តើម្ចាស់អាជីវកម្មនឹងប្រឈមបញ្ហាអ្វីខ្លះ បើរៀបចំបញ្ជីគណនេយ្យនិងការប្រកាសពន្ធមិនបានត្រឹមត្រូវ?
Toeuy HongJULY 31 202612 views

បញ្ហាគណនេយ្យនិងពន្ធដារគឺជាបញ្ហាដ៏សំខាន់ដែលម្ចាស់អាជីវកម្មមិនថាតូចឬធំនោះត្រូវតែយកចិត្តទុកដាក់ព្រោះបើមិនដូច្នេះទេ អ្នកនឹងជួបបញ្ហាបញ្ជីស្នាមគណនេយ្យនិងពន្ធដារដែលបង្កការរាំងស្ទះដល់ការរកស៊ីជាពិសេសកាលណាអ្នកមិនបានយកចិត្តទុកដាក់លុយបញ្ហាគណនេយ្យនិងពន្ធដារទេនោះ អ្នកនឹងត្រូវរងពិន័យពីពន្ធដាអស់លុយរាប់ពាន់ រាប់ម៉ឹនដុល្លារ។

 

ទាក់ទងនឹងបញ្ហាបញ្ជីស្នាមគណនេយ្យនិងពន្ធដារនេះដែរ Business Cambodia បានធ្វើបទសម្ភាសន៍ជាមួយលោកស្រី រ៉ាត់ រីដា ដែលជាអ្នកប្រឹក្សាលើបញ្ជីស្នាមគណនេយ្យនិងពន្ធដារនិងជាអ្នកចែករំលែកមាតិពីគណនេយ្យនិងពន្ធដារ ដោយលោកស្រីឆ្លើយនឹងសំណួរធំៗចំនួន៥ទាក់ទងនឹងគណនេយ្យនិងពន្ធដារដូចខាងក្រោមនេះ៖

 

. ហេតុអ្វីរកស៊ីដំបូងៗម្ចាស់អាជីវកម្មតែគិតលើបញ្ជីស្នាមគណនេយ្យតាំងពីដំបូង? បើមិនធ្វើរឿងនេះតែពួកគាត់ប្រឈមបញ្ហាអ្វីខ្លះ?

នៅពេលមនុស្សម្នាក់សម្រេចចិត្តចាប់ផ្តើមអាជីវកម្ម ក្តីស្រមៃធំបំផុតរបស់ពួកគេគឺការរកប្រាក់ចំណេញ ការពង្រីកទីផ្សារ និងការកសាងម៉ាកយីហោឱ្យក្លាយជាក្រុមហ៊ុនជោគជ័យ។ ដោយសារតែការផ្តោតលើការលក់ និងការរកអតិថិជន ម្ចាស់អាជីវកម្មជាច្រើនបានមើលរំលងការរៀបចំប្រព័ន្ធគណនេយ្យតាំងពីថ្ងៃដំបូង។ ហើយជាញឹកញាប់ យើងនឹងឮម្ចាស់អាជីវកម្មភាគច្រើននិយាយថា៖ “ចាំក្រុមហ៊ុនធំសិន ចាំរៀបចំគ្រប់គ្រងបញ្ជីគណនេយ្យ” ឬ “ឥឡូវខំលក់ឱ្យបានច្រើន រកលុយមកសិនចាំគិតរឿងរៀបចំទុកដាក់” ឬ “អាជីវកម្មទើបចាប់ផ្តើម មិនទាន់ចាំបាច់មាន Accountant ទេ” ប្រយោគទាំងនេះ​ជាប្រយោគដែលឮជាញឹកញាប់។ ការគិតបែបនេះអាចជារឿងធម្មតា ប៉ុន្តែវាក៏ជាមូលហេតុដែលធ្វើឱ្យអាជីវកម្មជាច្រើនជួបបញ្ហាហិរញ្ញវត្ថុ បញ្ហាពន្ធដារ និងបាត់បង់ឱកាសរីកចម្រើន។ ការរៀបចំបញ្ជីគណនេយ្យមិនមែនជាកាតព្វកិច្ចសម្រាប់តែការប្រកាសពន្ធប៉ុណ្ណោះទេ ប៉ុន្តែជាប្រព័ន្ធគ្រប់គ្រងដែលជួយឱ្យម្ចាស់អាជីវកម្មដឹងថា អាជីវកម្មរបស់ខ្លួនកំពុងដំណើរការយ៉ាងដូចម្តេច? បើគ្មានគណនេយ្យ ម្ចាស់អាជីវកម្មនឹងមិនអាចឆ្លើយសំណួរសំខាន់ៗបានទេ ដូចជា៖

·      តើខែនេះចំណេញប៉ុន្មាន?

·      តើចំណាយអ្វីខ្លះដែលខ្ពស់ជាងគេ?

·       តើអតិថិជនណាមិនទាន់សងប្រាក់?

·      តើសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ខែក្រោយដែរឬទេ?

·      តើអាជីវកម្មកំពុងរីកចម្រើន ឬកំពុងធ្លាក់ចុះ?

ចម្លើយទាំងនេះមិនអាចទាយបានឡើយ វាត្រូវការទិន្នន័យដែលបានកត់ត្រាយ៉ាងត្រឹមត្រូវ។

បញ្ហាដែលកើតឡើងនៅពេលមិនរៀបចំគណនេយ្យ៖

1.     មិនដឹងថាកំពុងចំណេញ ឬខាត

2.    លាយលំប្របូកច្របល់ លុយផ្ទាល់ខ្លួនជាមួយនឹងលុយក្រុមហ៊ុន

3.    បាត់បង់ឯកសារសំខាន់

4.    ប្រឈមហានិភ័យពន្ធដារ

5.    ពិបាកទទួលបានឥណទាន និងវិនិយោគ

សូមកុំរង់ចាំឱ្យអាជីវកម្មមានបញ្ហា ទើបចាប់ផ្តើមរៀបចំគ្រប់គ្រងគណនេយ្យ។ សូមរចាប់ផ្តើមពីថ្ងៃដំបូង ព្រោះប្រព័ន្ធដែលបានរៀបចំល្អនៅថ្ងៃនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់អាជីវកម្មនៅថ្ងៃស្អែក។

. សម្រាប់អាជីវកម្មដែលទើបតែចាប់ផ្តើម (Startups) តើកត្តាអ្វីខ្លះដែលពួកគេត្រូវពិចារណាមុននឹងសម្រេចចិត្តចុះបញ្ជីពន្ធដារជាផ្លូវការ?

"តើខ្ញុំគួរចុះបញ្ជីពន្ធដារភ្លាម ឬរង់ចាំឱ្យអាជីវកម្មមានចំណូលសិន?" សំណួរនេះជាសំណួរដែលខ្ញុំទទួលបានជាញឹកញាប់ នៅកំឡុងពេលដែលខ្ញុំបម្រើការងារភ្នាកង់ារសេវាកម្មពន្ធដារ។ មនុស្សមួយចំនួនគិតថា ការចុះបញ្ជីពន្ធដារគ្រាន់តែជានីតិវិធីផ្លូវច្បាប់ប៉ុណ្ណោះ ប៉ុន្តែការចុះបញ្ជីពន្ធដារគឺជាការចាប់ផ្តើមនៃកាតព្វកិច្ចជាច្រើន ដែលម្ចាស់អាជីវកម្មត្រូវរៀបចំខ្លួនឱ្យបានរួចជាស្រេច។ ដូច្នេះ មុននឹងសម្រេចចិត្តចុះបញ្ជីពន្ធដារជាផ្លូវការ ម្ចាស់អាជីវកម្មគួរពិចារណាលើកត្តាសំខាន់ៗដូចខាងក្រោម៖

1.     មានផែនការអាជីវកម្ម (Business Plan) ច្បាស់លាស់ ៖ តើលក់ផលិតផល ឬផ្តល់សេវាអ្វី? តើចំណូលរំពឹងទុកប៉ុន្មាន? តើចំណាយប្រចាំខែមានអ្វីខ្លះ? តើត្រូវការបុគ្គលិកប៉ុន្មាននាក់? បើគ្មានផែនការច្បាស់លាស់ ការគ្រប់គ្រងគណនេយ្យ និងកាតព្វកិច្ចសារពើពន្ធដារនឹងពិបាក ព្រោះក្រោយចុះបញ្ជីក្រុមហ៊ុនមានកាតព្វកិច្ចតម្រូវដោយច្បាប់ ពិសេសការបង់ពន្ធ ដែលម្ចាស់ក្រុមហ៊ុនត្រូវយល់ខ្លះៗពីចំណូលជាប់ពន្ធ និងចំណាយជាប់ពន្ធ ទើបការគ្រប់គ្រងហានិភ័យពន្ធ និងរៀបចំប្រព័ន្ធគ្រប់គ្រងគណនេយ្យបានល្អ។

 

2.    ជ្រើសរើសទម្រង់អាជីវកម្ម ឬទ្រង់ទ្រាយសហគ្រាសឱ្យសមស្រប ៖ ម្ចាស់អាជីវកម្មគួរពិចារណាថា តើអាជីវកម្មគួរដំណើរការជា សហគ្រាសឯកបុគ្គល ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត សាខាក្រុមហ៊ុនបរទេស ការិយាល័យតំណាង ឬសហគ្រាសទ្រង់ទាយដទៃទៀត។ ទម្រង់អាជីវកម្មនីមួយៗ មានកាតព្វកិច្ចផ្នែកគណនេយ្យ ពន្ធដារ និងការទទួលខុសត្រូវផ្លូវច្បាប់ខុសៗគ្នា ដូច្នេះ គួរពិគ្រោះជាមួយអ្នកជំនាញ មុនពេលសម្រេចចិត្ត។

3.    រៀបចំប្រព័ន្ធគណនេយ្យតាំងពីថ្ងៃដំបូង ៖ នេះជាចំណុចដែលម្ចាស់អាជីវកម្មជាច្រើនមើលរំលង ការចុះបញ្ជីពន្ធដារមានន័យថា អ្នកត្រូវកត់ត្រាប្រតិបត្តិការអាជីវកម្មឱ្យបានត្រឹមត្រូវ និងអាចបង្ហាញភស្តុតាងនៅពេលចាំបាច់។ អាជីវកម្មគួរតែមាន៖ ប្រព័ន្ធកត់ត្រាគណនេយ្យ (Accounting Software ឬសៀវភៅគណនេយ្យ) នីតិវិធីរក្សាឯកសារ ការបែងចែកភារកិច្ចរវាងអ្នកទទួលប្រាក់ អ្នកអនុម័ត និងអ្នកកត់ត្រាគណនេយ្យ។ ប្រព័ន្ធល្អនៅថ្ងៃដំបូង នឹងកាត់បន្ថយបញ្ហានៅថ្ងៃក្រោយ។

4.    បំបែកហិរញ្ញវត្ថុផ្ទាល់ខ្លួន (លុយផ្ទាល់ខ្លួន) និងហិរញ្ញវត្ថុក្រុមហ៊ុន (លុយក្រុមហ៊ុន) ៖ Startup ជាច្រើនប្រើគណនីធនាគារផ្ទាល់ខ្លួនសម្រាប់ទទួល និងបង់ប្រាក់អាជីវកម្ម។ ការធ្វើបែបនេះអាចធ្វើឱ្យ៖ ពិបាកតាមដានចំណូល និងចំណាយ កំណត់ប្រាក់ចំណេញមិនបានត្រឹមត្រូវ បង្កការលំបាកពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប៉ះពាល់ដល់ការផ្ទៀងផ្ទាត់ប្រតិបត្តិការពេលមានសវនកម្មពន្ធដារ ឬអាចបង្ករអោយក្លាយជាហានិភ័យពន្ធដោយមិនដឹងខ្លួនព្រោះគិតថា លុយផ្ទាល់ខ្លួន និងលុយក្រុមហ៊ុនគឺជាលុយតែមួយ ព្រោះក្រុមហ៊ុនរបស់ខ្លួន ដោយពុំបានដឹង ឬយកចិត្តទុកដាក់ពីទម្រង់អាជីវកម្ម ឬទ្រង់ទ្រាយសហគ្រាស។ ដូច្នេះ គួរបើកគណនីធនាគារសម្រាប់ក្រុមហ៊ុន និងប្រើប្រាស់ដាច់ដោយឡែកពីគណនីផ្ទាល់ខ្លួន។

