អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន មើលឃើញឱកាសវិនិយោគក្នុងវិស័យដីធ្លី បើទោះទីផ្សារមានភាពស្ងប់ស្ងាត់
Bunthoeun KoemJUNE 13 202613 views

បច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យហាក់មានភាពស្ងប់ស្ងាត់ ដោយសាររងផលប៉ះពាល់ពីវិបត្តសេដ្ឋកិច្ចសកល និងបញ្ហាសង្គ្រាមបន្តបន្ទាប់។ យ៉ាងណាមិញ ទោះបីជាទីផ្សារធ្លាក់ចុះ ប៉ុន្តែអ្នកវិនិយោគមួយចំនួននៅតែបន្តទិញដីធ្លី និងអចលនទ្រព្យទុក ដើម្បីបង្កើតឱកាសចំណេញនៅពេលអនាគត។

 

ជាក់ស្តែង អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អ្នកវិនិយោគអចលនទ្រព្យ និងជាប្រធានសម័្ពន្ធក្រុមហ៊ុន SAM SN Group បាននិងកំពុងបន្តវិនិយោគលើវិស័យដីធ្លីយ៉ាងសកម្ម ជាពិសេសដីនៅតំបន់ជាយក្រុង ដោយលោកមើលឃើញថា ដីធ្លីនឹងមានតម្រូវការខ្ពស់ឡើងវិញនៅពេលខាងមុខ។

 

550282349 1100135275541377 4775831986862355786 N

 

ថ្លែងប្រាប់ Business Cambodia អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានទទួលស្គាល់ថា ទីផ្សារបច្ចុប្បន្នពិតជាស្ងប់ស្ងាត់ និងធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពិតមែន។ ប៉ុន្តែផ្ទុយទៅវិញ លោកចាត់ទុកថានេះជាឱកាសនៅក្នុងការវិនិយោគ ព្រោះអាចទិញអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃ និងមានជម្រើសច្រើន។

 

លោកបានសង្កត់ធ្ងន់ថា៖ ជាទូទៅ ទីផ្សារដីធ្លីតែងតែមានពេលឡើងនិងពេលចុះ។ ពេលវេលានេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការទិញបន្ថែមក្នុងតម្លៃទាប ដើម្បីទុកអភិវឌ្ឍន៍ ឬលក់យកចំណេញនៅពេលអនាគត។ ដីធ្លីនឹងមិនសាបសូន្យឡើយ ដរាបណាមនុស្សនៅតែមានជីវិត និងមានតម្រូវការរស់នៅក្នុងផ្ទះដែលធំជាងមុន និងស្អាតជាងមុន។

 

អ្នកឧកញ៉ាបន្ដថា កម្ពុជាគឺជាប្រទេសមួយដែលកំពុងតែធ្វើការអភិវឌ្ឍទៅមុខ ដែលមានការដឹកនាំដោយឈ្លាសវៃរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយនឹងមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នដែលកំពុងតែបន្តដឹកនាំ កៀរគរ ទាក់ម៉ូយ ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជារ។

 

710483436 1294607989427437 8413043257150426992 N

 

កត្ដាទាំងនេះហើយ ដែលធ្វើឲ្យលោកជឿជាក់ថា ដីធ្លីនៅក្នុងទីក្រុងភ្នំពេញ នៅជុំវិញរាជធានីភ្នំពេញក្តី នឹងនៅតែមានឱកាសដើម្បីរីកចម្រើនឡើងៗជាលំដាប់។ ជាពិសេស កម្ពុជាជាប្រទេសដែលកំពុងតែធ្វើការអភិវឌ្ឍយ៉ាងឆាប់រហ័ស កំណើនសេដ្ឋកិច្ចក៏ខ្ពស់ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺត្រូវការពង្រីក និងអភិវឌ្ឍបន្តទៀត។ ទីណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ស្ពាន បែបហ្នឹង គឺនឹងមានការរីកចម្រើនហើយ។

 

ចំពោះមូលហេតុដែលអ្នកឧកញ៉ាសម្រេចចិត្តជ្រើសរើសវិនិយោគនៅតំបន់ជាយក្រុងភ្នំពេញ ដោយសារតែតំបន់ទីក្រុងភ្នំពេញ គឺវាបានឡើងថ្លៃរួចទៅហើយ។ ហើយមួយវិញទៀត ភាគរយនៃផលចំណេញ គឺបានតិចជាងការវិនិយោគដីជាយក្រុងភ្នំពេញ។

 

ក្នុងនោះដែរមូលហេតុដែលអ្នកជំនាញរូបនេះសម្រេចចិត្តវិនិយោគដីជាយក្រុងភ្នំពេញ ទុករយៈពេលយូរ គឺដោយសារតែយើងបានដឹងហើយថា ដីជាយក្រុងភ្នំពេញ បច្ចុប្បន្ននេះគឺជារដីដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវ គ្រប់ជ្រុងជ្រោយនៅឡើយទេ ហើយក៏ជាដីស្រែដែលកំពុងតែធ្វើការប្រមូលផលផ្នែកកសិកម្ម ឬក៏វិនិយោគទិញហើយទុកចោលធ្វើកសិកម្មជាដើម។ អ៊ីចឹង ដរាបណាដីនេះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវល្អ មិនទាន់មានស្ពានដើម្បីទៅដល់កន្លែងហ្នឹង ឬក៏មិនទាន់ក្លាយទៅជាដីលំនៅឋាន គឺយើងនឹងមានឱកាសទិញហើយ នៅពេលអនាគតកែប្រែទៅជាដីលំនៅឋាន ដែលនឹងធ្វើឱ្យដីនោះនឹងមានតម្លៃថ្លៃ។

 

មួយវិញទៀត ដីជាយក្រុងភ្នំពេញ គឺមានផលចំណេញខ្ពស់ ច្រើនជាងដីក្នុងទីក្រុងភ្នំពេញ ព្រោះដីជាយក្រុងភ្នំពេញនៅមានតម្លៃធូរថ្លៃ ហើយនឹងមានតម្លៃដែលអាចកើនឡើងជាច្រើនដង នៃចំនួនទឹកប្រាក់ដែលវិនិយោគ។

 

435

 

អ្នកឧកញ៉ាបានលើកឧទាហរណ៍ជាក់ស្ដែង៖ តំបន់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីមុនជាដីស្រែមានទឹកលិច និងគ្មានផ្លូវធ្វើដំណើរ ដែលមានតម្លៃត្រឹមតែ ៣ ដុល្លារទៅ ៥ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែបច្ចុប្បន្ន ក្រោយមានការអភិវឌ្ឍ តម្លៃដីបានហក់ឡើងដល់ ២០០ ទៅ ៣៥០ដុល្លារ ហើយតំបន់ផ្លូវ៦០ម៉ែត្រវិញ ខ្លះឡើងរហូតដល់ ៥០០ ទៅ ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន។

 

កត្តាសំខាន់មួយទៀត ដែលធ្វើឱ្យអ្នកឧកញ៉ាសម្រេចចិត្តទិញដីទុកក្នុងរយៈពេលវែងបែបនេះ គឺការវិនិយោគទៅតាមលទ្ធភាពជាក់ស្តែង។ លោកបានបញ្ជាក់ថា លោកតែងតែប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីអាជីវកម្មផ្សេងៗ ដើម្បីទិញដីបន្ថែម ដោយមិនពឹងផ្អែកលើការខ្ចីពីធនាគារឡើយ។ ការមិនជាប់បំណុលបែបនេះ ធ្វើឱ្យលោកអាចរក្សាអចលនទ្រព្យទុកបានយូរអង្វែង និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់ផលចំណេញនៅថ្ងៃអនាគត។

 

យ៉ាងណាការទិញដីធ្លីនៅជាយក្រុងនេះមិនមែនចេះទិញឲ្យតែបាននោះទេ ដោយអ្នកឧកញ៉ា គឺបានផ្អែកលើគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ចំនួន ៣ រួមមាន៖

 

