នៅក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ដែលមានទីតាំងស្ថិតនៅក្នុងកំពតចំនួន ២ គម្រោង និងនៅខេត្ដកំពង់ស្ពឺចំនួន ១ គម្រោង។ យោងតាមរបាយការណ៍របស់ CDC ចេញផ្សាយនៅថ្ងៃទី១០ ខែមករា គម្រោងទាំងនោះរួមមាន៖
១. តំបន់សេដ្ឋកិច្ចពិសេស កំពត ហ៊្វូជាន
គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កំពត ហ៊្វូជាន នេះមានទីតាំងស្ថិតនៅក្នុងស្រុកជុំគិរី ខេត្ដកំពត ដែលមានទុនវិនិយោគសរុប ១២០ លានដុល្លារ។ នៅពេលបើកដំណើរការគម្រោងនេះក៏នឹងបង្កើតឱកាសការងារបានចំនួន ២៣៧ កន្លែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។
២. តំបន់សេដ្ឋកិច្ចពិសេស ខេភី យ៉ញ
គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេភី យ៉ញ គឺមានទីតាំងស្ថិតនៅក្នុងក្រុងបូកគោ ខេត្ដកំពត។ គម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះគឺមានទុនវិនិយោគ ៦៥ លានដុល្លារ ហើយនៅពេលបើកដំណើរការក៏នឹងបង្កើតឱកាសការងារចំនួន ២៩១ ផងដែរ។
៣. តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ឡូជីស្ទិក អេន អ៊ិនដាសស្ទ្រៀល ខមផ្លេកស៍ (ខេមបូឌា ស៊ូភើផត)
គម្រោងសេដ្ឋកិច្ចពិសេសភ្នំពេញ ឡូជីស្ទិក អេន អ៊ិនដាសស្ទ្រៀល ខមផ្លេកស៍ (ខេមបូឌា ស៊ូភើផត) គឺមានទីតាំងស្ថិតនៅក្នុងក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ គម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ គឺមានទុនវិនិយោគសរុប ៧៥ លានដុល្លារ នៅពេលបើកដំណើរការនឹងបង្កើតឱកាសការងារចំនួន ៣៤០ កន្លែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ៕




