កុំអូសរំលង! ទាំងនេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន 4 ដែលបណ្ដុះកូនឱ្យស្រឡាញ់ការសិក្សា និង មានទំនួលខុសត្រូវតាំងពីក្មេង
Pen SodalenAUGUST 25 2026256 views

 

ឪពុកម្ដាយគ្រប់រូបតែងតែប្រាថ្នាចង់ឱ្យកូនៗរបស់ខ្លួនក្លាយជាក្មេងដែលឆ្លាតវៃ មានវិន័យ និងមានទំនួលខុសត្រូវខ្ពស់ក្នុងជីវិត។ ជាក់ស្តែងនៅក្នុងប្រទេសជប៉ុន យើងតែងតែឃើញក្មេងៗមានភាពឯករាជ្យខ្លាំង ស្ដាប់បង្គាប់ និងមានភាពស្វាហាប់ក្នុងការរៀនសូត្រ។ ភាពជោគជ័យនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការអប់រំ និងការដុះខាត់យ៉ាងយកចិត្តទុកដាក់តាមក្បួនចិញ្ចឹមកូនរបស់ប្រជាជនជប៉ុន។

 

ខាងក្រោមនេះជាក្បួនចិញ្ចឹមកូនបែបជប៉ុនទាំង ៤  ដែលអ្នកអាចយកទៅអនុវត្តបាន៖

 

១. បង្រៀនឱ្យចេះធ្វើអ្វីៗដោយខ្លួនឯង

 

នៅប្រទេសជប៉ុន ការដែលបង្រៀនកុមារឱ្យចេះរៀបចំកាតាប សម្លៀកបំពាក់ និងរបស់របរផ្ទាល់ខ្លួនតាំងពីថ្នាក់មត្តេយ្យ ត្រូវបានគេហៅថាជាការបណ្ដុះស្មារតីJiritsu  ឬភាពម្ចាស់ការលើខ្លួនឯង។ ការអនុវត្តទម្លាប់តូចៗទាំងនេះហើយ  ដែលអាចជួយរៀបចំផ្លូវចិត្តកុមារឱ្យយល់ថា ការសិក្សា និងកិច្ចការផ្ទាល់ខ្លួនគឺជាភារកិច្ចរបស់ពួកគេ មិនមែនជាបន្ទុក ឬការទទួលខុសត្រូវរបស់ឪពុកម្ដាយឡើយ។ យោងតាមការសិក្សារបស់ UNICEF និងអត្ថបទស្រាវជ្រាវស្ដីពីប្រព័ន្ធអប់រំជប៉ុនលើគេហទំព័រ Japan Today បានគូសបញ្ជាក់ថា ការបណ្តុះស្មារតីឱ្យកុមារម្ចាស់ការលើរបស់របរ និងពេលវេលារបស់ខ្លួនតាំងពីវ័យក្មេង ជួយបង្កើតទំនុកចិត្តលើខ្លួនឯង កាត់បន្ថយភាពរញ៉េរញ៉ៃ និងបណ្ដុះទម្លាប់ទទួលខុសត្រូវលើការរៀនសូត្រដោយស្វ័យប្រវត្តិនៅពេលពួកគេធំឡើង។

 

២. បណ្ដុះស្មារតី Shitsuke ឱ្យមានវិន័យ និងចេះគិតគូរពីអ្នកដទៃ

 

ការអប់រំនៅក្នុងគ្រួសារ និងសាលារៀនជប៉ុន មិនផ្តោតលើតែពិន្ទុ ឬលទ្ធផលប្រឡងតែមួយមុខនោះទេ ប៉ុន្តែពួកគេផ្តល់សំខាន់លើ Shitsuke ជាការដុសខាត់អាកប្បកិរិយា និងវិន័យ  រួមជាមួយ Omoiyari ជាការចេះគិតគូរ និងយោគយល់ដល់អ្នកដទៃ។ សកម្មភាពដូចជាការឱ្យកុមារប្រមូលប្រដាប់ក្មេងលេងទុកដាក់ឱ្យមានរបៀប និងការចូលរួមសម្អាតថ្នាក់រៀន ឬផ្ទះ  មិនមែនជាការប្រើពលកម្មកុមារឡើយ ប៉ុន្តែជាមេរៀនជីវិតក្នុងការបង្រៀនឱ្យស្គាល់តម្លៃនៃកម្លាំងពលកម្ម និងអនាម័យរួម។ យោងតាមអង្គការអប់រំ Edutopia និងអត្ថបទ Japan's Cleanliness Culture​ របស់ BBC Travel បានលើកឡើងថា ការរៀនរស់នៅក្នុងសង្គមតាមរយៈការទទួលខុសត្រូវលើបរិស្ថានជុំវិញខ្លួនបែបនេះ គឺជាគ្រឹះយ៉ាងរឹងមាំក្នុងការបង្កើតពលរដ្ឋដែលមានវិន័យ ស្គាល់កាតព្វកិច្ច និងមិនធ្វើអ្វីដែលរំខានដល់អ្នកដទៃ។

 

៣. បង្កើតបរិយាកាសសិក្សាតាមរយៈការអនុវត្តផ្ទាល់

 

ជំនួសឱ្យការគាបសង្កត់ ឬបង្ខំឱ្យកូនទន្ទេញមេរៀនតាមបែបប្រពៃណី គ្រួសារ និងប្រព័ន្ធអប់រំជប៉ុនចូលចិត្តបង្កើតបរិយាកាសរៀនសូត្រតាមរយៈសកម្មភាពជាក់ស្តែង ដូចជាការអានសៀវភៅជុំគ្នា ការធ្វើពិសោធន៍វិទ្យាសាស្ត្រងាយៗនៅផ្ទះ ឬការធ្វើដំណើរកម្សាន្តសិក្សាតាមធម្មជាតិ។ សកម្មភាពទាំងនេះស្របទៅនឹងទ្រឹស្តីអប់រំ Experiential Learning Theory របស់លោក David Kolb ដែលអះអាងថា ការរៀនសូត្រដែលមានប្រសិទ្ធភាពបំផុតកើតចេញពីបទពិសោធន៍ និងការប្រឡូកផ្ទាល់តែម្តង។ យោងតាមការអប់រំរបស់ ​OECD Education Reports​ និងអត្ថបទវិភាគពី The Japan Times ការផ្លាស់ប្តូរការរៀនសូត្រមកជាការអនុវត្តផ្ទាល់ជួយបណ្តុះភាពចង់ដឹងចង់ឃើញ និងធ្វើឱ្យកុមារបង្កើតក្ដីស្រឡាញ់ចំពោះការសិក្សាដោយធម្មជាតិ ដោយមិនមានអារម្មណ៍ថាកំពុងត្រូវបានគេបង្ខំឡើយ។

 

៤. ការផ្តល់សេរីភាព និងការទុកចិត្ត

 

ឪពុកម្ដាយជប៉ុនហ៊ានផ្តល់ទំនុកចិត្ត និងសេរីភាពដល់កូនៗ តាមរយៈការបណ្តោយឱ្យពួកគេដើរទៅសាលារៀន ឬជួយទិញអីវ៉ាន់តូចតាចនៅហាងក្បែរផ្ទះដោយខ្លួនឯង តាំងពីវ័យក្មេងខ្លាំង ដែលសកម្មភាពនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈកម្មវិធីទូរទស្សន៍ល្បីឈ្មោះ Old Enough! ។ ការផ្តល់សេរីភាពបែបនេះ ធ្វើឱ្យកុមារមានមោទនភាពចំពោះសមត្ថភាពខ្លួនឯង មានភាពក្លាហាន និងរៀនសូត្រពីការដោះស្រាយបញ្ហាចំពោះមុខដោយស្មារតីម្ចាស់ការ។ ផ្អែកតាមការសិក្សាស្រាវជ្រាវក្នុងទស្សនាវដ្តី The Atlantic ("Why Japan’s Rail Stations Are Full of Children") និងគេហទំព័រវប្បធម៌ Culture Trip ការទុកចិត្តពីឪពុកម្តាយ និងការគាំទ្រពីសហគមន៍ជុំវិញ បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យកុមារជប៉ុនមានភាពឯករាជ្យ និងមានទំនួលខុសត្រូវខ្ពស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃបានទៀតផង។

 

ការបណ្តុះកូនឱ្យក្លាយជាមនុស្សមានទំនួលខុសត្រូវ និងស្រឡាញ់ការសិក្សា មិនមែនជាការបង្រៀនត្រឹមតែការនិយាយនោះទេ ប៉ុន្តែវាជាការបង្កើតទម្លាប់ប្រចាំថ្ងៃ។ ប្រសិនបើឪពុកម្ដាយចាប់ផ្ដើមអនុវត្តវិធីសាស្ត្រទាំង ៤ ខាងលើនេះជាមួយកូនៗតាំងពីក្មេង នោះអ្នកនឹងឃើញការផ្លាស់ប្ដូរដ៏វិជ្ជមានក្នុងអាកប្បកិរិយា និងស្មារតីរៀនសូត្ររបស់ពួកគេជាមិនខាន។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia