ក្រោយការប្រឡងមធ្យមសិក្សាទុតិយភូមិត្រូវបានបញ្ចប់ទៅដោយរលូន សិស្សានុសិស្សជាច្រើនហាក់មានភាពរីករាយនៅក្នុងចិត្តជាបណ្តើរៗដោយទន្ទឹងចាំរាប់ថយក្រោយចាំអ៊ុតលទ្ធផលដែលជាការខិតខំប្រឹងប្រែងអស់រយៈពេល១២ឆ្នាំ។ ក្នុងនោះក៏មានសិស្សានុសិស្សមួយចំនួនក៏មានក្តីរំពឹងថាខ្លួនអាចនឹងទទួលបានលទ្ធផលល្អជាទីគាប់ចិត្តនឹងកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការបោះជំហានចូលជីវិតយុវវ័យពេញលេញបន្តសិក្សានៅសាកលវិទ្យាល័យនិងប្រឡូកក្នុងវិស័យការងារ ។
ហេតុដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia នឹងបង្ហាញនូវវេបសាយស្វែងរកការងារចំនួន ៤ ដែលជាកន្លែងដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សដែលទើបតែនឹងប្រឡងចប់ហើយចង់ស្វែងរកការងារធ្វើបណ្តើរៗ ដែលវេបសាយទាំងនោះរួមមាន ៖
១.វេបសាយ CamHR
CamHR គឺជាវេបសាយ ដែលប្រមូលផ្ដុំទៅដោយការងារជាច្រើនមុខដំណែង និងសឹងតែគ្រប់វិស័យ។ អ្វីដែលពិសេសនោះ ក្នុងវេបសាយនេះក៏មានមុខងារ ប្រមូលផ្ដុំការងារសម្រាប់អ្នកគ្មានបទពិសោធន៍សោះផងដែរ។ ដើម្បីរកមើលការងារដែលមិនទាមទារបទពិសោធសូមចូលទៅកាន់ វេបសាយ CamHR រួចចុចលើមុខងារ Jobs និងកំណត់ត្រង់ប្រអប់ “បទពិសោធន៍ការងារ” ហើយជ្រើសរើសយកពាក្យថា “គ្មានបទពិសោធ” នោះបងប្អូនអាចអូសមើលប្រភេទការងារជាច្រើន ជាមួយនឹងប្រាក់ខែសមរម្យផងដែរ។
២.វេបសាយ Workingna.com
ជាវេបសាយរបស់ខ្មែរ ដែលប្រមូលផ្ដុំទៅដោយការងារជាច្រើនម៉ឺនកន្លែង។ អ្វីដែលពិសេសនេះ នៅលើ Workingna ក៏មានមុខងារ “ការងារមិនត្រូវការបទពិសោធន៍” សម្រាប់អ្នកដែលមិនធ្លាប់បម្រើការងារពីមុនមក ក៏អាចចូលទៅដាក់ CV ធ្វើការបានដែរ។ សម្រាប់មុខងារនេះដែរ ប្អូនៗគ្រាន់តែចូលទៅកាន់វេបសាយ រួចបញ្ចូលពាក្យស្វែងរកប្រភេទការងារ ប្រាក់ខែ និងទីតាំងជាដើម នោះវានឹងលោតចេញនូវប្រភេទការងារ មិនត្រូវការបទពិសោធន៍ដល់ប្អូនៗជាច្រើន។
៣.វេបសាយ ទីភ្នាក់ងារជាតិនិងមុខរបរ
វេបសាយ ទីភ្នាក់ងារជាតិនិងមុខរបរគឺជាវេសាយដែលបង្កើតឡើងដោយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សិស្ស និស្សិត ស្វែងរកឱកាសការងារដែលត្រូវនឹងជំនាញរបស់ខ្លួនក៏ដូចជាឱកាសការងារនៅក្នុងក្រុមហ៊ុនដែលជាក្តីស្រមៃរបស់បងប្អូនទាំងអស់គ្នា។ ដោយក្នុងនោះក្រៅពីវេសាយ ក្រសួងក៏មានបង្កើតជា App ឈ្មោះថា “NEA JOB SEARCH” ផងដែរ។
៤.វេបសាយ CamboJob
នៅក្នុងវេបសាយនេះ ក៏មានការងារសម្រាប់អ្នកពុំមានបទពិសោធន៍ ឬពុំសូវមានបទពិសោធន៍ ច្រើនកន្លែងដែរ ពោលគឺមានតាំងពីផ្នែកអាយធី ផ្នែកលក់ និងផ្នែកផ្សេងៗជាច្រើនទៀត។ ប្អូនដែលមានបំណង ចង់រកការងារធ្វើ ដោយមិនទាមទារបទពិសោធន៍ កុំរំលងវេបសាយ CamboJob ៕