ក្រុមហ៊ុនធំៗចំនួន ២ បានធ្វើការស្នើសុំនៅក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននៅក្នុងខេត្ដតាកែវ និងខេត្ដកំពង់ធំ។ ដោយតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះគឺផ្ដោតទៅលើវិស័យកសិកម្ម និងឧស្សាហកម្ម ហើយរំពឹងនឹងបង្កើតឱកាសការងារជូនពលរដ្ឋនៅក្នុងតំបន់ជាច្រើននាក់ផងដែរ។
១. ខេត្ដតាកែវ
ក្រុមហ៊ុន Aozhan Industrial Co., Ltd. ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានបង្ហាញពីគម្រោងនៅក្នុងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី នៅលើទឹកដីខេត្ដតាកែវ។ ដោយគម្រោងនេះមានទុនវិនិយោគប្រមាណ ១ ពាន់លានដុល្លារឯណោះ។

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដនៃគណៈអភិបាលខេត្ដតាកែវ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ឲ្យដឹងថា៖ ប្រតិភូរដ្ឋបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន ៣៥ ដឹកនាំដោយលោក HUANG CHENG AN ប្រធានសមាគមសហគ្រាសខ្នាតមធ្យម និងជាអគ្គនាយកក្រុមហ៊ុន Aozhan Industrial Co., Ltd. គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោមទុកវិនិយោគប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាមេរិច ។
ឯកឧត្ដមបន្ថែមថា ក្រុមហ៊ុន Aozhan Industrial Co., Ltd. ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០៥ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហាំងចូវ (Hangzhou) ខេត្តជឺជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ ផលិតកម្ម ការលក់ និងសេវាកម្មនៅក្នុងសហគ្រាសបច្ចេកវិទ្យាកំរិតខ្ពស់លំដាក់អន្តរជាតិ។

២. ខេត្ដកំពង់ធំ
ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក បានស្នើសុំនៅក្នុងការបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលផ្ដោតពិសេសលើឯកទេសស្វាយចន្ទី មានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ធំ។ នេះបើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាពេលថ្មីៗនេះ។
ប្រភពដដែលបានបញ្ជាក់ថា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសឯកទេសគំរូមួយសម្រាប់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើការកែច្នៃស្វាយចន្ទី។

យោងតាមរបាយការណ៍របស់ គណៈកម្មាធិការវិនិយោគកម្ពុជា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា បានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ៕


