នៅក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើន ៣,៥ភាគរយ ដែលបានគាំទ្រដោយកំណើនល្អនៃ ការនាំចេញ វិនិយោគផ្ទាល់បរទេស និងការកើនឡើងនៃផលិតកម្មក្នុងស្រុក។ ទោះយ៉ាងណា សង្គ្រាមនៅមជ្ឈិមបូព៌ា ការអូសបន្លាយនៃបញ្ហាព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ពីបញ្ហាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បានកាត់បន្ថយល្បឿនកំណើនក្នុងវិស័យមួយចំនួន ជាពិសេសវិស័យ ទេសចរណ៍ ប្រាក់បង្វែររបស់ពលករដែលធ្វើការនៅក្រៅប្រទេស ព្រមទាំងវិស័យសំណង់ និង អចលនទ្រព្យ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ឆ្នាំ២០២៦របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី២៧កក្កដាឆ្នាំ២០២៦។

របាយការណ៍នេះបានបញ្ជាក់ទៀតថាគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ វិស័យកម្មន្តសាលបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោងកំណើនសេដ្ឋកិច្ចកម្ពុជា ដោយត្រូវបានប៉ាន់ស្មានថាកើនឡើង ៧ភាគរយ បើទោះជាទាបជាងឆមាសទី១ ឆ្នាំមុន (១០,៧ភាគរយ)។
សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារ ដ៏ចម្បង ដោយសមាមាត្រនាំចេញផលិតផលកាត់ដេរទៅសហរដ្ឋអាមេរិកធៀបនឹងការនាំចេញ ផលិតផលកាត់ដេរសរុបបានកើនឡើងពី ២៦ភាគរយ នាឆមាសទី១ ឆ្នាំ២០១៨ ទៅ ៤៣,៧ភាគរយ នាឆមាសទី១នេះ ខណៈដែលទីផ្សារអឺរ៉ុបបានថយចុះពី ៣៤,៤ភាគរយ មកត្រឹម ២៥,៣ភាគរយ។
សម្រាប់វិស័យទេសចរណ៍ត្រូវបានប៉ាន់ស្មានថា ថយល្បឿនកំណើនមកត្រឹម០,១ភាគរយដែលទាបជាង ឆមាសទី១ឆ្នាំមុន ៦,១ភាគរយ។ ភ្ញៀវអន្តរជាតិបាន ធ្លាក់ចុះ -៤៧,៩ភាគរយ មក ១,៨ លាននាក់ (៣,៤ លាន នាក់ នាគ្រាដូចគ្នាឆ្នាំមុន) ប៉ុន្តែបើមិនរាប់បញ្ចូល ភ្ញៀវថៃ“ ភ្ញៀវអន្តរជាតិបានធ្លាក់ចុះ -២៩,ភាគរយ។
ចំណូលទេសចរណ៍អន្តរជាតិសរុបទទួលបាន ១,៤ ប៊ីលានដុល្លារអាមេរិកដែលបានថយ -៣១,៥ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈដែលចំណូលពីការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរបានថយចុះ -២៩,៨ភាគរយ មក ១៨,៥ លានដុល្លារអាមេរិក៦។ យ៉ាងណាមិញ ទេសចរ ក្នុងស្រុកបន្តរក្សាកំណើនល្អ ដោយបានកើនឡើង ៥០,៥ភាគរយ (ស្មើ២១,៩ លាននាក់)។ ចំពោះវិស័យកសិកម្មត្រូវបានប៉ាន់ស្មានថាមានកំណើន ០,៧ភាគរយ ដែលទាបជាងឆមាសទី១ ឆ្នាំមុន ១,២ភាគរយ។
ផលស្រូវរដូវប្រាំងបានថយចុះ -៧,៥ភាគរយ (១០,៩ភាគរយ គ្រាដូចគ្នាឆ្នាំមុន) មក ៣,៩ លានតោន ដែលជាចម្បងដោយសារតែការអាក់ខានបង្កបង្កើនផល នាចុងឆ្នាំ២០២៥ ពេលដែលតំបន់ជាប់ព្រំដែន កម្ពុជា-ថៃទទួលរងការឈ្លានពាន គួបផ្សំនឹងការកើនឡើងថ្លៃដើមផលិតកម្មកសិកម្ម (ប្រេងឥន្ធនៈ និងជីកសិកម្ម)។

វិស័យសំណង់ត្រូវបានប៉ាន់ស្មានថាកើនឡើងទាបក្នុងអត្រា ០,៣ភាគរយ ដែលទាបជាង ឆមាសទី១ ឆ្នាំមុន ១,១ភាគរយ ដែលគាំទ្រជាចម្បងដោយគម្រោងសំណង់ឧស្សាហកម្ម និងសំណង់សាធារណៈ។ ដោយឡែកវិស័យអចលនទ្រព្យបានបន្តមានកំណើនទាប ដែលត្រូវបានប៉ាន់ស្មាន ថាកើន ០,១ភាគរយ បើធៀបនឹង ១,៧ភាគរយ នាឆមាសទី១ឆ្នាំមុន ។ សកម្មភាពលក់ផ្ទះ ត្រូវបានប៉ាន់ស្មានថយល្បឿនមក ៣ភាគរយ (៤៤,៩ភាគរយ ឆ្នាំមុន) ខណៈការលក់ ខុនដូបន្តថយចុះ -២៥ភាគរយ (-៣០,៤ភាគរយ ឆ្នាំមុន)៕


