នៅក្នុងពិភពជំនួញបច្ចុប្បន្ន អាជីវកម្មភាគច្រើនកំពុងប្រកួតប្រជែងគ្នាយ៉ាងសស្រាក់សស្រាំ លើទីផ្សារដ៏ ចង្អៀត និងគរជើងគ្នា ដោយការតស៊ូ បន្ថយតម្លៃ និងដណ្តើមអតិថិជនគ្នា។ ប៉ុន្តែ សម្រាប់សហគ្រិនដែលឆ្លាតវៃ ពួកគាត់តែងតែស្វែងរក ទីផ្សារណាដែលថ្មី គ្មានគូប្រកួតប្រជែង ដែលជាកន្លែងមានឱកាសច្រើន និងមិនទាន់មាននរណាម្នាក់មើលឃើញ។ តើសហគ្រិនកម្ពុជា អាចបង្កើត ឬស្វែងរកទីផ្សារថ្មីនេះដោយរបៀបណា? ខាងក្រោមនេះជាយុទ្ធសាស្ត្រនិងគន្លឹះ ៤ យ៉ាង៖
១.មើលរំលងអតិថិជនបច្ចុប្បន្ន ហើយសម្លឹងមើលអ្នកមិនទាន់ទិញ៖ អាជីវកម្មទូទៅ តែងតែប្រជែងគ្នាដើម្បីយកចិត្តអតិថិជនដែលមានស្រាប់។ ប៉ុន្តែដើម្បីបង្កើតទីផ្សារថ្មី អ្នកត្រូវចោទសំនួរថា "តើនរណាខ្លះដែលមិនទាន់ប្រើប្រាស់សេវាកម្ម ឬផលិតផលប្រភេទនេះ ហើយហេតុអ្វី?" ឧទាហរណ៍៖ ក្នុងវិស័យហាត់ប្រាណ (Gym) មនុស្សភាគច្រើនមិនទៅ Gym ដោយសារ គិតថាថ្លៃ សាំញ៉ាំ និងខាតពេល។ តែបើអ្នកអាចបង្កើត កន្លែងហាត់ប្រាណបែបលឿន ១៥ នាទីក្នុងមួយថ្ងៃ តម្លៃសមរម្យ និងមិនបាច់មានគ្រូបង្វឹកស្មុគស្មាញ អ្នកនឹងទទួលបានក្រុមអតិថិជនថ្មីសន្លាង ដែលធ្លាប់តែបដិសេធ Gym ពីមុនមក។
២.ប្រើប្រាស់យុទ្ធសាស្ត្រ លុបចោល-បន្ថយ-បង្កើន-បង្កើត (ERRC Framework)៖ ដើម្បីកាត់ផ្តាច់ពីគូប្រជែង អ្នកត្រូវហ៊ានធ្វើអ្វីដែលខុសពីទម្លាប់ក្នុងឧស្សាហកម្មរបស់អ្នក ដោយប្រើប្រាស់គោលការណ៍ ៤ យ៉ាង៖
-លុបចោល៖ តើកត្តាអ្វីខ្លះដែលគូប្រជែងតែងតែធ្វើ ប៉ុន្តែពិតជាមិនចាំបាច់សម្រាប់អតិថិជន? (ឧទាហរណ៍៖ លុបចោលការធ្វើហាងឲ្យកាន់តែធំ ដោយងាកមកធ្វើម៉ាស៊ីនលក់ស្វ័យប្រវត្តិ)។
-បន្ថយ៖ តើចំណុចណាខ្លះដែលធ្វើឲ្យខាតបង់ដើមទុនច្រើន ហើយអាចបន្ថយបានដោយមិនប៉ះពាល់គុណភាព?
-បង្កើន៖ តើចំណុចណាដែលអតិថិជនប្រាថ្នាចង់បានបំផុត ហើយអ្នកអាចធ្វើឲ្យលើសពីការរំពឹងទុកបាន?
