បច្ចុប្បន្នកំណើននៃការប្រើបប្រាស់យានយន្ដនៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់។ ក្នុងនោះក្រុមហ៊ុនធំៗជាច្រើនក៏ចាប់ផ្ដើមបង្កើតរោងចក្រដំឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីចាប់យកទីផ្សាររៀងៗខ្លួន។ ជាក់ស្ដែងថ្មីៗ មានឧកញ៉ាចំនួន ២ រូប បានប្រកាសពីការបណ្ដាក់ទុនវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ដ និងម៉ូតូ នៅក្នុងខេត្ដកណ្ដាលផងដែរ។
១. លោកឧកញ៉ា ស្រី ចាន់ថន
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសពីគម្រោងបង្កើតរោងចក្រដំឡើងម៉ូតូ ម៉ាក AVATAR X-CAMBODIA ដែលជាប្រេនខ្មែរ បច្ចេកវិទ្យាស្តង់ដារអន្តរជាតិ នៅក្នុងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចពិសេស 9NG មានទីតាំងស្ថិតនៅខេត្ដកណ្ដាល។

តាមការបញ្ជាក់ពីលោកឧកញ៉ាបានឲ្យដឹងថា៖ នៅពីក្រោយ AVATAR X-CAMBODIA មានចក្ខុវិស័យមួយរបស់កូនខ្មែរ…ថែមទាំងផ្តល់ឱកាសដល់កូនខ្មែរ ដែលផលិតគ្រឿងបន្លាស់ក្នុងស្រុកផ្គត់ផ្គងមករោងចក្ររបស់ខ្ញុំ ។ ក្នុងនាមខ្ញុំបាទជាកូនខ្មែរ ខ្ញុំចង់នាំយកបច្ចេកវិទ្យាយានយន្ត ក្រុមជំនាញ និងស្តង់ដារអន្តរជាតិ មកកាន់ទឹកដីកម្ពុជា ដើម្បីបង្កើតជំហានថ្មីមួយ សម្រាប់វិស័យឧស្សាហកម្ម និងយានយន្តខ្មែរ ។ កាន់តែពិសេសទៀតនោះ AVATAR X នឹងផ្ដល់ឱកាសដល់ស្នាដៃកូនខ្មែរដែលអាចផលិតគ្រឿងបន្លាស់ផ្គត់ផ្គងដល់រោងចក្រផងដែរ។
២. អ្នកឧកញ៉ា ជាម ឃុនណាន
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន KNN Group របស់អ្នកឧកញ៉ា ជាម ឃុនណាន បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដ Jetour មានទីតាំងស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គម្រោងរោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។

ចំណុចពិសេសរបស់រោងចក្រនេះ គឺការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ (AGV) នៅគ្រប់ដំណាក់កាលផលិត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់។ ក្រៅពីខ្សែសង្វាក់ផលិតកម្មដ៏ទំនើប KNN Group ក៏បានវិនិយោគលើផ្លូវសាកល្បងរថយន្ត (Test Track) ប្រវែង ១,៣៣៥ ម៉ែត្រ ដែលជាផ្លូវសាកល្បងវែងតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើតេស្តគុណភាពរថយន្តគ្រប់គ្រឿងមុនពេលបញ្ជូនទៅដល់ដៃអតិថិជន។
សម្រាប់ព័ត៌មានបន្ថែមអំពីរោងចក្រដំឡើង ឬចង់ទិញរថយន្ដ Jetour សូមទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 017 713 713៕