គោលដៅទី១៖ ការវិនិយោគរយៈពេលយូរដើម្បីផលចំណេញ

 

ទិញដីជាយក្រុងទុកក្នុងរយៈពេលវែង ដើម្បីរង់ចាំឱកាសពង្រីកខ្លួននៃទីក្រុង។ នៅពេលដែលតំបន់នោះប្រែហែក្លាយទៅជាតំបន់លំនៅឋាន ឬតំបន់ពាណិជ្ជកម្ម ខ្ញុំនឹងលក់ចេញវិញក្នុងតម្លៃមួយដែលទទួលបានផលចំណេញខ្ពស់។

 

គោលដៅទី២៖ ការទាក់ទាញដៃគូវិនិយោគអន្តរជាតិ

 

ការត្រៀមដីធ្លីទុកជាមុន គឺដើម្បីបង្កើតភាពងាយស្រួល និងឱកាសក្នុងការទាក់ទាញវិនិយោគិនពីបរទេស មកសហការបោះទុនរួមគ្នា បំប្លែងដីនោះទៅជាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម ឬជាបណ្តុំរោងចក្រសហគ្រាសផ្សេងៗ។

 

គោលដៅទីបី៖ ការត្រៀមខ្លួនក្លាយជាអ្នកអភិវឌ្ឍន៍បុរី៖

 

ការទិញដីទុកក្នុងរយៈពេលពី ៥, ៧ ទៅ ១០ ឆ្នាំ គឺដើម្បីត្រៀមខ្លួនអភិវឌ្ឍទៅជាគម្រោងបុរីផ្ទាល់ខ្លួននៅថ្ងៃអនាគត ចំពេលដែលតំបន់នោះមានការរីកចម្រើនខ្លាំង។ អ្នកឧកញ៉ាបញ្ជាក់ថា ក្នុងការបង្កើតគម្រោងបុរី យើងមិនអាចទិញដីដែលមានតម្លៃថ្លៃស្រាប់មកអភិវឌ្ឍនោះទេ ព្រោះវាមិនអាចទទួលបានផលចំណេញ។ បើ យើងក្រឡេកមើលរៀមច្បងជំនាន់មុនៗដែលជោគជ័យ គឺពួកគាត់សុទ្ធតែបានទិញដីជាយក្រុងទុកចោលជាច្រើនកន្លែងតាំងពីយូរលង់ណាស់មកហើយ។

 

នៅពេលដែលទីផ្សារតំបន់នោះឡើងថ្លៃ និងក្លាយជាចំណុចអភិវឌ្ឍន៍ថ្មី ពួកគាត់ក៏យកដីធ្លីទាំងនោះមកបង្កើតជាគម្រោងលំនៅឋាន។ យុទ្ធសាស្ត្រនេះធ្វើឱ្យពួកគាត់អាចលក់ផ្ទះក្នុងតម្លៃមួយដ៏ល្អ និងប្រកួតប្រជែងជាងគេនៅលើទីផ្សារ ដែលជាហេតុនាំឱ្យទទួលបានផលចំណេញទ្វេរដង ពោលគឺ «ចំណេញទាំងពីដីឡើងថ្លៃ ថែមទាំងចំណេញពីការអភិវឌ្ឍគម្រោងទៀតផង»

 

700669753 122102534127315833 2541439831799170866 N

 

ក្រៅពីគោលដៅទាំង ៣ ខាងលើ នៅក្នុងនាមជាអ្នកវិនិយោគលើវិស័យដីធ្លី និងអចលនទ្រព្យ យុទ្ធសាស្ត្រវិនិយោគនាពេលបច្ចុប្បន្នរបស់អ្នកឧកញ៉ា សំ សុខនឿន បានបែងចែកចេញជា ៣ ប្រភេទផងដែរ ទៅតាមភូមិសាស្ត្រ និងគោលបំណងច្បាស់លាស់៖

 

ប្រភេទទី១៖ ការវិនិយោគរយៈពេលខ្លីលើដីក្នុងក្រុង

 

ផ្តោតលើការទិញដីដែលមានទំហំតូចល្មម (ចន្លោះពី ២០, ៣០, ៤០ ទៅ ៥០ អា) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់គម្រោងរយៈពេលខ្លី ដោយមិនលើសពី ៥ ឆ្នាំ។ ការប្រមូលដីប្រភេទនេះ គឺដោយសារអ្នកឧកញ៉ាមើលឃើញថា តម្រូវការសាងសង់អគារស្នាក់នៅ និងអគារពាណិជ្ជកម្មខ្នាតតូចនៅក្នុងក្រុង គឺនៅតែមានជានិច្ច ហើយក្នុងពេលដ៏ខ្លីខាងមុខ នឹងមានលំហូរអ្នកវិនិយោគិនចូលមកបន្តបន្ទាប់ ដែលជាឱកាសល្អក្នុងការលក់ចេញយកផលចំណេញ។

 

ប្រភេទទី២៖ ការវិនិយោគដីនៅតំបន់ជុំវិញទីក្រុង

 

អ្នកឧកញ៉ាបានសម្រេចចិត្តដាក់ទុនវិនិយោគដីធ្លីនៅជុំវិញជាយក្រុងភ្នំពេញ គ្រប់ទិសដៅទាំងអស់ ដោយកំណត់ចម្ងាយជាមធ្យមមិនឱ្យហួសពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីកណ្តាលក្រុងឡើយ។ មូលហេតុចម្បង គឺដោយសារអ្នកជំនាញរូបនេះមានជំនឿចិត្តយ៉ាងមុតមាំលើល្បឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ ដែលរីកសាយភាយចេញទៅក្រៅជាលក្ខណៈរង្វង់មូល។

 

ប្រភេទទី៣៖ ការវិនិយោគលើដីតំបន់ឧស្សាហកម្ម

 

អ្នកឧកញ៉ាជ្រើសរើសការទិញប្រមូលដីធំៗដែលមានទីតាំងល្អ ស្ថិតក្នុងតំបន់សក្តានុពលឧស្សាហកម្ម។ ឧទាហរណ៍៖ ដូចជាខេត្តកំពង់ស្ពឺ ដែលមានតម្លៃដីនៅធូរថ្លៃ និងមានចម្ងាយមិនហួសពី ៧០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គោលបំណងស្នូលនៃការទិញដីប្រភេទនេះ គឺដើម្បីរៀបចំទុកសម្រាប់គៀងគរដៃគូវិនិយោគ ក្នុងការបង្កើតជារោងចក្រ សហគ្រាស សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស។ យុទ្ធសាស្ត្រនេះផ្តល់ភាពបត់បែនខ្ពស់ ពោលគឺយើងអាចអភិវឌ្ឍខ្លួនឯងផង លក់ឬពុះចែកជូនដៃគូផង ឬក៏ចូលហ៊ុនវិនិយោគរួមគ្នាជាមួយដៃគូតែម្តង។

 

Photo 2025 10 19 12 37 52

 

សូមជម្រាបថា ក្រៅពីជាអ្នកជំនាញនៅក្នុងការវិនិយោគនៅលើអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ា សំ សុខនឿន ក៏ជាម្ចាស់ស្នាដៃសៀវភៅ គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងវិស័យអចលនទ្រព្យ ដែលសៀវភៅនេះសរសេររៀបរាប់ពីដំណើរការ​កសាង​គ្រឹះ​ក្នុង​វិស័យ​អចលនទ្រព្យ ការដឹកនាំ​ជីវិត និង​អាជីវកម្ម​របស់​អ្នក​ឧកញ៉ាផ្ទាល់រយៈពេលជិត ២០ ឆ្នាំកន្លងមក។ សម្រាប់លោកអ្នកដែលចង់បានសៀវភៅមួយក្បាលនេះអាចស្វែងរកទិញបាននៅតាមបណ្ណាគារ ឬទាក់ទងទិញតាម Telegram: 010 777 472 ឬហ្វេសប៊ុកផេក Dr. Sam Soknoeun បណ្ឌិត សំ សុខនឿន

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia