មួយរយៈចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅវិនិយោគយ៉ាងសំខាន់របស់ក្រុមហ៊ុនធំទាំងក្នុង និងក្រៅប្រទេស ជាពិសេសលើកការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនចំនួន ២ ក៏បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកំពង់ស្ពឺ។
១. តំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក
កាលពីពេលថ្មីៗនេះក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក បានស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ។ ខណៈការស្នើសុំនេះត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកយកមកពិនិត្យពិភាក្សា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
តាមការបញ្ជាក់ ពីគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងតំបន់សេដ្ឋកិច្ចថ្មីនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និង R&D។

២. តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ
កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគមានប្រភពមកពី ទីក្រុងសៀងហៃ ប្រទេសចិន បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនថ្មី១ដែលមានឈ្មោះ តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ (SHANGHAI SPECIAL ECONOMIC ZONE) មានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អភិវឌ្ឍន៍លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា។
ក្នុងនោះដែរថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំរបស់ក្រុមហ៊ុនខាងលើនេះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ដោយកិច្ចប្រជុំនេះក្រោមអធិបតីភាព មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺផងដែរ៕