5.    ស្វែងយល់ពីកាតព្វកិច្ចពន្ធដារ ៖ ការចុះបញ្ជីពន្ធដារ មិនមែនមានន័យថាបង់ពន្ធតែមួយមុខទេ ម្ចាស់អាជីវកម្មគួរស្គាល់ កាលបរិច្ឆេទប្រកាសពន្ធ ប្រភេទពន្ធដែលអាជីវកម្មត្រូវអនុវត្ត ការរៀបចំឯកសារគាំទ្រ វិធីរក្សាទុកកំណត់ត្រាគណនេយ្យ។ ការយល់ដឹងជាមុន នឹងជួយកាត់បន្ថយកំហុស និងការផាកពិន័យ។

 

មុននឹងចុះបញ្ជីពន្ធដារជាផ្លូវការ ម្ចាស់អាជីវកម្មគួរត្រៀមខ្លួនទាំងផ្នែកផែនការអាជីវកម្ម ប្រព័ន្ធគណនេយ្យ ការគ្រប់គ្រងសាច់ប្រាក់ ការរក្សាឯកសារ និងការយល់ដឹងអំពីកាតព្វកិច្ចពន្ធដារ។ ការរៀបចំល្អមុនចាប់ផ្តើម គឺមានតម្លៃជាងការកែបញ្ហាបន្ទាប់ពីវាបានកើតឡើង Startup ដែលកសាងគ្រឹះបានរឹងមាំ តែងមានឱកាសរីកចម្រើនប្រកបដោយស្ថិរភាព និងអាចប្រឈមមុខនឹងការផ្លាស់ប្តូរនាពេលអនាគតបានកាន់តែប្រសើរ។

. ហើយតើត្រូវរៀបចំខ្លួនបែបណាដើម្បីចៀសវាងការផាកពិន័យផ្សេងៗពី ពន្ធដារក្នុងអំឡុងពេលទើបបង្កើតដំបូង?

ការចាប់ផ្តើមអាជីវកម្មថ្មី គឺជាដំណាក់កាលដែលម្ចាស់អាជីវកម្មជាច្រើន ត្រូវផ្តោតលើការអភិវឌ្ឍផលិតផល ការស្វែងរកអតិថិជន និងការបង្កើនការលក់ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននោះ ក៏មានកាតព្វកិច្ចផ្នែកគណនេយ្យ និងពន្ធដារដែលមិនគួរមើលរំលង។ ជាក់ស្តែង ការផាកពិន័យពន្ធដារជាច្រើន មិនមែនកើតឡើងដោយសារម្ចាស់អាជីវកម្មមានចេតនាគេចពន្ធនោះទេ ប៉ុន្តែកើតឡើងដោយសារកង្វះចំណេះដឹង ការមិនបានរៀបចំប្រព័ន្ធត្រឹមត្រូវ ឬការមិនអនុវត្តតាមនីតិវិធីដែលច្បាប់បានកំណត់។ កំឡុងពេលដែលខ្ញុំផ្តល់សេវាកម្មសវនកពន្ធដារជូនដល់ម្ចាស់អាជីវកម្ម ខ្ញុំបានលឺពាក្យមួយស្ទើរតែគ្រប់ម្ចាស់អាជីវកម្មទាំងអស់និយាយក្រោយពេលមានបញ្ហាហើយ ពាក្យនោះគឺ “បើខ្ញុំដឹងតាំងពីដំបូង ខ្ញុំនឹងរៀបចំឯកសារ និងប្រព័ន្ធឱ្យបានល្អជាងនេះ មិនអោយជាប់ពិន័យច្រើនចឹងទេ មកពីខ្ញុំមិនដឹង”។ ដូច្នេះ ការរៀបចំខ្លួនឱ្យបានត្រឹមត្រូវតាំងពីថ្ងៃដំបូង គឺជាវិធីល្អបំផុតក្នុងការកាត់បន្ថយហានិភ័យ និងចៀសវាងការផាកពិន័យផ្សេងៗ។

1.     ស្វែងយល់ពីកាតព្វកិច្ចពន្ធដាររបស់អាជីវកម្ម ៖ តើអាជីវកម្មរបស់ខ្លួនត្រូវប្រកាសពន្ធអ្វីខ្លះ? តើថ្ងៃផុតកំណត់នៃការប្រកាស និងបង់ពន្ធនៅពេលណា? តើឯកសារអ្វីខ្លះត្រូវរក្សាទុក? ការមិនយល់ដឹងពីកាតព្វកិច្ច មិនអាចជាមូលហេតុសម្រាប់លើកលែងការទទួលខុសត្រូវបានទេ។

រៀបចំប្រព័ន្ធគណនេយ្យតាំងពីថ្ងៃដំបូង៖ គណនេយ្យមិនមែនធ្វើដើម្បីបំពេញទម្រង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែជាប្រព័ន្ធសម្រាប់គ្រប់គ្រងអាជីវកម្ម។ ការកត់ត្រាបានទាន់ពេល នឹងជួយឱ្យការប្រកាសពន្ធមានភាពត្រឹមត្រូវ និងកាត់បន្ថយការកែតម្រូវនៅពេលក្រោយ។

2.    រក្សាឯកសារគាំទ្រឱ្យបានគ្រប់គ្រាន់៖ ការរក្សាឯកសារជាប្រព័ន្ធគ្រប់គ្រងល្អមួយ វានឹងជួយឱ្យការឆ្លើយតបទៅនឹងការត្រួតពិនិត្យទាំងផ្ទៃក្នុង និងពីអាជ្ញាធរពាក់ព័ន្ធ មានភាពងាយស្រួល និងរហ័ស។

3.    បំបែកប្រាក់ផ្ទាល់ខ្លួន និងប្រាក់ក្រុមហ៊ុន៖ កំហុសដែលជួបញឹកញាប់បំផុតនៅក្នុង Startup គឺការប្រើគណនីធនាគារផ្ទាល់ខ្លួនសម្រាប់អាជីវកម្ម។

4.    ប្រកាស និងបង់ពន្ធឱ្យទាន់ពេល៖ ការប្រកាសយឺត ឬបង់ពន្ធយឺត គឺជាមូលហេតុដែលអាចនាំឱ្យមានការផាកពិន័យ និងការប្រាក់។ ម្ចាស់អាជីវកម្មគួរ កំណត់អ្នកទទួលខុសត្រូវ ពិនិត្យការប្រកាសមុនពេលប្រកាសនិងបង់ប្រាក់ពន្ធ កុំរង់ចាំដល់ថ្ងៃចុងក្រោយ។​ វិន័យក្នុងការប្រកាស និងបង់ពន្ធ ជួយកាត់បន្ថយហានិភ័យបានយ៉ាងច្រើន។

5.    បង្កើតនីតិវិធីត្រួតពិនិត្យផ្ទៃក្នុង (Internal Control)Internal Control មិនមែនសម្រាប់ក្រុមហ៊ុនធំប៉ុណ្ណោះទេ ប៉ុន្តែសំខាន់សម្រាប់អាជីវកម្មគ្រប់ទំហំ វាជួយការពារកំហុស និងការក្លែងបន្លំ។

6.    ធ្វើ Tax Health Check៖ អាជីវកម្មគួរធ្វើការពិនិត្យដោយខ្លួនឯងជាប្រចាំ ដូចជា ផ្ទៀងផ្ទាត់ទិន្នន័យគណនេយ្យ ពិនិត្យការប្រកាសពន្ធ ពិនិត្យឯកសារគាំទ្រ កែតម្រូវកំហុសមុនវាក្លាយជាបញ្ហាធំ។ ការពិនិត្យជាប្រចាំ គឺដូចជាការពិនិត្យសុខភាព ដែលជួយរកឃើញបញ្ហាតាំងពីដំណាក់កាលដំបូង។