-បង្កើតថ្មី៖ តើអ្វីជាបទពិសោធន៍ ឬអត្ថប្រយោជន៍ថ្មីសន្លាង ដែលមិនទាន់មាននរណាធ្លាប់ផ្តល់ជូនក្នុងទីផ្សារកម្ពុជា?
៣.ដោះស្រាយចំណុចឈឺចាប់ដែលគេមើលរំលង៖ ទីផ្សារថ្មី ច្រើនតែលាក់ខ្លួននៅពីក្រោយ ភាពស្មុគស្មាញ ឬ ការលំបាក ដែលអ្នកប្រើប្រាស់ជួបប្រទះរាល់ថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ចេញមុខដោះស្រាយ។ ជាក់ស្ដែងក្នុងបរិបទកម្ពុជា កាលពីមុន ការហៅតាក់ស៊ី ឬកង់បី ត្រូវការ ការតថ្លៃ និងពិបាករកខ្លាំង។ ដូច្នេះ កម្មវិធីកក់ការធ្វើដំណើរតាម App ក៏បានចូលមកដោះស្រាយ ភាពឈឺចាប់នេះ ដោយប្តូរវាទៅជាទីផ្សារឌីជីថលដ៏ធំសម្បើមនិងពេញនិយមនាពេលបច្ចុប្បន្ន។ ដូច្នេះ គោលដៅបន្តរបស់សហគ្រិន ត្រូវពិនិត្យមើលវិស័យផ្សេងៗទៀតដូចជា កសិកម្ម អប់រំ សុខភាព ឬសេវាកម្មតាមផ្ទះនានា ថាតើមានចំណុចណាខ្លះដែលប្រជាជនកម្ពុជា កំពុងរអ៊ូ ឬមានតម្រូវការជារៀងរាល់ថ្ងៃ? នោះហើយជា អណ្តូងរ៉ែទីផ្សារថ្មី របស់អ្នក!
៤.បញ្ចូលឧស្សាហកម្មពីរ ឬច្រើនបញ្ចូលគ្នា៖ វិធីសាស្ត្រលឿនបំផុតមួយក្នុងការបង្កើតទីផ្សារគ្មានគូប្រកួតប្រជែង គឺការយក ចំណុចខ្លាំងនៃឧស្សាហកម្ម «ក» មកបូកផ្សំជាមួយ ឧស្សាហកម្ម «ខ»។
ឧទាហរណ៍៖ កាហ្វេ + ការិយាល័យធ្វើការ = Co-working Space (បម្រើទាំងអ្នកផឹកកាហ្វេ និងអ្នកធ្វើការ)។
-ការអប់រំ + កម្សាន្ត = Edutainment (សាលារៀន ឬកម្មវិធីសិក្សាដែលធ្វើឲ្យក្មេងលេងផង រៀនផង)។
-កសិកម្ម + ទេសចរណ៍ = Agritourism (ការធ្វើចំការដែលបើកឲ្យភ្ញៀវមកទស្សនា និងបេះផ្លែឈើដោយផ្ទាល់)។
គួរបន្ថែមផងដែរថា ការបង្កើត ទីផ្សារថ្មីគ្មានគូប្រកួតប្រជែង មិនមែនទាមទារឲ្យអ្នកបង្កើតបច្ចេកវិទ្យាដ៏ស្មុគស្មាញ ឬចម្លែកខ្លាំងនោះទេ ប៉ុន្តែវាជា ការផ្លាស់ប្តូរជ្រុងមើល។ នៅពេលដែលអ្នកឈប់ប្រជែងជាមួយគូប្រជែង ហើយងាកមកផ្តោតលើ ការបង្កើតតម្លៃពិតប្រាកដជូនអតិថិជន អ្នកនឹងអាចបង្កើតទីផ្សារមួយ ដែលអ្នកជាអ្នកដឹកនាំតែម្នាក់ឯងដ៏អស្ចារ្យផងដែរ៕


