវចិត្តកូនធ្ងន់ធ្ងរដោយការប្រើអំពើហឹង្សា
Pen SodalenSEPTEMBER 3 2026207 views

គ្មានឪពុកម្តាយណាម្នាក់ដែលចង់អោយកូនមានការអប់រំមិនល្អនោះទេ  តែឪពុកម្តាយមួយចំនួននៅពេលដែលមានភាពហត់នឿយបូករួមនឹង កំហឹងនោះ ការដែលប្រើប្រាស់ពាក្យសម្តី ឬ ការវៃកូន  ពួកគេបែរជាគិតថាវាគ្រាន់តែជាការអប់រំទៅវិញ។ ដូច្នេះសកម្មភាពទាំងអស់នោះ វាបានប្រែក្លាយជាទម្លាប់ដែលឪពុកម្តាយគិតថាជារឿងធម្មតាៗសម្រាប់ការចិញ្ចឹមកូន។ ខាងក្រោមនេះជាសកម្មភាព ដែលកើតចេញពីកំហឹងរបស់ឪពុកម្តាយ ហើយអាចធ្វើអោយប៉ះពាល់ផ្លូវចិត្តកូនយ៉ាងធ្ងន់ធ្ងរ៖


១. ការវាយដំ និងប្រើហិង្សាលើរៀងកាយយ៉ាងធ្ងន់ធ្ងរ

នៅពេលដែលកំហឹងប្រែទៅជាការទះតប់ វាយដំ ឬការប្រើប្រាស់វត្ថុផ្សេងៗមកលើរាងកាយកូន អ្វីដែលកូនរៀនសូត្របាននោះគឺមិនមែនជា ការដឹងពីកំហុសដែលពួកគេបានធ្វើនោះទេ ប៉ុន្តែជា ភាពភ័យខ្លាចទៅវិញ។ ការប្រើហឹង្សាធ្វើឱ្យប្រព័ន្ធការពារក្នុងខួរក្បាលរបស់កុមារមានភាពរញ៉េរញ៉ៃ និង​ រស់នៅក្នុងភាពតានតឹងជានិច្ច ព្រោះថាផ្ទះ វាគួរតែជាកន្លែងដែលសុវត្ថិភាពបំផុត ប៉ុន្តែបែរទៅជាកន្លែងដែលគួរអោយភ័យខ្លាចសម្រាប់ពួកគេទៅវិញ។​ បើយោងតាម World Health Organization (WHO) (2022) បានគូសបញ្ជាក់ថា ការធ្វើបាបលើរាងកាយកុមារបានបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ខួរក្បាល និងបង្កើនហានិភ័យនៃជំងឺបាក់ស្បាត ព្រមទាំងជំងឺបាក់ទឹកចិត្តនៅពេលពួកគេធំឡើង។

 

២. ការស្រែកជេរប្រមាថ  

ពាក្យសម្ដីប្រៀបដូចជាផ្លែដាវអញ្ចឹង ការស្រែកគំហក ការប្រើពាក្យអាក្រក់មើលងាយ ជាពិសេសការប្រៀបធៀបកូនជាមួយអ្នកដទៃនៅចំពោះមុខគេឯង វាបានបំបាក់ស្មារតី និង ទំនុកចិត្តរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ នៅពេលឪពុកម្តាយនិយាយថាកូន ល្ងង់ ឬ គ្មានប្រយោជន៍  នោះកូននឹងចាប់ផ្តើមជឿលើពាក្យទាំងនោះ ហើយគិតថាពួកគេពិតជាដូចអ្វីដែលឪពុកម្តាយរបស់ពួកគេនិយាយមែន​ ជាក់ស្តែង American Psychological Association (APA) - Psychological Maltreatment of Children (2014) បានបង្ហាញថា ការធ្វើបាបតាមផ្លូវចិត្ត និងពាក្យសម្ដី  វាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត។​   កុមារមិនចាញ់ការធ្វើបាបលើរាងកាយឡើយ តែពួកគេចាញ់ការធ្វើបាបលើផ្លូវចិត្ត ដោយវាអាចបណ្ដាលឱ្យកើតមានជំងឺព្រួយ និងការធ្លាក់ចុះនៃសមត្ថភាពការរៀនសូត្រថែមទៀតផង។

 

៣. ការធ្វើមិនដឹងមិនឮពីសំណាក់ឪពុកម្តាយ

ឪពុកម្តាយខ្លះមិនវាយ មិនជេរទេ ប៉ុន្តែជ្រើសរើស ការមិននិយាយរក មិនខ្វល់ ដើម្បីដាក់ទោសកូ​នដើម្បីអោយពួកគេដឹងខ្លួន។ សម្រាប់កុមារ ការត្រូវគេធ្វើមិនដឹងមិនឮពីមនុស្សដែលពួកគេស្រឡាញ់បែបនេះ គឺវាឈឺចាប់បំផុត។ វាអាចបង្កើតជាអារម្មណ៍ដែលគិតថាខ្លួនត្រូវគេបោះបង់ចោល គ្មានតម្លៃ និងធ្វើឱ្យកូនរៀនលាក់បាំងអារម្មណ៍ខ្លួនឯង ព្រោះគិតថាគ្មាននរណាម្នាក់ខ្វល់ពីពួកគេឡើយ។ បើតាម UNICEF (2020) បានបង្ហាញថា ការបដិសេធផ្លូវអារម្មណ៍ពីសំណាក់អាណាព្យាបាល វាធ្វើអោយបាត់បង់ភាពស្និទ្ធស្នាល និងធ្វើឱ្យកុមារមានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង ព្រមទាំងពិបាកក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។

 

៤. ការគំរាមកំហែង និងការបំភិតបំភ័យ

ពាក្យសម្ដីដែលឪពុកម្តាយតែងតែនិយាយដូចជា "បើនិយាយមិនស្តាប់ នឹងឈប់ស្រឡាញ់ហើយ" ឬ "បើមិនចេះថែរបស់ទេ  យកទៅឱ្យគេបាត់ឥឡូវហើយ" វាអាចស្តាប់ទៅដូចជាពាក្យនិយាយលេង ឬនិយាយដោយកំហឹងមួយពេលរបស់ឪពុកម្តាយ ប៉ុន្តែចំពោះកូន វាជារឿងដែលប៉ះពាល់ដល់ផ្លូវចិត្ត។ ការរស់នៅក្នុងបរិយាកាសដែលពោរពេញដោយការភ័យខ្លាចពីការត្រូវគេបោះបង់ចោលនោះ គឺវាធ្វើឱ្យកូនក្លាយជាមនុស្សខ្វះទំនុកចិត្ត ភ័យព្រួយច្រើន និងអាចប្រែជាមានចរិតកោងកាច ​ដើម្បីការពារខ្លួនពីពិភពខាងក្រៅ។ យោងតាម Harvard University Center on the Developing Child (2018) បានបញ្ជាក់ថា ការរស់នៅក្នុងបរិយាកាសដែលគំរាមកំហែង និងបំភិតបំភ័យជាប្រចាំ វានឹងបង្កើតឱ្យមានការស្ត្រេសដែលអាចទៅបំផ្លាញកោសិកាខួរក្បាល និងប្រព័ន្ធការពាររាងកាយរបស់កុមារបានយ៉ាងធ្ងន់ធ្ងរ។

 

ដូច្នេះហើយការអប់រំកូនមិនមែនឪពុកម្តាយត្រូវតែប្រើពាក្យសម្តីខ្លាំង ឬ ប្រើដៃប្រើជើងទៅអប់រំកូននោះទេ   ប៉ុន្តែការអប់រំកូនដែលមានប្រសិទ្ធិភាពគឺកើតចេញពីការដែលធ្វើឱ្យកូនមានអារម្មណ៍ថាសុវត្ថិភាព និងត្រូវបានគេយកចិត្តទុកដាក់​។ នៅពេលដែលអ្នកមានអារម្មណ៍ថាខឹងខ្លាំង សូមឪពុកម្តាយដកខ្លួនមួយជំហាន ហើយរង់ចាំឱ្យចិត្តស្ងប់ជាមុនសិន ចាំនិយាយជាមួយកូន។ ការអប់រំកូនមិនស្រួលពិតមែន តែបើឪពុកម្តាយគ្រប់រូបព្យាយាមអប់រំដោយសន្តិវិធី យើងជឿថាកូនលោកអ្នកនឹងធំធាត់ដោយភាពត្រឹមត្រូវ និង មានភាពជាខ្លួនឯង

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia