ចង់រួចផុតពីច្រវាក់ប្រាក់ខែ ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ ថាបុគ្គលិកត្រូវមានផ្នត់គំនិតការងារបែបនេះ
Ping Chou EngFEBRUARY 26 20241.2 K views

ប្រាក់ខែជាចំណងមួយដែលចងបុគ្គលិកដែលធ្វើការមិនដុះជំនាញ សល់តែក្បាលពោះ ធ្វើយូរៗកើតស្រ្តេស មុខចាស់ ជ្រុះសក់ ចង់ឈប់ពីការងារក៏ឈប់មិនបាន ព្រោះត្រូវរស់ពឹងលើប្រាក់ខែ នៅទ្រាំធ្វើការទាំងមិនសប្បាយចិត្ត។ បញ្ហានេះមានបុគ្គលិកមិនតិចនាក់នោះទេដែលធ្លាប់បានជួបនិងមានខ្លះកំពុងតែជួប។

 

ការកាត់ផ្តាច់ចំណងប្រាក់ខែមិនមែនមានន័យថា ត្រូវលាឈប់ពីការងារនោះទេ តែជាការកសាងចំណូលបន្ថែមក្រៅពីប្រាក់ខែ ឈប់រស់ពឹងលុយប្រាក់ខែតែមួយច្រក មានសេរីភាព អាចកសាងគ្រឹះក្លាយខ្លួនជាថៅកែម្នាក់ដែរនាពេលអនាគត។

 

យ៉ាងណាមិញភ្ជាប់ជាមួយប្រធាន​បទខាងលើ ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុន​ ម៉ុង ឬទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដ៏មានប្រជាប្រិយភាពមួយរូប បានចែករំលែកថាបុគ្គលិកត្រូវមានផ្នត់គំនិតថៅកែចំនួន៥យ៉ាង ដែលនាំឱ្យគេអាចកសាងខ្លួន​រួចផុតពីច្រវាក់ប្រាក់ខែបាន។

 

.ប្រមូលផលឱ្យថៅកែ៖ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ចំពោះបុគ្គលិកដែលយល់ថាទៅធ្វើការដើម្បីបានបើកប្រាក់ខែគឺជាការយល់ច្រឡំមួយ តែការពិតដើម្បីទទួលបានប្រាក់ខែគឺជាការធ្វើការងារឱ្យមានប្រសិទ្ធិភាពល្អទៅតាមការកំណត់គោលដៅប្រចាំខែរបស់ក្រុមហ៊ុន។ ជាក់ស្តែងការធ្វើការងារឱ្យត្រូវតាមគោលដៅរបស់ក្រុមហ៊ុនដែលបានកំណត់ប្រកបដោយប្រសិទ្ធិភាពគឺជាសរសេរគ្រឹះទី១ដែលនាំឱ្យក្លាយជាបុគ្គលិកឆ្នើម​បាន។

 

.​ចេះធ្វើការងារជាក្រុម៖ បុគ្គលិកឆ្នើមត្រូវចេះធ្វើការងារជាក្រុមឱ្យបានល្អដើម្បីសន្សំទំនាក់ទំនង និងជាពិសេសលួចរៀនពីអ្នកខ្លាំងពូកែ។ ​មនុស្សយើងអាចចង់ចេះ តែប្រហែលមិនចង់ឱ្យនរណាចេះជាងខ្លួនទេ តែការគិតបែបនេះមិនមែនជាបុគ្គលិកគំនិតថៅកែទេ ព្រោះយើងអាចបាត់ឱកាសរៀនសូត្រពីមនុស្សជុំវិញខ្លួន ហើយបើយើងមិនរៀនពីគំនិតមនុស្សជុំវិញខ្លួនទេ យើងមិនអាចក្លាយខ្លួនជាលេខ១បានឡើយ។

 

.ដាក់ពេលវេលា ត្រូវចំណេញដល់ជីវិត៖ ដើម្បីធ្វើការងារឱ្យក្រុមហ៊ុនមានប្រសិទ្ធិភាពល្អគឺយើងចាយពេលមកអង្គុយធ្វើការរួមក្រុម ស្ទើរភ្លេចគ្រួសារ ប្រពន្ធកូន​ ដែលនេះជាការវិនិយោគដ៏ធំស្ទើរតែជាការវិនិយោគជីវិតទាំងមូល។ ដូច្នេះជាបុគ្គលិកដែលមានផ្នត់គំនិតថៅកែម្នាក់ ត្រូវតែទទួលបានផលអ្វីមួយពីការវិនិយោគបែបនេះត្រឡប់មកវិញ ដោយការនាំយកអ្វីការងារនោះឱ្យមានប្រយោជន៍ចំពោះអនាគតខ្លួនឯង។ ធ្វើការឱ្យគេធ្វើឱ្យរាល់ថ្ងៃ ធ្វើឱ្យបានល្អដូចជារបស់ខ្លួនឯង ដើម្បីសន្សំឱ្យសល់ជំនាញមុតស្រួច សល់ប្រាក់ខែខ្ពស់ ថ្ងៃក្រោយមានឱកាសចេញធ្វើថៅកែខ្លួនឯង កុំទុកពេលឱ្យកន្លងទៅដោយមិនបានខិតខំអស់ពីលទ្ធភាព។ 

 

.មើលសេដ្ឋកិច្ច៖ ឯកឧត្តមបានមានប្រសាសន៍ថាមនុស្សដែលមានជំនាញភាគច្រើនតែងភ្លេចគិតអំពីសេដ្ឋកិច្ច ភ្លេចគិតលើការបង្កើតចំណូលពីជំនាញ និងរបៀបរៀបចំហិរញ្ញាវត្ថុឱ្យបានត្រឹមត្រូវ។ ដូច្នេះជាបុគ្គលិកផ្នត់គំនិតថៅកែមិនត្រឹមតែគិតពីការធ្វើការងារតាមជំនាញប៉ុណ្ណោះទេ តែគួរមើលពីសេដ្ឋកិច្ចរបស់ប្រទេសជាតិ សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដឹងពីចំណូល ចំណាយ ខាត ចំណេញរបស់ក្រុមហ៊ុនបន្ថែមទៀតនឹងកាន់តែប្រសើរ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia