ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាក្រុមហ៊ុនស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) បានវិនិយោគទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិក លើការបង្កើតរោងចក្រកែច្នៃផលិតផលដំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ដំបូងគេ និង មានតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពអាចផលិតលើសពី ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ដែលអាចជំនួសផលិតផលនាំចូល និងថែមទាំងបាននាំចេញទៅដល់សហរដ្ឋអាមេរិកថែមទៀត។
អ្វីដែលជាមោទនភាពបំផុត សម្រាប់ប្រជាជនខ្មែរ គឺរោងចក្រកែច្នៃផលិតផលដំរ៉ូឡូដែកនេះ មានខ្សែច្រវ៉ាក់ផលិតកម្មដែលធានាគុណភាពស្ថិរភាពយូរអង្វែង ស្របតាមស្តង់ដារ ISO 9001:2015 និងការ ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពលក្ខណៈស្តង់ដាអន្តរជាតិធំៗចំនួនបីគឺ ស្តង់ដាជប៉ុន (JIS) ស្តង់ដាអូស្រ្តាលី (AS) និងស្តង់ដារសហរដ្ឋអាម៉េរិក (ASTM) ដែលធ្វើឱ្យ ISI STEEL ក្លាយជាម៉ាកយីហោលេខ១ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងកម្មវិធី “បង្ហាញការវិវឌ្ឍថ្មីនៃផលិតផល ដែកទីប ស អាយ អេស អាយ និងពិធីជប់លៀងដៃគូអាជីវកម្ម” កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានលើកឡើងថា “អស់រយៈពេលជិត ៣០ ឆ្នាំមកនេះ ISI STEEL មានកិត្តិយសយ៉ាងខ្លាំង ដែលបានរីកចម្រើន រួមគ្នាជាមួយលោក លោកស្រីទាំងអស់គ្នា” ។

លោកបានបន្តថា អតិថិជនជាច្រើននៅទីនេះ បានគាំទ្រ ISI STEEL មិនមែនត្រឹមតែ ១ ឆ្នាំ ឬ ៥ ឆ្នាំទេ ប៉ុន្តែគឺ រាប់ សិបឆ្នាំចាប់តាំងពីការកកើតរបស់ក្រុមហ៊ុន ISI STEEL ។ ហើយអតិថិជនខ្លះទៀតក៏បានបន្ត ភាពជាដៃគូនេះទៅកាន់កូនចៅរបស់ខ្លួន។ លោកបានរំលឹកដែរថា ISI STEEL មិនបានចាប់ផ្តើមពីភាពធំធេង នោះទេ។ នៅឆ្នាំ ១៩៩៧ យើងបានចាប់ផ្តើមជាអាជីវកម្មគ្រួសារតូចមួយ ក្នុងការផលិត ស័ង្កសីពណ៍។ នៅឆ្នាំ ២០០០ យើងបានឈានមួយជំហានទៀត ដោយចាប់ផ្តើមផលិត ដែកទីប ស ដំបូងគេនៅកម្ពុជា ។

នៅពេលនោះ យើងមានធនធានតិចតួចស្តួចស្តើង និងក្រុមការងារតូច ប៉ុន្តែយើងមានជំនឿចិត្តដ៏មុតមាំមួយ គឺយើងបានផ្តោតទៅលើគុណភាព និងភាពស្មោះត្រង់ ក្នុងការប្រកបជំនួញរបស់យើង។ មួយជំហានម្តងៗ ដោយការអត់ធ្មត់ វិន័យ និងការគាំទ្រពីសំណាក់ អតិថិជន ជា ពិសេស លោក លោកស្រី ដែលមានវត្តមាននៅទីនេះ ISI STEEL បានបន្តរីកចម្រើនមកដល់ សព្វថ្ងៃនេះ។

លោកអគ្គនាយករូបនេះ បានសង្កត់ធ្ងន់ថា “សព្វថ្ងៃនេះ ISI STEEL មានមោទនភាព ក្នុងការក្លាយជាក្រុមហ៊ុន និងជាម៉ាកឈានមុខគេ ក្នុងវិស័យកែឆ្នៃដែក ជាពិសេស ដែកទីប ស ស័ង្កសីពណ៌ និង សម្ភារៈសំណង់ នៅកម្ពុជា” ។ បច្ចុប្បន្នក្រុមហ៊ុន ISI STEEL មានផលិតផលដែក និងសម្ភារៈសំណង់ សរុបជាង ៣០០ មុខ ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មសំណង់កម្ពុជា ចាប់ពីផ្ទះ រោងច្រក សាលារៀន មន្ទីរេពទ្យ រហូតដល់ហេដ្ឋារចនាសម្ព័ន្ធជាតិ មានដូចជា កំពង់ផែ និង ព្រលានយន្តហោះអន្តជាតិ។

ក្រុមហ៊ុន ISI GROUP យើងក៏បានពង្រីកអាជីវកម្មទៅវិស័យពាក់ពន្ធ័ដូចជា៖ វិស័យវិស្វកម្ម និងសំណង់ វិស័យអភិវឌ្ឍអចលនទ្រព្យ វិស័យអភិវឌ្ឍឧទ្យានឧស្សាហកម្ម និងវិស័យអាហារ និងភេសជ្ជៈ តាមរយៈ Brown Coffee ប៉ុន្តែមិនថាយើងពង្រីកអាជីវកម្មបន្ថែមលើវិស័យណាក៏ដោយ យើងនឹងមិនបំភ្លេចពី មូលដ្ឋានគ្រឹះ ដែករីកចម្រើនឡើងពី អាជីវកម្មដែក និង ការទុកចិត្តរបស់អតិថិជន។
លោក កាំង ឡេង ក៏បានគូសបញ្ជាក់ដែរថា តាមរយៈការវិនិយោគបង្កើតរោងចក្រដំបូងគេ និងមានតែមួយគត់ នៅកម្ពុជា របស់ក្រុមហ៊ុននាពេលកន្លងមកនេះ បានធ្វើឱ្យ ISI STEEL អាចផលិតវត្ថុធាតុដើមដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ដែលមានស្រទាប់ក្រូម៉េសារធាតុស័ង្កសីក្រាស់ជាងមុន ៥០% ស្រទាប់ការពារពិសេសកាត់បន្ថយផ្កាអំបិល និងច្រែះ ដែលជាបច្ចេកទេស បង្កើតឡើងផ្ទាល់ខ្លួនរបស់ ISI STEEL ។ ចំណុចខ្លាំងទាំងនេះហើយ ដែលធ្វើឱ្យ ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) ក្លាយជាម៉ាកដ៏ទុកចិត្តរបស់កម្ពុជា ជិត៣០ឆ្នាំ និងបាននាំចេញដោយជោគជ័យទៅកាន់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត នៅអាស៊ីអាគ្នេយ៍ ផងដែរ ៕






