Elon Musk គឺជាសហគ្រិនដ៏ជោគជ័យម្នាក់កាន់កាប់ក្រុមហ៊ុនធំៗជាច្រើនដូចជា SpaecX, Tesla, Neuralink និង The Boring Company ជាដើម។ ខណៈដែលថ្មីៗនេះលោកទើបបានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រគឺជាង ៨០០ ពាន់លានដុល្លារ។ ភាពជោគជ័យដ៏អស្ចារ្យរបស់លោក Musk បានធ្វើឱ្យលោកក្លាយជាគំរូសម្រាប់សហគ្រិន និងអ្នកដឹកនាំអាជីវកម្មជាច្រើនដែលមានមហិច្ឆតា។ ដូច្នេះតើមានអាថ៍កំបាំងអ្វីដែលធ្វើឱ្យ Elon Musk ជោគជ័យបែបនេះ?
ការពិតទៅ នៅក្នុងកិច្ចសម្ភាសន៍ជាច្រើនកន្លងមក Elon Musk តែងប្រាប់ពីអាថ៍កំបាំងនៅពីក្រោយភាពជោគជ័យរបស់លោកគឺជា “ទម្លាប់” ហើយទម្លាប់ទាំងនោះគឺពិតជាសាមញ្ញខ្លាំងមែនទែន ដែលនរណាៗក៏អាចធ្វើបាន ប៉ុន្តែមនុស្សមួយចំនួនតែងតែមើលរំលងវា។
១. ធ្វើការច្រើនម៉ោង៖ មុនទទួលបានភាពជោគជ័យដូចសព្វថ្ងៃ Elon Musk ត្រូវបានគេដឹងថាគាត់ធ្លាប់ធ្វើការលើសពី ៨០ ម៉ោងក្នុងមួយសប្ដាហ៍ដើម្បីសម្រេចគោលដៅរបស់គាត់។ ឧទាហរណ៍ អំឡុងពេលចាប់ផ្ដើមក្រុមហ៊ុន SpaceX ដំបូងៗគាត់បានធ្វើការហូតដល់ទៅ ១០០ ម៉ោងក្នុងមួយសប្ដាហ៍ដើម្បីធានាបាននូវភាពជោគជ័យនៃការបាញ់បង្ហោះរ៉ុក្កែត Falcon 1។ ទម្លាប់នៃការធ្វើការយូរម៉ោងនេះគឺជាអ្វីដែលគាត់ជឿថាចាំបាច់ដើម្បីសម្រេចបាននូវភាពជោគជ័យ និងសម្រេចគោលដៅដ៏មហិច្ឆតារបស់គាត់។
២. រៀនសូត្រឥតឈប់៖ ជាផ្នែកមួយនៃភាពជោគជ័យគឺចំណេះដឹងលោក Musk គឺជាអ្នកសិក្សាពេញមួយជីវិត ហើយតែងតែស្វែងរកការពង្រីកចំណេះដឹងរបស់គាត់ក្នុងវិស័យវិទ្យាសាស្ត្រ វិស្វកម្ម និងពាណិជ្ជកម្ម។ គាត់ចូលចិត្តអាន ពេលខ្លះគាត់ចំណាយពេលដល់ទៅ ១០ ម៉ោងក្នុងមួយថ្ងៃដើម្បីអាន និងរៀនជំនាញថ្មីៗដែលគាត់អាចអនុវត្តចំពោះគម្រោងរបស់គាត់បាន។
៣. ផ្តោតលើគោលដៅ៖ លោក Musk គឺជាមនុស្សដែលពូកែក្នុងការកំណត់គោលដៅ ហើយនៅពេលដែលគាត់បានកំណត់ហើយនឹងមិនងាយបោះបង់ចោលឡើយ។ មិនថាគាត់បរាជ័យប៉ុន្មានដងក៏គាត់មិនបោះបង់ដែរ ដោយគាត់ជឿជាក់ថាការមានគោលដៅច្បាស់លាស់ជួយគាត់ និងក្រុមរបស់គាត់ឱ្យផ្តោតអារម្មណ៍ និងមានទឹកចិត្តចង់ធ្វើកាន់តែខ្លាំង ហើយនោះគឺជាផ្នែកមួយនៃភាពជោគជ័យរបស់គាត់សព្វថ្ងៃនេះ។
៤. ទទួលយកហានិភ័យ៖ មនុស្សមួយចំនួនតែងតែខ្លាចក្នុងការចាប់ផ្ដើមអ្វីមួយ ខ្លាចថាខ្លួនគ្មានសមត្ថភាព ខ្លាចថាធ្វើទៅមិនជោគជ័យ ដែលផ្ទុយស្រឡះពីលោក Musk គឺជាអ្នកហ៊ានប្រថុយប្រថាន ហើយមិនខ្លាចក្នុងការទទួលយកបញ្ហាប្រឈមដែលហាក់ដូចជាមិនអាចទៅរួចនោះទេ។ គាត់ជឿជាក់ថាហានិភ័យដែលបានគណនាគឺចាំបាច់ដើម្បីសម្រេចបាននូវរឿងដ៏អស្ចារ្យសម្រាប់គាត់។
៥. ហ៊ានទទួលយកការបរាជ័យ៖ មហាសេដ្ឋីរូបនេះទទួលស្គាល់ថាភាពបរាជ័យគឺជារឿងធម្មតាប៉ុណ្ណោះ វាជាធម្មជាតិនៃដំណើរការច្នៃប្រឌិត ហើយមិនខ្លាចនឹងបរាជ័យនោះទេ។ ជាក់ស្ដែង ក្រុមហ៊ុន SpaceX របស់គាត់ធ្លាប់បាញ់បង្ហោះរ៉ុក្កែតបរាជ័យជាច្រើនដង ជំនួសឱ្យការបាក់ទឹកចិត្ត លោក Musk និងក្រុមរបស់គាត់បានរៀនពីកំហុសម្ដងហើយម្ដងទៀត ហើយបានប្រើប្រាស់ការបរាជ័យនោះជាឱកាសដើម្បីកែលម្អ ហើយចុងក្រោយគាត់ក៏ជោគជ័យ។
សរុបមកវិញ យើងទាំងអស់គ្នាសុទ្ធតែមិនអាចក្លាយជាលោក Musk បានទេ តែយើងទាំងអស់គ្នាអាចរៀនពីទម្លាប់របស់គាត់ ហើយអនុវត្តវាទៅក្នុងជីវិត និងអាជីពរបស់យើងបាន ដោយផ្តោតលើគោលដៅ និងហ៊ានទទួលយកការបរាជ័យជាឱកាសដើម្បីរៀន យើងអាចអភិវឌ្ឍជំនាញ និងផ្នត់គំនិតដែលត្រូវការដើម្បីសម្រេចបាននូវគោលដៅដែលយើងចង់បាន៕


