កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកំណត់ទីតាំងតភ្ជាប់ រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់ប្រទេសកម្ពុជា និងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ក្នុងគោលបំណងពិនិត្យពិភាក្សាផ្តល់បច្ចុប្បន្នភាពដល់សមាជិកគណៈកម្មការអន្តរក្រសួង លើចំណុចតភ្ជាប់ ក៏ដូចជាការពិភាក្សាដើម្បីត្រៀមសម្រាប់កិច្ចប្រជុំជាមួយភាគីវៀតណាម នាពេលខាងមុខ។

គម្រោងផ្លូវថ្មីនេះមានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងតភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿនរបស់វៀមណាម។ ដោយក្នុងនោះគម្រោងផ្លូវល្បឿនលឿនេះនឹងសាងសង់ឆ្លងកាត់ខេត្ដកណ្ដាលប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧១គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មមស្ពាន និងថ្នល់ចិន (CRBC) ក្រោមទុនប្រមាណ ១.៣៥ ពាន់លានដុល្លារ។ នៅពេលផ្លូវល្បឿនលឿនទី២ដាក់ឲ្យដំណើរការ ការធ្វើដំណើរទៅមករវាងរាជធានីភ្នំពេញនិងក្រុងបាវិត នឹងចំណាយពេលត្រឹមតែជាង ១ ម៉ោងប៉ុណ្ណោះ។

យ៉ាងណាទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាលក៏បានសម្រេច សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះផងដែរ ដែលមានប្រវែង ១ ៦០០ ម៉ែត្រ៕


