នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្តតាកែវ ខណៈខេត្តមួយនេះទទួលបានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសម្រាប់ពិធិបុណ្យ (បុណ្យណូអែល និងបុណ្យ HALLOWEEN) និងវត្ថុអនុស្សាវរីយ៍ តម្លៃវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។ រោងចក្រថ្មីនេះដែរ គឺមានទីតាំងស្ថិតនៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
យោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា នៅពេលរោងចក្រផលិតសម្ភារៈតុបតែងសម្រាប់ពិធិបុណ្យ (បុណ្យណូអែល និងបុណ្យ HALLOWEEN) និងវត្ថុអនុស្សាវរីយ៍លេចរូបរាងឡើងជាផ្លូវការនិងអាចបង្កើតឱកាសការងារបានចំនួន ៣៧០កន្លែង។

សូមរំលឹកថា យោងតាមសេចក្តីប្រកាសរបស់ CDC ចុះផ្សាយនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះបានឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.1.ខ.) មានចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារសរុបប្រមាណ ២៤ពាន់កន្លែងផងដែរ៕



