ក្រសួងរៀបចំធ្វើតេស្ដសមត្ថភាពលើជំនាញ ៨ នេះដល់ពលករមកពីថៃ ដើម្បីអាចទទួលបានការងារល្អ និងចំណូលខ្ពស់
Bunthoeun KoemAPRIL 9 20264 views

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីផែនការនៃការអនុវត្ត “កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញ” លើអតីតពលករមកពីប្រទេសថៃ ក្នុងជំហានទី ១ ចំនួន ១ ម៉ឺននាក់ លើជំនាញចំនួន ៨ រួមមាន៖ (១) ការងារកំបោរ (រៀបឥដ្ឋនិងបូក), (២) ការងារការ៉ូ, (៣) ការដំឡើងពុម្ព, (៤) ការដំឡើងបណ្តាញបំពង់ទឹក, (៥) ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, (៦) ការងាររន្ទា, (៧) ការដំឡើងសរសៃដែក និង (៨) ការផ្សារអគ្គិសនី។

 

663211335 1385030703427173 5066670649013758608 N

 

ឯកឧត្តម ហេង ស៊ួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់បងប្អូនអតីតពលករមកពីថៃដោយឥតគិតថ្លៃនេះធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ ដែលបងប្អូនអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលខ្ពស់ជាងមុន។

 

667751857 1385026506760926 634036815711312982 N

 

ការធ្វើតេស្តក្នុងជំហានទី១ នេះគឺនឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមរាជធានី-ខេត្ដគោលដៅចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដបាត់ដំបង  បន្ទាយមានជ័យ សៀមរាប តាកែវ និងខេត្តស្វាយរៀង ដោយឯកឧត្តមសង្កត់ធ្ងន់ថា បើជំហានទី ១នេះទទួលជោគជ័យ ក្រសួងនឹងបន្តកម្មវិធីនេះទៅជំហានទី ២ទៀត ដែលក៏នឹងផ្តោតលើកម្លាំងកម្មករក្នុងស្រុកផងដែរ។ 

 

663134062 1385030606760516 9124992531075598243 N 

 

ជាមួយនឹងការគាំទ្រគំនិតផ្តួចផ្តើម និងបន្ទាប់ពីបានទស្សនាការដាក់ឱ្យអនុវត្តកម្មវិធី RPL សាកល្បងនេះ អង្គប្រជុំបានពិភាក្សានិងផ្ដល់មតិយោបល់យ៉ាងផុសផុលលើការអនុវត្តកម្មវិធីនេះ ដោយឯកឧត្តមរដ្ឋមន្រ្តីបានសង្ឃឹមយ៉ាងមុតមាំថា ធាតុចូលដ៏មានតម្លៃទាំងនេះនឹងជួយធ្វើឱ្យការអនុវត្តកម្មវិធីនេះមានប្រសិទ្ធភាព និងជួយពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែប្រសើរ ដែលធ្វើឱ្យមានការជឿជាក់ថា ការធ្វើតេស្តនេះ «ពិតជាត្រឹមត្រូវ និងអាចជ្រើសរើសបេក្ខជនប្រកបដោយសមត្ថភាពពិតប្រាកដមែន»  

 

662355280 1385030570093853 5934389554181636977 N

 

ដើម្បីឱ្យការអនុវត្តទទួលជោគជ័យ ស្របតាមផែនការប្រកបដោយគុណភាព និងប្រសិទ្ធភាព ឯកឧត្តម ហេង សួរ បានណែនាំឱ្យអង្គភាពគ្រប់គ្រងគម្រោងបន្តតាមដានផែនការ និងជំរុញការអនុវត្តឱ្យស្របតាមយន្តការដែលបានកំណត់ ដោយណែនាំឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលស្គាល់ និងប្រើ RPL ជាមូលដ្ឋានក្នុងការជ្រើសរើស និងកំណត់ប្រាក់ឈ្នួល បើកឱកាសការងារដល់អតីតពលករពីថៃ និងអនុញ្ញាតឱ្យវិស្វករ និងបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាលដើម្បីក្លាយទៅជាអ្នកវាយតម្លៃ (Assessor) ។ ចំពោះគ្រឹះស្ថាន និងមន្ត្រីអនុវត្ត ត្រូវវាយតម្លៃតាមស្តង់ដាបច្ចេកទេស និងថែរក្សាតម្លៃ RPL, ពង្រីកការផ្សព្វផ្សាយ RPL ទៅតំបន់ជនបទ និងព្រំដែន។

 

666040405 1385026020094308 5070645287612706008 N

 

ការធ្វើតេស្ត RPL ផ្តល់នូវឱកាសដល់បុគ្គលដែលកំពុងបម្រើការងារ និងអ្នកមានជំនាញដែលមិនទាន់មានការងារឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់។ សម្រាប់អតីតពលករមកពីប្រទេសថៃ នឹងទទួលបានការស្គាល់សមត្ថភាព ឱកាសការងារ ចំណេញពេលវេលា និងថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងបង្កើនជំនឿចិត្តលើខ្លួនឯង ក៏ដូចជាជំរុញការសិក្សាពេញមួយជីវិត។ រីឯ អ្នកវិនិយោគវិញនឹងបានយល់ដឹងពីកម្រិតជំនាញបុគ្គលិកភ្លាមៗ កាត់បន្ថយចំណាយលើការបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព និងបង្កើនទំនុកចិត្តវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករដែលមានជំនាញស្តង់ដារ៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia