នៅពេលដែលយើងបើកទូរស័ព្ទដៃ ហើយប្រាកដជាទស្សនាវីដេអូខ្លីៗនៅលើ TikTok ហើយ មនុស្សភាគច្រើនតែងតែគិតថា កម្មវិធីនេះគ្រាន់តែជាកន្លែងកម្សាន្តសាមញ្ញមួយសម្រាប់ទស្សនាការ រាំ ច្រៀង ឬ ពីមាតិកាប្លែកៗ តែប៉ុណ្ណោះ។ តែកម្មវិធីនេះក៏ក្លាយជាកម្មវិធីដែលមានចូលចិត្ត និង គាំទ្រពាសពេញពិភពលោក។
ភាពល្បីល្បាញរបស់ TikTok មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរៀបចំយុទ្ធសាស្ត្របច្ចេកវិទ្យាដ៏ប៉ិនប្រសប់ ការហ៊ានប្រឡូកចូលទីផ្សារអន្តរជាតិ និងការសម្រេចចិត្តដ៏វៃឆ្លាតរបស់ស្ថាបនិក លោក Zhang Yiming រួមជាមួយក្រុមការងារនៃក្រុមហ៊ុន ByteDance។ តើដំណើររឿងពិតប្រាកដនៃការបង្កើត TikTok មានរឿងអ្វីខ្លះ? ខាងក្រោមនេះជារបៀបដែល CEO ម្នាក់នេះអាចបង្កើត TikTok ឡើង។
១. ការកសាងប្រព័ន្ធ AI ដំបូងគេ
រឿងរ៉ាវទាំងអស់បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១២ នៅពេលដែលវិស្វករផ្នែកកម្មវិធីកុំព្យូទ័រម្នាក់ដែលមាន ឈ្មោះ Zhang Yiming បានបង្កើតក្រុមហ៊ុន ByteDance នៅក្នុងអាផាតមិនតូចមួយក្នុងក្រុងប៉េកាំង។ នៅសម័យនោះ បណ្តាញសង្គមយក្សដូចជា Facebook, Twitter ឬ Instagram បានគ្របដណ្តប់ទីផ្សាររួចទៅហើយ ដោយផ្តោតលើ ការបង្ហាញមាតិកាផ្អែកលើមិត្តភក្តិដែលយើងបាន Follow។ ប៉ុន្តែលោក Zhang Yiming បានមើលឃើញខុសពីគេ ដោយលោកបានកត់សម្គាល់ឃើញថា មនុស្សភាគច្រើនចង់ទស្សនាមាតិកាណាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគេ ជាជាងការមើលតែអ្វីដែលមិត្តភក្តិចែករំលែកតាមបណ្តាញសង្គម។ ដើម្បីសម្រេចគំនិតនេះ លោកបានបង្កើតកម្មវិធីព័ត៌មានមួយឈ្មោះថា Toutiao ដោយប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និង Algorithm ដំបូងគេ ដើម្បីសិក្សាពីទម្លាប់អានរបស់មនុស្សម្នាក់ៗ។ ប្រព័ន្ធ Algorithm ដ៏ឆ្លាតវៃនេះហើយ ដែលបានក្លាយជាមន្តស្នេហ៍ដែលអាចទាក់ទាញអ្នកមើលនៅលើ TikTok នាពេលបច្ចុប្បន្ន។

២. ការលេចរូបរាងនៃ Douyin
នៅពេលដែលប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន 4G និងទូរស័ព្ទស្មាតហ្វូនចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័ស លោក Zhang Yiming បានមើលឃើញយ៉ាងច្បាស់ថា វីដេអូខ្លីៗនឹងក្លាយជាទម្រង់មាតិកាសំខាន់បំផុតនាពេលអនាគត។ នៅក្នុងឆ្នាំ ២០១៦ ក្រុមការងាររបស់ ByteDance បានចំណាយពេលត្រឹមតែក ២០០ ថ្ងៃប៉ុណ្ណោះ ក្នុងការបង្កើតកម្មវិធីវីដេអូខ្លីមួយឈ្មោះថា Douyin សម្រាប់ទីផ្សារប្រទេសចិន ដោយផ្តើមចេញពីការបង្កើតបទពិសោធន៍ថ្មីស្រឡាងនៃការទស្សនា។ កម្មវិធីនេះបានលុបបំបាត់របៀបមើលវីដេអូបែបចាស់ៗ ដែលអនុញ្ញាតឱ្យអ្នកមើលផ្លាស់ប្តូរវីដេអូបានយ៉ាងងាយស្រួលដោយគ្រាន់តែអូសឡើងលើ។ បូករួមទាំងការបង្កើតមាតិកាសាមញ្ញៗដែលមាន Effect និងតន្ត្រីស្រាប់ៗ ធ្វើឱ្យអ្នកទស្សនាអាចក្លាយជាអ្នកបង្កើតវីដេអូបានងាយៗ វាជម្រុញឱ្យ Douyin ទទួលបានការពេញនិយម និង ផ្ទុះក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។

៣. ការបោះជំហានចូលទីផ្សារអន្តរជាតិក្រោមឈ្មោះ TikTok
ដោយលោកមានចក្ខុវិស័យចង់កសាងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក លោក Zhang Yiming មិនបានពេញចិត្តត្រឹមតែជោគជ័យក្នុងប្រទេសចិននោះទេ។ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុន ByteDance បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធី TikTok ជាផ្លូវការសម្រាប់ទីផ្សារអន្តរជាតិ។ ដើម្បីគោរពតាមច្បាប់ សុវត្ថិភាពទិន្នន័យ និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ ហើយក្រុមហ៊ុនបានធ្វើការសម្រេចចិត្តយ៉ាងម៉ត់ចត់ដោយបំបែក TikTok និង Douyin ឱ្យនៅដាច់ដោយឡែកពីគ្នាទាំងស្រុងតែម្ត ដោយ Douyin សម្រាប់ទីផ្សារចិន ហើយ TikTok សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

៤. ការទិញយក Musical.ly
ទោះបីជា TikTok ចាប់ផ្តើមដើរទៅមុខក៏ដោយ ការវាយលុកទីផ្សារលោកខាងលិចដូចជាអាមេរិក និងអឺរ៉ុប មិនមែនជារឿងងាយស្រួលនោះទេ។ នៅចុងឆ្នាំ ២០១៧ ក្រុមហ៊ុន ByteDance បានធ្វើការសម្រេចចិត្តដ៏ប្រថុយប្រថាន ប៉ុន្តែជាយុទ្ធសាស្ត្រមាស គឺការចំណាយប្រាក់ ១ ប៊ីលានដុល្លារអាមេរិក ដើម្បីទិញយកកម្មវិធី Musical.ly ដែលជាកម្មវិធីច្រៀងតាមចង្វាក់ភ្លេង (Lip-syncing) ដ៏ល្បីល្បាញក្នុងចំណោមយុវវ័យអាមេរិក។ នៅក្នុងខែសីហា ឆ្នាំ ២០១៨ ByteDance បានធ្វើការបញ្ចូលគណនី និងទិន្នន័យទាំងអស់ពី Musical.ly ទៅក្នុង TikTok។ ការសម្រេចចិត្តនេះ បានធ្វើឱ្យ TikTok ទទួលបានអ្នកប្រើប្រាស់សកម្មរាប់សិបលាននាក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុបភ្លាមៗក្នុងមួយយប់ ហើយបានរុញច្រានឱ្យ TikTok ក្លាយជាកម្មវិធីដែលមាន Download ច្រើនជាងគេបំផុតនៅលើ App Store និង Google Play Store។

៥. ការផ្លាស់ប្តូររចនាសម្ព័ន្ធ
នៅពេលដែល TikTok រីកចម្រើនរហូតមានអ្នកប្រើប្រាស់លើសពី ១ ប៊ីលាននាក់ កម្មវិធីនេះបានចាប់ផ្តើមប្រឈមមុខនឹងព្យុះភ្លៀងនយោបាយ និងសម្ពាធផ្នែកច្បាប់ពីប្រទេសធំៗ ជាពិសេសសហរដ្ឋអាមេរិក។ ដើម្បីដោះស្រាយវិបត្តិអន្តរជាតិ និងបង្កើតទំនុកចិត្តលើឆាកអន្តរជាតិ លោក Zhang Yiming បានរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មី ដោយនៅក្នុងឆ្នាំ ២០២១ លោកបានតែងតាំងលោក Shou Zi Chew ដែលជាអតីតអ្នកវិនិយោគ និងជាពាណិជ្ជករជនជាតិសឹង្ហបុរី ឱ្យឡើងកាន់តំណែងជានាយកប្រតិបត្តិ CEO នៃ TikTok។ លោក Shou Zi Chew បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ការតស៊ូមតិនៅចំពោះមុខសភាអាមេរិក និងការបង្កើតគម្រោង Project Texas ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់ ខណៈដែលលោក Zhang Yiming ដកឃ្លាទៅផ្តោតលើការស្រាវជ្រាវបច្ចេកវិទ្យារយៈពេលវែង។
ការបង្កើត TikTok គឺជាមេរៀនអាជីវកម្មដ៏មានតម្លៃបំផុតមួយសម្រាប់សម័យកាលឌីជីថល។ វាបានបង្ហាញឱ្យយើងឃើញថា ភាពជោគជ័យមិនមែនកើតចេញពីការធ្វើតាមគេនោះទេ ប៉ុន្តែកើតចេញពីការមើលឃើញឱកាសមុនគេ និងការប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យចំគោលដៅ និង ការហ៊ានបោះទុន ព្រមទាំងការធ្វើការសម្រេចចិត្តយុទ្ធសាស្ត្រធំៗ នេះហើយជាមូលហេតុដែល TikTok បានក្លាយជា App ដែលមានដែលគាំទ្ររាប់លាននាក់ជុំវិញពិភពលោក។
- Harvard Business School (HBS) Case Study
- Bloomberg Technology
- BBC News (Tech & Business)
- Wall Street Journal (WSJ Tech)


