សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបានការឧបត្ថម្ភធំដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាពីក្រុមហ៊ុន វឌ្ឍនៈ ក្រោយពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូឧបត្ថម្ភភេសជ្ជៈផ្តាច់មុខ រវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុន វឌ្ឍនៈ ដែលធ្វើឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងការរៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីព Dragon The Golden Ring 2026 ដែលនឹងចាប់ផ្ដើមប្រកួតនៅចុងខែកុម្ភៈនេះ។

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់ថាកីឡាប្រដាល់សកលជាកីឡាមួយប្រភេទដែលមានសក្តានុពលខ្ពស់ក្នុងការនាំប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ហើយភាពជាដៃគូសហការគ្នានេះ គឺជាការបើកផ្លូវផ្តល់ឱកាសដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជាតាមបណ្តាក្លឹបបានអភិវឌ្ឍសមត្ថភាពបទពិសោធន៍ ដ៏ដូចជារួមចំណែកបង្កើតធនធានក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ ទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន ក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតលើឆាកអន្តរជាតិជាច្រើន ដូចជាការប្រកួតអាស៊ីហ្គេមឆ្នាំ ២០២៦ នៅប្រទេសជប៉ុន ការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ការប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក ជាពិសេសដំណើរឆ្ពោះទៅដណ្តើមមេដាយក្នុងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

នេះជាការជួយជ្រោមជ្រែងរួមចំណែកកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនកូនខ្មែរដ៏លេចធ្លោ ហើយចូលរួមលើកស្ទួយអភិវឌ្ឍគ្រប់វិស័យកីឡានៅប្រទេសកម្ពុជា មិនថាវិស័យកីឡាបាល់ទាត់ វិស័យកីឡាប្រដាល់គុនខ្មែរ វិស័យកីឡាប្រដាល់សកល និងព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទរួមទាំងការប្រកួតកីឡាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។
គាំទ្រផលិតផលខ្មែរ គាំទ្រផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដើម្បីវឌ្ឍនៈភាពវិស័យកីឡានៅប្រទេសកម្ពុជាកាន់តែរីកចម្រើន។





