ជាដំណឹងរីករាយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ដតាកែវ ខណៈក្រុមហ៊ុនមកពីប្រទេសចិន បានបង្ហាញពីគម្រោងក្នុងការបណ្ដាក់ទុនវិនិយោគខ្នាតធំក្នុងទំហំទឹកប្រាក់ ១ ពាន់លានដុល្លារ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងភូមិសាស្ដ្រខេត្ដដែលកំពុងមានសក្ដានុពលមួយនេះ។

យោងតាមការចេញផ្សាយដោយឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដនៃគណៈអភិបាលខេត្ដតាកែវ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ឲ្យដឹងថា៖ ប្រតិភូរដ្ឋបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន ៣៥ ដឹកនាំដោយលោក HUANG CHENG AN ប្រធានសមាគមសហគ្រាសខ្នាតមធ្យម និងជាអគ្គនាយកក្រុមហ៊ុន Aozhan Industrial Co., Ltd. គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោមទុកវិនិយោគប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាមេរិច ។

ឯកឧត្ដមបន្ថែមថា ក្រុមហ៊ុន Aozhan Industrial Co., Ltd. ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០៥ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហាំងចូវ (Hangzhou) ខេត្តជឺជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ ផលិតកម្ម ការលក់ និងសេវាកម្មនៅក្នុងសហគ្រាសបច្ចេកវិទ្យាកំរិតខ្ពស់លំដាក់អន្តរជាតិ។

សូមជម្រាបថា នៅមួយរយៈចុងក្រោយនេះ ខេត្ដតាកែវបានក្លាយជាគោលដៅសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនធំៗ ពិសេសក្រុមហ៊ុនមកពីប្រទេសចិន។ ដោយសារកន្លងទៅឯកឧត្ដមអភិបាលខេត្ដតែងតែធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសចិនដើម្បីកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងខេត្ដរបស់ខ្លួន។
បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិបាលកម្ពុជា (CDC) នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ នេះ ខេត្ដតាកែវទទួលបានគម្រោងវិនិយោគ ៣២ គម្រោង ក្នុងចំណោមគម្រោងដែលកម្ពុជាទទួលសរុបចំនួន២៧៦ ដែលមានទំហំទុនវិនិយោគ ៤.៧ ពាន់លានដុល្លារ៕




