អាចនិយាយបានថា នៅក្នុងពិភពនៃអ្នកស្រលាញ់រុក្ខជាតិលម្អ នរណាៗក៏ស្គាល់រុក្ខជាតិអម្បូរ Monstera ដែរ ពិសេសនៅលើបណ្ដាញសង្គមបច្ចុប្បន្ន កំពុងមានការល្បីនាំគ្នាទិញផ្លែនេះមកបរិភោគយ៉ាងច្រើន។ មែនទែនទៅ រុក្ខជាតិមួយនេះ ត្រូវបានអ្នកខ្លះហៅថា ជាដំណាំសេដ្ឋី ឬជាដំណាំអ្នកមាន ដោយសារតែពូជខ្លះស្លេកៗ ឬពូជមួយចំនួនផ្លាស់ប្តូរពណ៌បាន អាចលក់បានក្នុងតម្លៃចាប់ពីខ្ទង់ពាន់ដុល្លារ រហូតដល់ ៥០,០០០ ដុល្លារ ក្នុងមួយដើម ផ្អែកលើភាពកម្រ និងភាពស្អាតនៃពណ៌ស្លឹករបស់វា។
កាន់តែអស្ចារ្យជាងនេះទៅទៀត សូម្បីតែ ផ្លែរបស់វា (ជាពិសេសប្រភេទ Monstera Deliciosa) ក៏អាចលក់បានក្នុងតម្លៃប្រមាណ ៥០ ដុល្លារ ក្នុងមួយផ្លែផងដែរ ដោយសារវាជាផ្លែឈើកម្រ មានរសជាតិឆ្ងាញ់ប្លែក សាច់ខាងក្នុងគឺផ្អែម ដូចជាការរួមផ្សំគ្នារវាងផ្លែម្នាស់ ស្វាយ និងចេក។ ទោះបីជាមនុស្សភាគច្រើន ស្គាល់វាត្រឹមជាដើមឈើលម្អក៏ដោយ ប៉ុន្តែប្រភេទ Monstera Deliciosa អាចចេញផ្លែបាន នៅពេលវារស់នៅក្នុងលក្ខខណ្ឌសមស្រប។ ផ្លែរបស់វាមានរាងដូចពោត ប៉ុន្តែមានស្រកាពណ៌បៃតងគ្របជុំវិញ។ ដោយសារតែវា ត្រូវចំណាយពេលរាប់ឆ្នាំទើបអាចចេញផ្លែ ហើយផ្លែរបស់វាត្រូវចំណាយពេលជិត ១ ឆ្នាំទើបទុំ ទើបវាមានតម្លៃថ្លៃចន្លោះពី ៣០ ទៅ ៥០ ដុល្លារ ក្នុងមួយផ្លែនៅលើទីផ្សារអន្តរជាតិ។
ហេតុអ្វីបានជាដើម Monstera ខ្លះមានតម្លៃរហូតដល់ ៥ ម៉ឺនដុល្លារ? អាចថា តម្លៃដ៏មហាសាលនៃរុក្ខជាតិនេះ គឺផ្អែកលើកត្តាសំខាន់ៗចំនួន ៣ យ៉ាង។ ទីមួយ គឺភាពកម្រ និងការប្រែប្រួលហ្ស៊ែន ដោយរុក្ខជាតិ Monstera ដែលមានស្នាមឆ្នូតពណ៌ស ពណ៌លឿង ឬពណ៌បៃតងខ្ចីលើស្លឹក មិនមែនកើតឡើងដោយងាយនោះឡើយ។ វាជាការប្រែប្រួល ក្រូម៉ូសូម ធម្មជាតិ។ ហើយការបំបែកកូនឲ្យបានពណ៌ស្អាត និងពណ៌ថេរ គឺត្រូវចំណាយពេល និងទាមទារបច្ចេកទេសខ្ពស់។ ទីពីរ គឺប្រភពនៃដើម និងពូជពិសេស ព្រោះប្រភេទដូចជា Monstera Mint, Monstera Deliciosa Super Orange ឬប្រភេទ Sphinx ត្រូវបានគេចាត់ទុកថាជា គ្រាប់ពេជ្រដ៏ថ្លៃ របស់អ្នកដែលស្រលាញ់រុក្ខជាតិ ដោយសារវាមានវត្តមានតិចតួចបំផុតនៅលើពិភពលោក។ ទីបី គឺទំហំ និងភាពល្អឥតខ្ចោះនៃស្លឹក ព្រោះដើម Monstera ដែលមានស្លឹកធំពេញវ័យ (អាចធំដល់ទៅ ១.២ ម៉ែត្រ) មានប្រហោងស្លឹកច្បាស់ និងមានពណ៌ប្លែកៗស្មើគ្នា។ រុក្ខជាតិមួយប្រភេទនេះ តែងតែឈ្នះពានរង្វាន់នៅក្នុងការប្រកួតរុក្ខជាតិលម្អ និងត្រូវបានគេដេញថ្លៃក្នុងតម្លៃរាប់ម៉ឺនដុល្លារ។
ចំពោះបច្ចេកទេសថែទាំ អាស្រ័យលើអម្បូរនីមួយៗ។ ចំពោះ Monstera ប្រភេទ Variegated ត្រូវការពន្លឺភ្លឺច្បាស់ ប៉ុន្តែមិនត្រូវប៉ះពន្លឺថ្ងៃផ្ទាល់ឡើយ។ ពន្លឺគ្រប់គ្រាន់ជួយឲ្យពណ៌ឆ្នូតលើស្លឹកដុះមកស្អាត និងភ្លឺ។ គួរប្រើជីដែលមានរូបមន្ត NPK ប៉ុន្តែបើចង់ការពារកុំឲ្យស្លឹកប្រែមកជាពណ៌បៃតងសុទ្ធវិញ គួរប្រើជីដែលមានកម្រិតអាសូតទាប។ ការប្រើក្រដាសសើម មកជូតសម្អាតធូលីលើស្លឹកថ្នមៗ ជួយឲ្យរុក្ខជាតិធ្វើរស្មីសំយោគបានល្អ និងមើលទៅមានភាពរលោងស្អាតជានិច្ច (ប៉ុន្តែហាមបាញ់ ឬជូតញឹកពេក)។ ហើយចំពោះ Monstera ប្រភេទ White Mint វិញ នៅពេលកាត់បំបែកកូន ស្លឹកដំបូងៗ (ទី១ ដល់ ទី៣) អាចចេញមកពណ៌សសុទ្ធ ហើយទុំជ្រុះ។ ដូច្នេះ កុំទាន់អស់សង្ឃឹម ព្រោះស្លឹកទី៤ ឬទី៥ នឹងចាប់ផ្តើមចេញជាតិពណ៌បៃតង និងពណ៌ Mint ថេរស្មើមកវិញ នេះបើយោងតាមសម្ដីអ្នកជំនាញ និងជាអ្នកអភិរក្សរុក្ខជាតិកម្រ លោក Noldy Topan មកពីប្រទេសឥណ្ឌូនេស៊ី។
យ៉ាងណាមិញ ដើម Monstera មិនត្រឹមតែជារុក្ខជាតិសម្រាប់លម្អផ្ទះ ឬហាងកាហ្វេឲ្យមានភាពស្រស់ស្អាត និងទំនើបប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានប្រែពីការស្រលាញ់រុក្ខជាតិ ឲ្យទៅជាអាជីវកម្ម និងការវិនិយោគ ដែលអាចបង្កើតប្រាក់ចំណូលបានពីវាទាំងដើម និងផ្លែ យ៉ាងក្រាស់ក្រែលសម្រាប់អ្នកដាំដុះ និងអ្នកបំបែកពូជរុក្ខជាតិទូទាំងពិភពលោកផងដែរ៕