អាជីវកម្មដែលរៀបចំគណនេយ្យបានល្អ រក្សាឯកសារបានគ្រប់គ្រាន់ ប្រកាសពន្ធបានទាន់ពេល និងពិនិត្យប្រព័ន្ធជាប្រចាំ នឹងមានហានិភ័យទាបជាងអាជីវកម្មដែលធ្វើការងារទាំងនេះតែនៅពេលមានការត្រួតពិនិត្យ។

“ការការពារល្អបំផុតពីការផាកពិន័យ គឺការរៀបចំខ្លួនឱ្យបានត្រឹមត្រូវតាំងពីថ្ងៃដំបូង”

 

. តើម្ចាស់អាជីវកម្មនឹងប្រឈមបញ្ហាអ្វីខ្លះ បើរៀបចំបញ្ជីគណនេយ្យនិងការប្រកាសពន្ធមិនបានត្រឹមត្រូវ?

បញ្ជីការគណនេយ្យដែលត្រឹមត្រូវ មិនមែនគ្រាន់តែជួយឱ្យ អ្នកប្រកាសពន្ធបានត្រឹមត្រូវប៉ុណ្ណោះទេប៉ុន្តែជួយឱ្យអ្នកដឹកនាំអាជីវកម្ម ដោយទិន្នន័យដែលអាចជឿទុកចិត្តបាន កំហុសក្នុងគណនេយ្យថ្ងៃនេះ អាចក្លាយជាហានិភ័យដ៏ធំសម្រាប់អាជីវកម្មនៅថ្ងៃស្អែក។ នៅពេលបញ្ជីគណនេយ្យមិនត្រឹមត្រូវ ទិន្នន័យហិរញ្ញវត្ថុដែលម្ចាស់អាជីវកម្មប្រើសម្រាប់សម្រេចចិត្តក៏នឹងមិនត្រឹមត្រូវ ការប្រកាសពន្ធក៏អាចខុសដែរ ហើយនៅពេលការប្រកាសពន្ធមិនត្រឹមត្រូវ អាជីវកម្មក៏អាចប្រឈមនឹងការកែតម្រូវការប្រកាសពន្ធ ការបង់ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យរដ្ឋបាលផ្សេងៗ។

1.     ព័ត៌មានហិរញ្ញវត្ថុមិនត្រឹមត្រូវ នាំឱ្យសម្រេចចិត្តខុស៖ គណនេយ្យ គឺជាប្រភពព័ត៌មានសម្រាប់ម្ចាស់អាជីវកម្ម ប្រសិនបើទិន្នន័យមិនត្រឹមត្រូវ ការសម្រេចចិត្តក៏នឹងខុសដែរ ដូចជា បើកសាខាថ្មីដោយសារជឿលើទិន្នន័យខុស ទិញស្តុកច្រើនពេក ឬតិចពេក គិតថាអាជីវកម្មកំពុងចំណេញ ខណៈការពិតកំពុងខាត។ គណនេយ្យដែលមិនត្រឹមត្រូវ អាចនាំឱ្យមានការសម្រេចចិត្តខុស ដែលប៉ះពាល់ដល់ការរីកចម្រើនរបស់អាជីវកម្ម។

2.    បង់ពន្ធលើស ឬបង់ពន្ធមិនគ្រប់៖ បង់ពន្ធលើស ដែលប៉ះពាល់ដល់សាច់ប្រាក់របស់អាជីវកម្ម បើបង់ពន្ធមិនគ្រប់ ដែលអាចនាំឱ្យមានការកែតម្រូវពន្ធ ការប្រាក់ និងការផាកពិន័យផ្សេងៗ និយាយរួមទាំងពីរករណីសុទ្ធតែធ្វើឱ្យអាជីវកម្មខាតបង់ ព្រោះបញ្ហាទាំងនេះអាចប៉ះពាល់ដល់លំហូរសាច់ប្រាក់ និងផែនការអាជីវកម្ម។

3.    ពិបាកទទួលបានឥណទាន និងទាក់ទាញវិនិយោគិន៖ ធនាគារ និងវិនិយោគិន មិនមើលតែចំណូលនោះទេ ពួកគេចង់ឃើញរបាយការណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន។

4.    បាត់បង់ទំនុកចិត្តពីដៃគូអាជីវកម្ម៖ អាជីវកម្មដែលមានប្រព័ន្ធគណនេយ្យល្អ តែងបង្ហាញពីការគ្រប់គ្រងល្អ ផ្ទុយទៅវិញ ការមិនអាចបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ឬការប្រកាសពន្ធបានត្រឹមត្រូវ អាចធ្វើឱ្យ អ្នកផ្គត់ផ្គង់ខ្វះទំនុកចិត្ត អតិថិជនស្ទាក់ស្ទើរក្នុងការសហការ វិនិយោគិនមិនចង់វិនិយោគ។ ទំនុកចិត្ត គឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតសម្រាប់អាជីវកម្ម។

5.    លំហូរសាច់ប្រាក់មានបញ្ហា៖ ការកត់ត្រាគណនេយ្យមិនត្រឹមត្រូវ អាចធ្វើឱ្យម្ចាស់អាជីវកម្មមិនដឹងថា អតិថិជនណាមិនទាន់សងប្រាក់ បំណុលណាជិតដល់ថ្ងៃបង់ តើសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ខែក្រោយឬទេ? អាជីវកម្មមិនបិទទ្វារដោយសារខាតទេ ប៉ុន្តែដោយសារគ្មានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។

6.    ខាតបង់ពេលវេលា និងថវិកាក្នុងការកែតម្រូវ៖ ការកែបញ្ជីគណនេយ្យក្រោយពេលមានកំហុស តែងចំណាយថវិកា និងពេលវេលាច្រើនជាងការរៀបចំឱ្យបានត្រឹមត្រូវតាំងពីដំបូង។ អាជីវកម្មអាចត្រូវ កែតម្រូវបញ្ជីគណនេយ្យ កែប្រែការប្រកាសពន្ធ ស្វែងរកឯកសារចាស់ ជួលអ្នកជំនាញដើម្បីជួយដោះស្រាយបញ្ហា ការចំណាយទាំងនេះ អាចជៀសវាងបាន ប្រសិនបើមានប្រព័ន្ធល្អតាំងពីថ្ងៃដំបូង។ 

ម្ចាស់អាជីវកម្មដែលជោគជ័យ មិនមែនជាអ្នកដែលចេះរកប្រាក់ចំណេញតែប៉ុណ្ណោះទេ...ប៉ុន្តែជាអ្នកដែលចេះគ្រប់គ្រងប្រាក់ចំណេញ ដោយមានប្រព័ន្ធ មានឯកសារ និងអនុលោមតាមច្បាប់ ព្រោះនៅក្នុងពិភពអាជីវកម្ម Profit បង្កើតការរីកចម្រើនប៉ុន្តែ Compliance ការពារការរីកចម្រើននោះឱ្យស្ថិតស្ថេរ។

 

. តើម្ចាស់អាជីវកម្ម ត្រូវធ្វើអ្វីខ្លះឲ្យផ្នែកពន្ធដាមានសុខភាពល្អ ចៀសវាងខាងពន្ធដារទៅពិនិត្តឃើញកំហុសហើយពួកគាត់រងពិន័យអស់ច្រើន?

ម្ចាស់អាជីវកម្មជាច្រើនមានការព្រួយបារម្ភនៅពេលឮពាក្យថា "សវនកម្មពន្ធដារ" ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់អាជីវកម្មដែលមានការរៀបចំល្អនោះទេ។ បញ្ហានេះកើតឡើងនៅពេលអាជីវកម្ម មិនមានប្រព័ន្ធគណនេយ្យច្បាស់លាស់ ខ្វះឯកសារគាំទ្រ ប្រកាសពន្ធមិនត្រឹមត្រូវ មិនបានពិនិត្យកំហុសជាមុន ។ល។ ដូច្នេះ វិធីល្អបំផុតក្នុងការកាត់បន្ថយហានិភ័យ គឺមិនមែនរង់ចាំឱ្យពន្ធដាររកឃើញបញ្ហាទេ ប៉ុន្តែត្រូវរកឃើញ និងកែតម្រូវដោយខ្លួនឯងជាមុន។

