គិតត្រឹមថ្ងៃនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានហក់ឡើងដល់២៨៦១ដុល្លារក្នុងមួយអោន(ស្មើនឹង៣៤៤៦ដុល្លារក្នុងមួយតម្លឹង ហើយអ្នកជំនាញបានព្យាករថាមាសអាចនឹងហក់ឡើងដល់៤ពាន់ដុល្លារក្នុងមួយអោន( ស្មើនឹង៤៨១៩ដុល្លារក្នុងមួយតម្លឹង)។
បើយោងតាមការចុះផ្សាយរបស់ Kitco ដែលជាវេបសាយវិភាគលើហាងឆេងមាស លោក Adrian Day ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Adrian Day Asset Management បានឲ្យដឹងថាការឡើងថ្លៃនៃមាសមកជិត៣ពាន់ដុល្លារក្នុងអោនគឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។
លោកបានបន្តទៀតថាលោកនឹងមិនភ្ញាក់ផ្អើលនោះទេដែលមាសនឹងឡើងដល់៣៥០០ទៅ៤០០០ដុល្លារក្នុងមួយអោននៅក្នុងរយៈពេល១២ខែបន្ទាប់ទៀត។
លោកបានលើកឡើងនូវកត្តាធំមួយដែលនឹងអាចរុញតម្លៃមាសឲ្យហក់ឡើងខ្ពស់បែបនេះ ហើយកត្តានោះគឺធនាគារកណ្ដាលនៃប្រទេសជាច្រើនទូទាំងពិភពលោកបានប្រមូលទិញមាសស្តុកទុក។
លោកបានបញ្ជាក់ផងដែរថាបើយោងតាមក្រុមប្រឹក្សាមាសពិភពលោកដែលហៅកាត់ថាWGC កាលពីឆ្នាំ២០២៤បានបង្ហាញថាសកលលោកមានតម្រូវការមាសជិត៥ពាន់តោននៅក្នុងឆ្នាំ២០២៤ ហើយជាឆ្នាំទី៣ហើយដែលធនាគារកណ្ដាលនៃប្រទេសជាច្រើនបានប្រមូលទិញមាសជាង១ពាន់តោន។
ក្នុងនោះលោកបានបញ្ជាក់ផងដែរថា ធនាគារកណ្ដាលនៃប្រទេសធំៗដែលប្រមូលទិញមាសស្ដុកមានដូចជាប្រទេសចិន ប្រទេសតួគី ប្រទេសប៉ូឡូញខណៈប្រទេសទាំងនេះធ្វើពិពិធកម្មដោយមិនចង់ពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកនិងព្រួយបារម្ភពីហានិភ័យនៃភាពតានតឹងភូមិសាស្រ្តនយោបាយ។ ដូច្នេះការប្រមូលទិញមាសស្តុកទុកពីធនាគារកណ្ដាលនឹងរុញតម្លៃមាសឲ្យហក់ឡើងខ្ពស់នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរ អ្វីដែលលោក Adrian Day លើកឡើងខាងលើគឺគ្រាន់តែជាការព្យាកររបស់គាត់ប៉ុណ្ណោះ។ ដូច្នេះមុននឹងបងប្អូនសម្រេចិត្តវិនិយោគលើមាសត្រូវសិក្សាស្វែងយល់បន្ថែមដើម្បីចៀសវាដាក់លុយវិនិយោគទៅខកបំណង៕