Elon Musk មានកូនទី១៤ហើយ!​ នេះជាចំណុចពិសេស៣របស់ភរិយា​គាត់ ដែលជាបុគ្គលិកជាន់ខ្ពស់​នៅ Neuralink
Ping Chou EngMARCH 5 2025519 views

ថ្មីៗនេះ Elon Musk មហាសេដ្ឋីលំដាប់ទី១លើលោក បានស្វាគមន៍កូនទី១៤ ជាមួយភរិយាទី៤គឺ Shivon Zilis ដែលជាបុគ្គលិកជាន់ខ្ពស់នៅក្រុមហ៊ុន Neuralink ។ យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថាកូនទី១៤របស់លោក Elon Musk និងអ្នកស្រី Shivon Zilis គឺជាកូនប្រុសឈ្មោះ Seldon Lycurgus ខណៈកន្លងមកអ្នកទាំងពីរក៏មានកូនភ្លោះប្រុសស្រី២នាក់ និងកូនស្រីម្នាក់។

 

ជាបុគ្គលិកជាន់ខ្ពស់ គ្រប់គ្រងគម្រោងផលិតបន្ទះឈីបដាក់ខួរក្បាលមនុស្ស ​នៅក្រុមហ៊ុន Neuralink អ្នកស្រី Shivon Zilis​ បានធ្វើការជាមួយ​មហាសេដ្ឋី Elon Musk ចាប់តាំងពីឆ្នាំ២០១៧ ក្នុងនាមជានាយកប្រតិបត្តិការម្នាក់វ័យ៣៩ឆ្នាំ។

 

ដូច្នេះតើអ្នកស្រី Shivon Zilis ប្រពន្ធទី៤ របស់មហាសេដ្ឋីលេខ១លើលោក មានចំណុចពិសេសអ្វីខ្លះ?

 

.  មានឪពុកជាអតីតបុគ្គលិកនៅ Tesla៖ Zilis ជាក្មេងស្រីដែលកើត​នៅ​ប្រទេស​កាណាដា ​ជាមួយ​ម្តាយ​ជនជាតិ​ឥណ្ឌា Sharda N និង​ឪពុក​ជនជាតិ​កាណាដា Richard Zilis ដែលជាអតីតបុគ្គលិកនៅ Tesla របស់មហាសេដ្ឋី Elon Musk កាន់តួនាទីជានាយកគម្រោងចន្លោះឆ្នាំ ២០១៧ និង២០១៩។

 

. ជាអ្នកមានជំនាញ ហិរញ្ញវត្ថុនិងបច្ចេកវិទ្យា៖  Zilis មានជំនាញឯកទេស លើម៉ាស៊ីនបញ្ញាសិប្បនិម្មិត ហើយនាងគឺជាស្រ្តីខ្លាំងម្នាក់ដែលបានចូលរៀននៅសកលវិទ្យាល័យ Yale  ផ្នែកសេដ្ឋកិច្ចនិងទស្សនវិជ្ជា។ ពេលចាប់ផ្តើមអាជីពដំបូង នាងបានធ្វើការនៅក្រុមហ៊ុន IBM និង Bloomberg ដោយធ្វើការផ្ទាល់ជាមួយ AI និងការវិនិយោគលើបច្ចេកវិទ្យា ។ ក្នុងឆ្នាំ ២០១៦ នាងបានចូលរួមជាមួយក្រុមហ៊ុន OpenAI និងក្លាយជាសមាជិកក្មេងជាងគេនៅក្នុងក្រុមប្រឹក្សាភិបាល។

 

. ជាអ្នកចាប់អារម្មណ៍យ៉ាងជ្រៅជាមួយ AI នាងមានចំណូលចិត្តជាមួយកម្មវិធីបច្ចេកវិទ្យាតាំងពីអាយុ១៣ឆ្នាំ ខណៈអត្តចរិតនិងការធំធាត់របស់នាងក៏ស្រដៀងគ្នាទៅនឹង លោក Elon Musk ដែរ។ Zilis ធ្លាប់បានបញ្ជាក់ថាបំណងជីវិតរបស់នាងចង់ចំណាយពេលផ្តោតនិងលាតត្រដាង AI ក្នុង​ពិភពលោក។ ​

 

សូមជម្រាបថាមហាសេដ្ឋីវ័យ៥៣ឆ្នាំ Elon Musk បច្ចុប្បន្នមានកូនចំនួន១៤នាក់និងភរិយា៤នាក់។ ក្នុងនោះភរិយាទី១ជាអ្នកនិពន្ធ ភរិយាទី២ជាតារាសម្តែង ភរិយាទី៣ជាតារាចម្រៀង និងភរិយាទី៤គឺជានាយកប្រតិបត្តិ​ Neuralink៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia