ការកើនឡើងតម្លៃអង្ករ និងទំនិញប្រើប្រាស់ចាំបាច់ គឺជាសញ្ញានៃវិបត្តិអតិផរណាស្បៀងអាហារ ព្រោះថាអតិផរណាអាហារគឺជាការកើនឡើងនៃតម្លៃទំនិញដែលជាប្រភេទអាហារហូបចុក ឬគ្រឿងបរិភោគ ដែលសុទ្ធសឹងតែជារបស់ចាំបាច់សម្រាប់ បំពេញតម្រូវការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។
វិបត្តិអតិផរណាកើតឡើងនៅពេលដែលលុយបាត់បង់អំណាចទិញ មានន័យថាលុយចំនួនដដែលទិញរបស់បានតិចជាងមុន។ ឧទាហរណ៍ពីមុនអ្នកមានលុយ ២,០០០រៀលអាចទិញអង្ករបានមួយគីឡូក្រាម ប៉ុន្តែឥឡូវនេះលុយ ២,០០០រៀល មិនអាចទិញអង្ករបានមួយគីឡូក្រាមឡើយ ព្រោះអង្ករបានឡើងថ្លៃបាត់ទៅហើយ។
ខាងក្រោមនេះជាផលប៉ះពាល់ធំៗទាំង៥ ដែលបណ្ដាលមកពីវិបត្តិអតិផរណាស្បៀងអាហារ៖
១. បង្កើតចលាចលទីផ្សារ៖ ពេលមានអតិផរណាអាហារ នឹងបង្កើតឱ្យមានការទស្សន៍ទាយតម្លៃទំនិញលើទីផ្សារ ដោយមនុស្សគ្រប់គ្នាភ័យខ្លាចថាទំនិញនឹងបន្តឡើងថ្លៃ។ ឧទាហរណ៍ដូចជា ប្រសិនបើគ្រោះធម្មជាតិបានធ្វើឱ្យវាលស្រែត្រូវទឹកជន់លិច អ្នកប្រើប្រាស់អាចប៉ាន់ស្មានថាការផ្គត់ផ្គង់នឹងថយចុះយ៉ាងខ្លាំង ហើយទិញស្រូវក្នុងបរិមាណកាន់តែច្រើន។ ប្រការនេះនឹងនាំឱ្យមានការរឹតត្បិតសិទ្ធិទទួលបានការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់សហគមន៍មួយចំនួន។
២. កង្វះអាហារូបត្ថម្ភ៖ អតិផរណានាំឱ្យមានវិបត្តិស្បៀងអាហារ កង្វះខាតស្បៀងអាហារនាំអោយមានការថយចុះនូវលទ្ធភាពទទួលបានអាហារ ដែលនាំអោយមានកង្វះអាហារូបត្ថម្ភក្នុងចំណោមជនក្រីក្រ។
៣. ការកើនឡើងនៃថ្លៃដើមផលិតកម្ម និងកម្លាំងពលកម្ម៖ រោងចក្រ និងឧស្សាហកម្មប្រឈមនឹងការខាតបង់ក្នុងអំឡុងពេលអតិផរណាអាហារ ព្រោះតែត្រូវចំណាយច្រើនជាងមុនលើការដឹកជញ្ជូន ព្រមទាំងវត្ថុធាតុដើមឡើងថ្លៃខុសធម្មតា។
៤. ការងារ៖ អតិផរណាអាហារនឹងធ្វើឱ្យរោងចក្រត្រូវបញ្ឈប់បុគ្គលិកដោយសារតែតម្រូវការអ្នកប្រើប្រាស់កាត់បន្ថយ។ ដូច្នេះវិសាលភាពនៃការងារនឹងធ្លាក់ចុះយ៉ាងខ្លាំង។ នេះមានន័យថាអ្នកអត់ការងារធ្វើមិនអាចរកការងារធ្វើបានទេ។ ភាពអត់ការងារធ្វើដ៏ធំនឹងធ្វើឱ្យអ្នកក្រកាន់តែពិបាកដោះស្រាយស្ថានភាពអតិផរណាស្បៀងអាហារ។
៥. ការធ្វើចំណាកស្រុក៖ ដូចដែលបានរៀបរាប់មុននេះថា អតិផរណាអាហារនាំទៅរកភាពអត់ការងារធ្វើយ៉ាងច្រើន។ ដូច្នេះមនុស្សដែលអត់ការងារនឹងបង្ខំចិត្តត្រូវធ្វើចំណាកស្រុក ពីជនបទទៅទីក្រុង ឬទៅប្រទេសដទៃដើម្បីស្វែងរកការងារ យកលុយចិញ្ចឹមជីវិតនឹងគ្រួសារ។
សូមជម្រាបផងដែរថា ផលវិបាកនៃអតិផរណាអាហារមិនមែនមានតែ៥ដូចដែលបានរៀបរាប់ខាងលើនោះទេ ជាក់ស្ដែងវានៅមានច្រើនរាប់មិនអស់ ហើយស្រាលឬធ្ងន់អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចនៃប្រទេស គ្រួសារនីមួយៗ ឬមនុស្សម្នាក់ៗ។ ដូច្នេះដើម្បីបង្ការបញ្ហាកុំឱ្យធ្ងន់ធ្ងរមុនពេលមានវិបត្តិអតិផរណាមកដល់ លោកអ្នកគួរតែរៀនចាត់ចែងលុយឱ្យបានល្អ និងចៀសឱ្យផុតពីបញ្ហាបំណុលវ័ណ្ឌក ព្រមទាំងប្រើប្រាស់លុយឱ្យមានប្រសិទ្ធភាព៕
អត្ថបទដោយ៖ សូ សុខលី