1.     បង្កើតវប្បធម៌ "Tax Compliance" នៅក្នុងអាជីវកម្ម៖​ ការអនុវត្តពន្ធដារមិនមែនជាការងាររបស់ Accountant តែម្នាក់ឯងទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ។ វប្បធម៌នៃការគោរពច្បាប់ នឹងជួយការពារអាជីវកម្មពីហានិភ័យនៅថ្ងៃក្រោយ។

 

2.    រៀបចំបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ និងទាន់ពេល៖ បញ្ជីគណនេយ្យ គឺជាមូលដ្ឋានសំខាន់បំផុតសម្រាប់ការគ្រប់គ្រងពន្ធដារ ការកត់ត្រាយឺត ឬកត់ត្រាមិនពេញលេញ អាចធ្វើឱ្យមានកំហុសនៅពេលប្រកាសពន្ធ។

3.    រក្សាទុកឯកសារគាំទ្រឱ្យបានល្អ៖ ឯកសារគឺជាភស្តុតាងដែលបញ្ជាក់ថា ប្រតិបត្តិការអាជីវកម្មមានភាពត្រឹមត្រូវ សូមកុំចាប់ផ្តើមរក្សាទុកឯកសារតែនៅពេលមានបញ្ហា ប៉ុន្តែត្រូវរក្សាទុកតាំងពីពេលប្រតិបត្តិការកើតឡើង។

4.    ផ្ទៀងផ្ទាត់បញ្ជីគណនេយ្យ និងទិន្នន័យពន្ធជាប្រចាំ៖ កំហុសតូចៗអាចក្លាយជាបញ្ហាធំ ប្រសិនបើមិនត្រូវបានរកឃើញទាន់ពេល ការត្រួតពិនិត្យប្រចាំខែ គឺល្អជាងការរង់ចាំកែបញ្ហាក្រោយសវនកម្ម។

5.    ធ្វើ Tax Health Check ជាប្រចាំ ៖ Tax Health Check គឺជាការពិនិត្យសុខភាពផ្នែកពន្ធដាររបស់អាជីវកម្ម មុនពេលមានការត្រួតពិនិត្យពីអគ្គនាយដ្ឋានពន្ធដារ។ ចំណុចដែលគួរពិនិត្យ៖ ការចុះបញ្ជី និងព័ត៌មានអាជីវកម្ម ការប្រកាសពន្ធ ការកត់ត្រាគណនេយ្យ ការគ្រប់គ្រងចំណាយ បំបែកការចំណាយផ្ទាល់ខ្លួន និងការចំណាយក្រុមហ៊ុន បង្កើត Internal Control ដើម្បីការពារកំហុស ។

6.    ត្រៀមខ្លួនសម្រាប់សវនកម្មជានិច្ច៖ អាជីវកម្មដែលមានសុខភាពល្អ មិនខ្លាចការត្រួតពិនិត្យទេ ព្រោះពួកគេមានឯកសារគ្រប់គ្រាន់ រួមមាន រៀបចំ File ឯកសារតាមប្រភេទ មានបញ្ជីឯកសារងាយស្វែងរក អាចពន្យល់ប្រតិបត្តិការសំខាន់ៗបាន មានអ្នកទទួលខុសត្រូវឆ្លើយតបច្បាស់លាស់។

ការធ្វើឱ្យផ្នែកពន្ធដាររបស់អាជីវកម្មមានសុខភាពល្អ មិនមែនជាការរង់ចាំឱ្យពន្ធដារមកពិនិត្យ ហើយទើបដោះស្រាយនោះទេ អាជីវកម្មដែលជោគជ័យ គឺអាជីវកម្មដែលគ្រប់គ្រងហានិភ័យមុនពេលបញ្ហាកើតឡើង៕

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia