ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ដតាកែវ ខណៈខេត្ដកំពុងមានសក្ដានុពលមួយនេះ ទទួលបានគម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ថ្មី១ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ១១៧៥ ភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្ដតាកែវ។ នេះបើយោងតាមការចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា។

ប្រភពដដែលបានបញ្ជាក់គម្រោងរោងចក្រថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ហ្វតតា គ្លូប៊ល សឺបផ្លាយ ឯ.ក (FORTA GLOBAL SUPPLY CO., LTD.) មានដើមទុនសរុប ៨ លានដុល្លារ។ នៅពេលបើកដំណើរការ រោងចក្រនេះក៏នឹងអាចបង្កើតឱកាសការងារបានចំនួន១៧០ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

សូមរំលឹកផងដែរថា កាលពីខែកមរា ឆ្នាំ២០២៦ កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក។ ក្នុងនោះដែរខេត្ដតាកែវ ក៏ទទួលបានគម្រោងវិនិយោគចំនួន ៤ ផងដែរ៕



