មានលុយ ក៏មិនប្រាកដថារៀនបាន! សាលាល្បីទាំង៤ នេះនៅភ្នំពេញ ដែលតម្រូវឲ្យនិស្សិតត្រូវប្រឡងសិនមុនចូលរៀន
ធី ស្រីល័ក្ខAUGUST 10 20261.6 K views

កាលពីកន្លងទៅនេះ នៅពេលដែលយើងប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយត្រៀមខ្លួនមករៀននៅសាកលវិទ្យាល័យគ្រាន់តែមកទិញពាក្យចុះឈ្មោះចូលរៀនហើយបង់លុយថ្លៃសិក្សាគឺអាចរៀនបានហើយ ប៉ុន្តែនាពេលនេះមិនងាយស្រួលដូចពីមុនទៀតឡើយ ពោលមានលុយក៏មិនប្រាកដថាអាចរៀនបានដែរ ដោយសារតែសាលាល្បីៗទាំង៤ នៅភ្នំពេញនេះនិស្សិតត្រូវតែប្រឡងចូលជាមុនសិនទើបអាចរៀនបាន។

 

.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia)

 

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលបណ្តុះបណ្តាលនិស្សិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម។ ហើយសាលានេះត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៦៤ ខណៈទីតាំងសាលាបច្ចុប្បន្នសគឺស្ថិតនៅបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សី ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ជាមួយគ្នានោះ សម្រាប់ប្អូនៗដែលចង់ចាប់ជំនាញសិក្សាអ្វីមួយនៅវិទ្យាស្ថានបច្ចេកវិទ្យាសូមពង្រឹងសមត្ថភាពឱ្យបានល្អដើម្បីជាប់បានរៀនសាលាល្បីមួយនេះ សម្រាប់ព័ត៌មានលំអិតទាក់ទងជាមួយនឹងលក្ខខណ្ឌប្រឡងសូមតាមដានផេកសាលាផ្ទាល់ដែលមានឈ្មោះថា Institute of Technology of Cambodia

 

. សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (University of Health Sciences)

 

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបាន បង្កើតឡើងនៅឆ្នាំ ១៩៤៦ ដើម្បីបណ្ដុះបណ្ដាល វេជ្ជសាស្រ្តទំនើប យោងក្រឹត្យ លេខ ១០៣ សន ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានឈ្មោះ ថា "សាលាមន្រ្តីសុខាភិបាល"។ ឆ្នាំ១៩៩៧ សាលាបច្ចេកទេសថែទាំ វេជ្ជសាស្រ្ត និង មហាវិទ្យាល័យចំរុះ វេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត ត្រូវបានច្របាច់បញ្ចូលគ្នា ហើយបង្កើតឡើងនូវ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។

 

សព្វថ្ងៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានមហាវិទ្យាល័យចំនួន៣ គឺ ៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង ផ្នែកសុខភាពសាធារណៈ។ មិនតែប៉ុណ្ណោះចំពោះសាកលវិទ្យាល័យមួយនេះ ក៏តម្រូវ​ឱ្យសិស្សានុសិស្សប្រឡងចូលមុនចូលរៀនផងដែរ ដូច្នេះសម្រាប់អ្នកមានគោលបំណងចង់រៀនពេទ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកុំភ្លេចតាមដានហ្វេសប៊ុកផេក University of Health Sciences ដើម្បីដឹងពីលក្ខខណ្ឌប្រឡងក៏ដូចជាតម្លៃសិក្សាផងដែរ។

 

. វិទ្យាស្ថានភាសាបរទេស

 

សម្រាប់ប្អូនៗដែលមានបំណងចង់ទៅរៀននៅវិទ្យាស្ថានភាសាបរទេសក៏តម្រូវឱ្យប្រឡងចូលជាមុនសិនផងដែរ ដោយនៅក្នុងនោះលក្ខខណ្ឌចុះឈ្មោះប្រឡងតម្រូវឱ្យមាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស (Test) លើវិញ្ញាសាសរសេររយៈពេល ៩០នាទី ហើយបេក្ខជនក៏ត្រូវដាក់ពាក្យសុំប្រឡងនិងបង់សិទ្ធិប្រឡងផងដែរ។

 

. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP-Royal University of Phnom Penh)

សម្រាប់អ្នកដែលចង់ ចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏តម្រូវឲ្យប្រឡងចូលផងដែរ​ ដូច្នេះសម្រាប់បងប្អូនដែលចង់រៀនជំនាញផ្សេងៗនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ កុំភ្លេចចូលតាមដានព័ត៌មានរបស់សាលាដើម្បីដឹងពីព័ត៌មានពីលក្ខខណ្ឌដែលសាលាធ្វើការជ្រើសរើសនិស្សិតដែលមានបំណងចង់បន្តការសិក្សាឆ្នាំមូលដ្ឋាន (ឆ្នាំទី១) ឆ្នាំសិក្សា២០២៦-២០២៧ ហើយមុននឹងបង់ថ្លៃសិក្សាគឺតម្រូវឱ្យប្រឡងចូលសិនទើបអាចរៀនបាន៕

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia