កុំមើលរំលង! សកម្មភាពអវិជ្ជមានទាំង ៥ របស់ឪពុកម្តាយដែលអាចផ្តល់ផលប៉ះពាល់ដល់ចរិយាសម្បទារបស់កូន
Pen SodalenAUGUST 18 2026124 views

នៅក្នុងការអប់រំកូននាសម័យបច្ចុប្បន្ននេះ ឪពុកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សដែលមានចរិយាសម្បទាល្អ មានការគោរពកោតសរសើរពីមនុស្សជុំវិញខ្លួន និងមានអនាគតដ៏ល្អ។ ប៉ុន្តែជារឿយៗ ការដែលទូន្មានប្រដៅដោយប្រើពាក្យសម្តីខ្លាំងៗ ការកំណត់ច្បាប់ទម្លាប់តឹងរ៉ឹង និង ការរំពឹងទុកខ្ពស់លើកូនៗពេក ហើយភ្លេចសម្លឹងមើលទៅអាកប្បកិរិយារបស់ខ្លួនឯងដែលជាកញ្ចក់ឆ្លុះបញ្ចាំងដល់កូនៗនោះ វាជាបញ្ហាដែលរសើប និងគួរកែប្រែ ព្រោះថាកុមារប្រៀបដូចជាក្រដាសសស្អាត និងជាអ្នកដែលអាចស្រូបទាញគ្រប់យ៉ាងបានលឿន។ ពួកគេមិនមែនរៀនសូត្រ ឬមានការផ្លាស់ប្តូរតាមរយៈពាក្យប្រដៅរបស់យើងនោះទេ ប៉ុន្តែពួកគេយកតម្រាប់តាមរាល់ទម្លាប់ សកម្មភាព និងការឆ្លើយតបដែលយើងស្តែងចេញមកជារៀងរាល់ថ្ងៃទៅវិញទេ។

 

ប្រសិនបើអ្នកចង់បណ្តុះចរិតលក្ខណៈកូនឱ្យមានភាពចាស់ទុំ មានទំនួលខុសត្រូវ និងមានសុខភាពផ្លូវចិត្តរឹងមាំនោះ  ចូរអ្នកពិនិត្យមើលខ្លួនឯង ហើយប្រញាប់កែប្រែសកម្មភាពអវិជ្ជមានទាំង ៥ ខាងក្រោមនេះ ដែលអ្នកកំពុងធ្វើដោយមិនដឹងខ្លួន៖



1. ការប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកហួសហេតុពេកនៅជិតកូន

ការរវល់តែសម្លឹងមើលទូរស័ព្ទគ្រប់ពេលដែលកូនព្យាយាមចូលមកជិត ហើយចង់និយាយលេងជាមួយអ្នក  ឬចែករំលែករឿងរ៉ាវនៅសាលារបស់ពួកគេ  តែអ្នកបែរជាមិនខ្វល់ ហើយឆ្លើយតបទៅកូនដោយមិនមើលមុខ ឬ​​ ឆ្លើយទាំងពាក្យសម្តីមិនសមរម្យ  នោះអ្នកកំពុងតែចែលរំលែកផលអវិជ្ជមានទៅកាន់កូនថា ឧបករណ៍អេឡិចត្រូនិកទាំងនោះមានតម្លៃ និងសំខាន់ជាងវត្តមានរបស់ពួកគេ។ អាកប្បកិរិយានេះមិនត្រឹមតែបំផ្លាញទំនាក់ទំនងផ្លូវចិត្តរវាងឪពុកម្តាយនិងកូនប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងបណ្តុះទម្លាប់អោយពួកគេមិនខ្វល់ពីចិត្តអ្នកដទៃ និងធ្វើឱ្យក្មេងយកតម្រាប់តាមដោយការញៀនហ្គេម ឬទូរស័ព្ទកាន់តែធ្ងន់ធ្ងរមិនខាន។

 

 

2. ការប្រកែកគ្នា ឬប្រើពាក្យសម្តីហិង្សានៅចំពោះមុខកូន

ការឈ្លោះប្រកែកគ្នា ការស្រែកគំហក និង ជជែកគ្នាដោយអារម្មណ៍ក្តៅក្រហាយ ព្រមទាំងការប្រើប្រាស់ពាក្យពេចន៍មើលងាយគ្នារវាងឪពុកម្តាយនៅចំពោះមុខកូន គឺវាអាចផ្តល់ប៉ះពាល់ដល់ផ្លូវចិត្តពួកគេយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀតបើបរិយាកាសគ្រួសារដែលពោរពេញដោយភាពតានតឹង នឹងធ្វើឱ្យក្មេងរស់នៅក្នុងការភ័យខ្លាច មានអារម្មណ៍ថាគ្មានសុវត្ថិភាព និងបាត់បង់ការផ្តោតអារម្មណ៍។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ កុមារនឹងបង្កើតទម្លាប់ប្រើអពើហិង្សា  ដោយការស្រែកគំហក និងការខឹងសម្បារ  ព្រោះពួកគេគិតថាវាជាវិធីតែមួយគត់ក្នុងការដោះស្រាយជម្លោះ ឬ បញ្ហាដែលធ្វើឱ្យពួកគេធំធាត់ឡើងប្រែជាមនុស្សឆាប់ខឹង និងពិបាកចុះសម្រុងជាមួយមិត្តភក្តិ និង​មនុស្សជុំវិញខ្លួន។

 

3. ការយកកូនទៅប្រៀបធៀបជាមួយកូនអ្នកដទៃ

ឪពុកម្តាយជាច្រើនតែងតែប្រើប្រាស់ការប្រៀបធៀប  ហើយគិតថាវាជាការជំរុញទឹកចិត្ត ដោយការនិយាយលើកឡើងពីចំណុចខ្លាំងរបស់កូនអ្នកជិតខាង ឬបងប្អូនបង្កើត អាចជួយអោយកូនខិតខំប្រឹងប្រែងបន្ថែម ប៉ុន្តែសម្រាប់ផ្លូវចិត្តរបស់កុមារ ការប្រៀបធៀបគឺប្រៀបដូចជាកាំបិតយ៉ាងមុតស្រួចដែលអាចចាក់បំផ្លាញទំនុកចិត្តលើខ្លួនឯង ព្រមទាំងធ្វើឱ្យពួកគេមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សគ្មានប្រយោជន៍ និងមិនដែលល្អគ្រប់គ្រាន់ក្នុងកែវភ្នែកឪពុកម្តាយឡើយ។ ទម្លាប់នេះវាអាចបណ្តុះឱ្យក្មេងកើតមានចិត្តច្រណែន ខ្វះក្តីសុខក្នុងជីវិត និងបង្កើតគម្លាតផ្លូវចិត្តកាន់តែឆ្ងាយរវាងកូននិងឪពុកម្តាយថែមទៀតផង។

 

4. ការនិយាយដើម ឬបង្ហាញការមិនគោរពអ្នកដទៃឱ្យកូនឃើញ

ការនិយាយអាក្រក់ពីអ្នកដទៃ ការរិះគន់ក្នុងន័យបំផ្លាញ ឬការនិយាយដើមមិត្តភក្តិ អ្នកជិតខាង និងគ្រូបង្រៀននៅចំពោះមុខកូន វានឹងបណ្តុះទម្លាប់អវិជ្ជមានចូលទៅក្នុងផ្នត់គំនិតរបស់ពួកគេដោយមិនដឹងខ្លួន។ ក្មេងដែលឮឪពុកម្តាយរិះគន់អ្នកដទៃគ្រប់ពេលនោះ ពួកគេនឹងរៀនធ្វើជាមនុស្សដែលមើលឃើញតែចំណុចអាក្រក់ ខ្វះការយោគយល់ និងមិនចេះផ្តល់តម្លៃ និង គោរពអ្នកជុំវិញខ្លួនរបស់ពួកគេ។ យូរៗទៅ ពួកគេនឹងក្លាយជាមនុស្សដែលពិបាកបង្កើតទំនាក់ទំនងល្អក្នុងសង្គមជាមិនខាន។

 

5. ការមិនចេះទទួលស្គាល់កំហុស និងមិនព្រមសុំទោសកូន

ចំពោះអាណាព្យាបាលមួយចំនួនដែលគិតថា ការសុំទោសកូននៅពេលខ្លួនធ្វើខុស នឹងធ្វើឱ្យបាត់បង់ឥទ្ធិពលក្នុងការអប់រំកូន។ ផ្ទុយទៅវិញ ការប្រកាន់យកអំណាចជាធំ និងការរឹងរូសមិនព្រមទទួលស្គាល់កំហុស គឺជាការបង្រៀនកូនឱ្យក្លាយជាមនុស្សអាត្មានិយម ចេះតែបង្កើតលេសដោះសារ និងចេះតែទម្លាក់កំហុសឱ្យអ្នកដទៃនៅពេលពួកគេធ្វើអ្វីមួយខុសឆ្គង។

 

ដូច្នេះហើយដើម្បីអោយចរិយាសម្បទារបស់កូនបានល្អប្រសើរ មិនមែនទាមទារឱ្យឪពុកម្តាយធ្វើជាមនុស្សល្អឥតខ្ចោះនោះទេ ប៉ុន្តែវាគឺជាការរៀនសូត្រ ភ្ញាក់រលឹក និងកែប្រែទម្លាប់ខ្លួនឯងជារៀងរាល់ថ្ងៃក្នុងការអប់រំកូន។ នៅពេលអ្នកអាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនឱ្យប្រកបដោយក្តីស្រឡាញ់ ការគោរព និងភាពចាស់ទុំបានហើយ នោះអ្នកក៏ដូចជាកំពុងអប់រំចរិយាសម្បទារបស់កូនៗអ្នកដែរ។ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia