មហាសេដ្ឋី Elon Musk ថាអនាគតរឿងធំៗ ៤ នឹងកើតឡើង ហើយរបស់ទាំងនេះនឹងលែងមានតម្លៃសម្រាប់មនុស្ស
Pov SaruJANUARY 14 202625.3 K views

ចាប់តាំងពី ChatGPT បង្ហាញខ្លួនការភ័យខ្លាចដែរថា មនុស្សយន្តនឹងជំនួសមនុស្សនៅកន្លែងការងារនឹងកើនឡើង លោក Elon Musk ក៏បានលើកឡើងថាការភ័យខ្លាចទាំងនេះនឹងក្លាយជាការពិតក្នុងពេលឆាប់ៗ។ ហើយថ្មីៗនេះមហាសេដ្ឋីរូបនេះទើបតែបានព្យាការណ៍ថានៅពេលអនាគតនឹងមានរឿងធំៗ ៤ កើតឡើងហើយរបស់សំខាន់មួយចំនួនអនាគតលែងមានតម្លៃទៀតហើយសម្រាប់មនុស្ស។

 

១. មនុស្សយន្តនឹងក្លាយជាគ្រូពេទ្យវះកាត់ដ៏ជំនាញ៖ លោក Elon Musk បានកំណត់ត្រឹម ២០៣០ សម្រាប់គ្រូពេទ្យ និងវេជ្ជបណ្ឌិតវះកាត់ មនុស្សយន្តនឹងអាចធ្វើការងាររបស់ពួកគេបាន ហើយនឹងមានចំនួនច្រើនជាងគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងគ្លីនិក។ នៅក្នុងកម្មវិធី Podcast Moonshots ជាមួយ Peter Diamandis លោកបាននិយាយថា៖ «បច្ចុប្បន្ននេះ មានការខ្វះខាតគ្រូពេទ្យ និងវេជ្ជបណ្ឌិតវះកាត់ល្អៗជាច្រើន។ ព្រោះដើម្បីក្លាយជាគ្រូពេទ្យល្អម្នាក់ គឺត្រូវចំណាយពេលយូរដើម្បីសិក្សា ហើយបើទោះបីជាសិក្សាចប់ក្លាយជាគ្រូពេទ្យរួចហើយក្ដី តែចំណេះដឹងវេជ្ជសាស្ត្រគឺត្រូវតែសិក្សា និងអភិវឌ្ឍន៍រហូតមិនចេះចប់ឡើយ»។ 

 

លោក Musk បានលើកឡើងថា មនុស្សយន្ត Tesla Optimus របស់គាត់នឹងក្លាយជាដំណោះស្រាយ។ គាត់បានទាយថា នៅឆ្នាំ 2030 «ប្រហែលជានឹងមានមនុស្សយន្ត Optimus ដែលជាវេជ្ជបណ្ឌិតវះកាត់ល្អ ច្រើនជាងវេជ្ជបណ្ឌិតវះកាត់ទាំងអស់នៅលើផែនដី»។

 

២. ប្រាក់សន្សំសម្រាប់ចូលនិវត្តន៍លែងមានន័យ៖ តាមទស្សនៈរបស់លោក Elon Musk បើសិនជា AI ឬមនុស្សយន្ត ត្រូវបានគេបង្កើតឱ្យមានសមត្ថភាពដូចជាមនុស្សពេញលេញអាចធ្វើការគ្រប់យ៉ាងដែលមនុស្សអាចធ្វើបានដូចជា សាងសង់ផ្ទះ ដាំដុះ ចម្អិនអាហារ ផលិតទំនិញ និងអាចផ្ដល់សេវាកម្មផ្សេងៗដូចជា ថែទាំសុខភាព និងផ្ដល់ការអប់រំបានថែមទៀតនោះ គេលែងបារម្ភរឿងបើកប្រាក់ឈ្នួលសម្រាប់កម្លាំងពលកម្មរបស់មនុស្សទៀតហើយ។ ទោះជាយ៉ាងណានៅក្នុងចក្ខុវិស័យអនាគតដែលថាប្រាក់លែងសំខាន់របស់លោក Musk មិនបានពន្យល់នោះទេថា មនុស្សដែលអត់ការងារធ្វើ នឹងរស់នៅ ហូបចុកយ៉ាងដូចម្ដេច? 

 

៣. មនុស្សនឹងមានអាយុវែង ឬអាចក្លាយជាអមតៈ៖ លោក Dario Amodei នាយកប្រតិបត្តិ Anthropic ជឿថា អាយុកាលមនុស្សនឹងកើនទ្វេដងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខទៀត ដោយសារបញ្ញាសិប្បនិម្មិត AI។ ចំណែកឯមហាសេដ្ឋី Silicon Valley លោក Bryan Johnson វិញបាននិយាយថា គាត់អាចធ្វើឱ្យមនុស្សក្លាយជាអមតៈនៅឆ្នាំ 2039។

 

ខណៈដែលលោក Elon Musk ក៏យល់ស្របដែរថាបញ្ញាសិប្បនិម្មិត AI អាចធ្វើឱ្យមនុស្សមានអាយុវែង ឬអាចជាអមតៈ ដោយពិពណ៍នាអំពីសេចក្ដីស្លាប់ថា ជាបញ្ហានៃ “កម្មវិធី” របស់មនុស្ស។ លោកថា «អ្នកត្រូវបានកំណត់កម្មវិធីឱ្យស្លាប់»។ «ដូច្នេះប្រសិនបើអ្នកផ្លាស់ប្ដូរកម្មវិធី អ្នកនឹងរស់នៅបានយូរជាង។ ពេលមើលត្រឡប់ក្រោយ ដំណោះស្រាយនៃអាយុវែង ហាក់ដូចជារឿងងាយស្រួលណាស់»។

 

៤. បញ្ញាសិប្បនិម្មិត AI នឹងឆ្លាតជាងមនុស្ស៖ បច្ចេកវិទ្យាដូចជា ChatGPT និង Google Gemini បានចូលមកជួយកាត់បន្ថយបន្ទុករបស់មនុស្សរួចហើយ។ ការស្ទង់មតិមួយកាលពីឆ្នាំមុនបានព្យាករណ៍ថានៅឆ្នាំ 2029 AI អាចជួយសន្សំពេលការងាររបស់បុគ្គលិកបានរហូតដល់ 12 ម៉ោងក្នុងមួយសប្តាហ៍។ ប៉ុន្តែ លោក Elon Musk ថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកជឿថានៅឆ្នាំ ២០៣០ AI នឹងឆ្លាតលើសពីសមត្ថភាពបញ្ញារបស់មនុស្ស។ ខណៈដែល AGI (បញ្ញាសិប្បនិម្មិតទូទៅ ដែលមានសមត្ថភាពដូចមនុស្ស) នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។ តាមទស្សនៈរបស់លោក Musk មនុស្សភាគច្រើន សូម្បីតែនៅក្នុងឧស្សាហកម្ម AI ក៏ដោយ កំពុងមើលស្រាល ចំពោះអ្វីដែលនឹងកើតឡើង។ 

 

ហើយមិនត្រឹមតែលោក Elon Musk ទេសូម្បីតែលោក Bill Gates ក៏បានទទួលស្គាល់ដែរថា បញ្ញាសិប្បនិម្មិត Ai កំពុងវិវឌ្ឍលឿនជាងការរំពឹងទុករបស់លោក។ ប៉ុន្តែស្ថានិករបស់ Microsoft និយាយថា ដោយសារតែវាលឿនពេក គ្មានអ្នកជំនាញបច្ចេកវិទ្យាម្នាក់ណារួមទាំងលោក Musk អាចដឹងច្បាស់ថា AI នឹងជំនួសការងារមនុស្សក្នុងមួយឆ្នាំ ឬដប់ឆ្នាំខាងមុខបានទេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia