ក្រុមហ៊ុនផលិតទឹកដោះគោម៉ាឡេស៊ី Farm Fresh Berhad (Farm Fresh Malaysia) និងក្រុមហ៊ុន Alpha Group បានសហការជាមួយក្រុមហ៊ុន សូណាវីទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បង្កើតគម្រោងវិនិយោគកសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្រោមឈ្មោះ "FARM FRESH PURSAT" ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំរហូតដល់១ពាន់ហិកតា ជាមួយនឹងទុនវិនិយោគសរុបចំនួន ៦៨ លានដុល្លារអាមេរិក។
គម្រោងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក Loi Tuan Ee នាយកក្រុមហ៊ុន Farm Fresh Berhad Malaysia លោកស្រី សុខ ចាន់សូណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SONAVITH Co., Ltd. ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាល និងក្រុមហ៊ុនទាំងបីផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា តាមរយៈការវិនិយោគដ៏ធំនេះ ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា ដែលនឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងជាប្រវត្តិសាស្ត្រថ្មីរបស់ខេត្ត ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។

លោកស្រី សុខ ចាន់សូណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SONAVITH Co., Ltd. បានថ្លែងបញ្ជាក់ថា ភាពជោគជ័យក្នុងការទាក់ទាញទុនវិនិយោគនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងលើកទឹកចិត្ត និងការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានបើកផ្លូវយ៉ាងទូលំទូលាយ ដល់វិស័យឯកជន។

លោក Loi Tuan Ee នាយកក្រុមហ៊ុន Farm Fresh Berhad Malaysia បានបង្ហាញក្តីរំភើប និងមោទនភាព ដោយលើកឡើងថា ក្នុងនាមជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ការបោះទុនវិនិយោគនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នាពេលនេះ មិនត្រឹមតែពង្រីកសក្តានុពលអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់ឈ្មោះរបស់ខេត្តពោធិ៍សាត់ និងកម្ពុជា ឱ្យលេចត្រដែតនៅលើឆាកតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកផងដែរ។

គម្រោង FARM FRESH PURSAT ត្រូវបានរំពឹងទុកយ៉ាងមុតមាំថា នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារជំនាញកម្រិតខ្ពស់ និងលើកកម្ពស់វិស័យកសិឧស្សាហកម្មរបស់ប្រទេសកម្ពុជាឱ្យ ឈានដល់កម្រិតស្តង់ដារថ្មីមួយទៀត៕



