ភ្ញាក់ផ្អើលណាស់! Elon Musk ព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកអាចនឹងក្ស័យធន ដោយសារហេតុផលតែមួយនេះ
Pov SaruFEBRUARY 8 20261.6 K views

លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានចេញមកព្រមានធ្ងន់ៗទៅ អាមេរិក ថាកំពុងរត់ទៅរកវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារបំណុលជាតិដែលកើនឡើងយ៉ាងឆាប់រហ័ស។ ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីលោកចូលរួមក្នុងកម្មវិធី Dwarkesh Podcast កាលពីថ្ងៃទី ៥ ខែកុម្ភៈ លោកបាននិយាយថា៖ “អាមេរិក 1,000% នឹងប្រឈមការក្ស័យធន និងបរាជ័យក្នុងនាមជាប្រទេសមួយ បើគ្មាន AI និងមនុស្សយន្តជួយបង្កើនផលិតភាពសេដ្ឋកិច្ចទេនោះ។”

 

ការព្រមាននេះបានបង្កឱ្យមានចាប់អារម្មណ៍ខ្លាំង ខណៈដែលគេបានដឹងថាបច្ចុប្បន្ន បំណុលជាតិអាមេរិកបានឡើងដល់ប្រមាណ 38.56 ទ្រីលានដុល្លារ ហើយរដ្ឋាភិបាលបានចំណាយលើសចំណូលដែលរកបានរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមក្រសួងរតនាគារ។ លោក Musk បានព្រមានថា បើគ្មានបច្ចេកវិទ្យាថ្មីៗដូចជា AI និងរ៉ូបូត មកជួយបង្កើនផលិតភាពទេ ប្រទេសនឹង “ជាប់គាំង” ដោយសារបំណុល។

 


ចំណុចគួរឱ្យព្រួយបារម្ភមួយទៀត គឺ ថ្លៃការប្រាក់លើបំណុលជាតិ។ លោក Musk បានបញ្ជាក់ថា ថ្លៃការប្រាក់ដែលអាមេរិកត្រូវបង់ក្នុងមួយឆ្នាំ បានលើសថវិកាការពារជាតិ (យោធា) ដែលមានប្រមាណ 1 ទ្រីលានដុល្លារ។ ការព្យាករណ៍បង្ហាញថា ថ្លៃការប្រាក់នេះអាចឡើងដល់ 1.5 ទ្រីលានដុល្លារ ក្នុងឆ្នាំ 2032 និងជិត 1.8 ទ្រីលានដុល្លារ ក្នុងឆ្នាំ 2035។ មិនត្រឹមតែលោក Musk ទេដែលព្រមានបែបនេះ។ តែលោក Ray Dalio ម្ចាស់មូលនិធិ Bridgewater Associates ក៏បាននិយាយផងដែរថា អាមេរិកកំពុងធ្លាក់ចូលទៅក្នុង “រង្វង់បំណុលស្លាប់” ដែលរដ្ឋាភិបាលត្រូវខ្ចីលុយថ្មី ដើម្បីបង់ការប្រាក់លុយចាស់។ 

 

ទោះបីមិនមានការក្ស័យធនជាផ្លូវការនៅឡើយ ក៏វាអាចនាំឱ្យមានការបោះពុម្ពលុយច្រើន និងធ្វើឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះយ៉ាងខ្លាំង។ ជាក់ស្តែង តម្លៃប្រាក់ដុល្លារបានបាត់បង់អំណាចទិញយ៉ាងច្រើនរួចទៅហើយកាលពីឆ្នាំ 2025៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia