លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម - សហគ្រិនខ្មែរ និងផ្សារអ៉ីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
Phanna PhenMAY 19 2026

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!
 
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអ៊ីអន មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសរៀបចំ ពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារអ៊ីអន សាខាភ្នំពេញ សែនសុខ និងមានជ័យ។ ព្រឹត្តិការណ៍រយៈពេលពីរសប្តាហ៍នេះ ផ្ដោតលើការបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ ដោយមានម៉ាកថ្មីៗជាច្រើន ប្រភេទ ចាប់ពីផលិតផលស្រស់ៗ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ទំនិញវេចខ្ចប់ និងមុខម្ហូប ពិសេសក្នុងស្រុក។

 

Photo 2026 05 19 14 28 33 (2)
 
ពិព័រណ៍​ឆ្នាំនេះ​ក៏ស្វាគមន៍​​សហគ្រាស​ធុនតូច និងមធ្យម​ថ្មីមួយ​ក្រុម ​ដែល​បាន​ចូលរួម​តាមរយៈ​កម្មវិធី​ផ្សារ​ភ្ជាប់​ទីផ្សារ​ ដោយ​ទទួលបាន​ការគាំទ្រ​ពីសហគ្រិនខ្មែរ ដើម្បី​បំពេញតាម​ស្តង់ដារ​អនុលោមភាព និង​គុណភាព​របស់​ផ្សារអ៊ីអន។ នេះ​ជា​ឆ្នាំ​ទីប្រាំមួយ​ហើយ​ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ២០២១ នូវភាពជាដៃគូ​ជាបន្តបន្ទាប់​រវាង​សហគ្រិន​ខ្មែរ និង​ផ្សារអុីអន ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​​ក្នុង​ការគាំទ្រ​សហគ្រាស​ធុនតូច និងមធ្យម​ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ពង្រឹង​ទីផ្សារ​ក្នុងស្រុក​តាមរយៈ​ការផ្សព្វផ្សាយ​ទំនិញ​ក្នុងស្រុក។


ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ សហគ្រិនខ្មែរគាំទ្រសហគ្រាសធុនតូច និងមធ្យមមិនត្រឹមតែលើការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានឥតសំណងនោះទេ។ កម្មវិធីទាំងនោះបានភ្ជាប់អាជីវកម្មទៅបណ្តាញចែកចាយជាមួយផ្សារទំនើប និងប្រតិបត្តិករទីផ្សារធំៗ។ ពិព័រណ៍ផលិតផលក្នុងស្រុកជាមួយផ្សារអ៊ីអននេះ បង្ហាញពីការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម។

 

Photo 2026 05 19 14 28 33 (3)
 
លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អ៊ីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ ពិព័រណ៍ផលិតផលក្នុងស្រុកមានតួនាទីសំខាន់ក្នុងការពង្រឹងផលិតកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត អ្នកប្រើប្រាស់ឱ្យបន្តគាំទ្រអាជីវកម្មក្នុងស្រុក។ ជាមួយនឹងការកើនឡើងនៃតម្រូវការទំនិញក្នុងស្រុកប្រកបដោយគុណភាព ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំសន្ទុះនៃការគាំទ្រផលិតផលខ្មែរកាន់តែកើនឡើងយ៉ាងខ្លំាងក្លា។​ លោកបានបន្តទៀតថា យើងមានមោទនភាពក្នុងការចូលរួមជាចំណែកក្នុងការគាំទ្រ ក៏ដូចជាការផ្តល់នូវទីតាំងមួយដែលមានការតាំងលក់ផលិតផលក្នុងស្រុកជាច្រើនដើម្បីឲ្យអតិថិជនគ្រប់រូបបានស្គាល់ និងប្រើប្រាស់កាន់តែទូលំទូលាយ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពច្នៃប្រឌិត និងភាពរីកចម្រើននៃផលិតផលក្នុងស្រុក ក្នុងទីផ្សារទំនើប។

 

Photo 2026 05 19 14 28 33 (4)
 
លោក គីមូរ៉ា អេអ៉ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ អ៊ីអន ម៉ល (ខេមបូឌា) ប្តេជ្ញាចិត្តគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយបង្កើតឱកាសអាជីវកម្មបន្ថែមតាមរយៈកម្មវិធីដូចជាពិព័រណ៍ផលិតផលក្នុងស្រុកនេះ។ កម្មវិធីនេះជួយផ្សារភ្ជាប់ទីផ្សារកម្ពុជាជាមួយអតិថិជនកាន់តែច្រើន លើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់អាជីវកម្មក្នុងស្រុក។ ជាមួយនឹងនេះ វាក៏ជួយបង្កើនបទពិសោធន៍នៃការទិញទំនិញ ដោយផ្តល់ជូនអតិថិជននូវជម្រើសផលិតផលដែលមានគុណភាព និងសម្បូរបែបកាន់តែច្រើន។

 

Photo 2026 05 19 14 28 33 (5)
 
សូមសាធារណជនអញ្ជើញមកទស្សនាពិព័រណ៍ផលិតផលក្នុងស្រុក និងស្វែងរកផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ចាប់ពីបន្លែស្រស់ៗ ផលិតផលទឹកដោះគោ និងអង្ករ រហូតដល់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកចូលរួមក៏អាចរីករាយជាមួយការបញ្ចុះតម្លៃផ្តាច់មុខ និងមានឱកាសឈ្នះរង្វាន់គួរឱ្យរំភើប ជាមួយនឹងការទិញទំនិញនីមួយៗចាប់ពី ១៥ ដុល្លារ ឬច្រើន ជាងនេះ។

 

Photo 2026 05 19 14 28 33

Photo 2026 05 19 14 28 33 (6)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia