ក្រុមហ៊ុនផលិតទឹកដោះគោដ៏ល្បីល្បាញលំដាប់ពិភពលោករបស់ប្រទេសម៉ាឡេស៊ី Farm Fresh Group នឹងបោះទុនសាងសង់រោងចក្រផលិតទឹកដោះគោនៅក្នុងខេត្ដពោធិ៍សាត់។ ខណៈគម្រោងរោងចក្រផលិតទឹកដោះគោនេះ នឹងចូលរួមជួយបំពេញតម្រូវការទីផ្សារទឹកដោះគោក្នុងស្រុកបានកាន់តែធំទូលាយបន្ថែមទៀត។

បើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដពោធិ៍សាត់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ដូច្នេះថា៖ «ដំណឹងល្អ! ទឹកដោះគោលំដាប់ថ្នាក់អន្តរជាតិ Farm Fresh របស់ប្រទេសម៉ាឡេស៊ី នឹងមានវត្តមាន ផលិតក្នុងស្រុកវាលវែង!»

គួររំលឹកផងដែរថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ កន្លងទៅក្រុមហ៊ុន Farm Fresh Group ដឹកនាំដោយលោក Loi Tuan Ee ដែលជាសហស្ថាបនិក នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិនៃក្រុមហ៊ុននេះ បានចុះអនុស្សរណៈលើការយោគយល់គ្នាជាមួយក្រុមហ៊ុន Alpha Group របស់កម្ពុជា តំណាងដោយ អ្នកឧកញ៉ា លី ឃុនថៃ ដើម្បីបើករោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅខ្មែរ។
សូមជម្រាបថា ក្រុមហ៊ុន Farm Fresh Group ជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេស៊ី ដែលមានកសិដ្ឋាន ចិញ្ចឹម គោយកទឹកដោះ ដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាលឯណោះ៕



