បទពិសោធន៍ពី Elon Musk! បើមិនកែទម្លាប់នេះចេញទោះប្រឹងរកស៊ីទាល់ស្លាប់ខ្លួន ក៏គ្មានថ្ងៃជោគជ័យដែរ
Pov SaruMARCH 6 202610 views

នៅពេលនិយាយពីកំពូលអ្នកជំនួញដែលមានគំនិតច្នៃប្រឌិតខ្ពស់បំផុតក្នុងលោក យើងប្រាកដជានឹកឃើញដល់លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនឡានអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX ជាក់ជាមិនខាន។ ខណៈដែលបច្ចុប្បន្នលោកបានក្លាយជាអ្នកមានជាងគេក្នុងលោក ដោយមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅជាង ៨០០ពាន់លានដុល្លារ។ 

 

ហើយអ្វីដែលធ្វើឱ្យលោកអាចឈរជើងបានយ៉ាងរឹងមាំក្នុងពិភពជំនួញដែលពោរពេញដោយការប្រកួតប្រជែងខ្លាំងក្លានោះគឺមិនមែនមកពីសំណាងទេតែដោយសារភាពឈ្លាសវៃ និងការតស៊ូ។ នេះបើតាមការចែករំលែករបស់លោក Elon Musk គោលការណ៍រកស៊ីធ្វើឱ្យខ្លួនជោគជ័យគឺ “អាថ៌កំបាំងនៃការសិក្សាពីដៃគូប្រកួតប្រជែង”។ 

 

នេះមានន័យថា មុនពេលរកស៊ី លោកបានកំណត់ដៃគូប្រកួតប្រជែងសំខាន់ៗឱ្យច្បាស់លាស់បំផុត ហើយសិក្សាពីចំណុចពិសេសនីមួយៗយ៉ាងលម្អិតរបស់ដៃគូប្រជែង ដែលធ្វើឱ្យអាជីវកម្មពួកគេជោគជ័យ។ បន្ទាប់មកលោកតែងតែបញ្ចូលនូវចំណុចពិសេសៗបន្ថែម ឱ្យលើសដៃគូប្រកួតប្រជែង ដើម្បីក្លាយជាអ្នកឈ្នះក្នុងទីផ្សារ។

 

ប៉ុន្តែអ្វីលោក Elon Musk បានសង្កេតឃើញថា កំហុសដ៏ធំបំផុតដែលនាំឱ្យអាជីវកម្មភាគច្រើនដើរទៅមុខមិនរួច គឺម្ចាស់អាជីវកម្មមួយចំនួនចូលចិត្តមានអំនួតលើខ្លួនឯងហួសហេតុ។ លោកសង្កត់ធ្ងន់ថា «អ្នករកស៊ីជាច្រើនតែងតែគិតថា ផលិតផលឬសេវាកម្មរបស់ខ្លួនល្អជាងគេ ទាំងដែលតាមពិតវាមិនទាន់ល្អគ្រប់គ្រាន់ក្នុងការយកឈ្នះចិត្តអតិថិជននោះទេ។ ការមើលរំលងសមត្ថភាពដៃគូប្រកួតប្រជែង និងមិនព្រមទទួលស្គាល់ការពិតពីចំណុចខ្សោយរបស់ខ្លួនឯង គឺជាផ្លូវដែលនាំទៅរកភាពបរាជ័យយ៉ាងឆាប់រហ័សបំផុត»។

 

ដំបូន្មានពីលោក Elon Musk បើអ្នកចង់ក្លាយជាអ្នកឈ្នះក្នុងពិភពជំនួញ អ្នកត្រូវហ៊ានប្រឈមមុខនឹងការពិត ដោយត្រូវដឹងឱ្យច្បាស់ថាគូប្រជែងរបស់អ្នកខ្លាំងត្រង់ណា ហើយខ្លួនឯងនៅខ្វះខាតអ្វីខ្លះ។ នៅពេលដែលអ្នកស្គាល់គេច្បាស់ និងស្គាល់ខ្លួនឯងច្បាស់ ត្រូវមកខិតខំពង្រឹងសមត្ថភាពឱ្យខ្លួនឯងឱ្យកាន់តែខ្លាំងជាងមុន នោះហើយជាផ្លូវឆ្ពោះទៅរកភាពជោគជ័យនៅក្នុងពិភពជំនួញ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia