ប្រយ័ត្នទឹកភ្នែក! នេះជារឿងទាំង១០ ដែលអ្នករកស៊ីកុំធ្វើឱ្យសោះបើមិនចង់ឱ្យអាជីវកម្មឆាប់ក្ស័យធន
ធី ស្រីល័ក្ខFEBRUARY 25 2026341 views

ជីវិតជាអ្នករកស៊ីតែងតែជួបនៅបញ្ហាតូចធំចៀសមិនផុតនោះឡើយ មិនថាជាអ្នករកស៊ីយូរឆ្នាំឬតិចឆ្នាំនោះទេគឺបញ្ហាតែងតែជួបជានិច្ច ប៉ុន្តែសម្រាប់អ្នករកស៊ីថ្មីថ្មោងគឺជួបបញ្ហាខ្លាំងជាងអ្នករកស៊ីយូរឆ្នាំទៅទៀត ជាពិសេសនោះគឺបញ្ហាលុយកាក់ឬរកស៊ីយូរៗបាត់ទាំងដើមបាត់ទាំងចុងចំណែកការរកស៊ីក៏លែងទៅមុខផងដែរ។ ខាងក្រោមនេះជារឿងទាំង១០ ដែលអ្នករកស៊ីមិនគួរធ្វើបើមិនចង់ឱ្យអាជីវកម្មឆាប់ដួល៖

 

១.ការចំណាយដែលលើសពីសមត្ថភាព៖ ជាការពិតណាស់កំហុសដ៏ធំបំផុតរបស់អ្នករកស៊ីជាពិសេសនោះគឺអ្នកដែលចេញរកស៊ីថ្មីថ្មោងគឺការយកលុយទៅវិនិយោគលើ "សំបកក្រៅ" ច្រើនពេក ដូចជាការជួលការិយាល័យប្រណីត តុបតែងហាងហួសហេតុ ឬទិញសម្ភារៈថ្លៃៗដែលមិនទាន់ចាំបាច់។ នៅក្នុងដំណាក់កាលដំបូង អ្នកគួររក្សាសាច់ប្រាក់ក្នុងដៃឱ្យបានច្រើនបំផុតទើបជាងរឿងល្អ។

 

២.មិនស្គាល់អតិថិជនគោលដៅច្បាស់លាស់៖ មានម្ចាស់អាជីវកម្មមួយចំនួនតែងតែគិតថា "ទំនិញខ្ញុំល្អ នរណាចង់ប្រើក៏អាចប្រើបានដែរ" ការគិតបែបនេះគឺខុសទាំងស្រុង ដូច្នេះបើអ្នកចង់លក់ឱ្យមនុស្សគ្រប់គ្នាអ្នកនឹងមិនអាចលក់ឱ្យនរណាម្នាក់បានឡើយ អ្នកត្រូវដឹងថា តើអតិថិជនរបស់អ្នកជាអ្នកណា? ពួកគេនៅឯណា? និងមានបញ្ហាអ្វីដែលអ្នកអាចដោះស្រាយឱ្យពួកគេបានក្នុងនាមជាអ្នកលក់ម្នាក់?

 

៣.រកស៊ីតាមគ្នា៖ មានអ្នករកស៊ីថ្មីថ្មោងមួយចំនួនឃើញគេលក់កាហ្វេដាច់ ក៏បើកលក់តាមគេ ឃើញគេលក់អនឡាញ ក៏ធ្វើតាមគេ ដោយគ្មានចំណុចខុសប្លែកអ្វីពីគេទាល់តែសោះ។ បងប្អូនត្រូវចាំថាបើសិនជាអាជីវកម្មអ្នកគ្មានអ្វីពិសេសជាងគេទេអតិថិជនគ្មានហេតុផលអ្វីដែលត្រូវមកទិញពីអ្នកឡើយ។

 

៤.មិនខ្វល់រឿងបញ្ជីគិតគូចំណូល-ចំណាយ៖ អ្នករកស៊ីថ្មីថ្មោងភាគច្រើនតែងតែច្របូកច្របល់រវាង "លុយផ្ទាល់ខ្លួន" និង "លុយអាជីវកម្ម"។ ការដកលុយអាជីវកម្មមកចាយវាយផ្ទាល់ខ្លួនដោយគ្មានការកត់ត្រា នឹងធ្វើឱ្យអ្នកខ្វះទុនបង្វិល និងមិនដឹងថាអាជីវកម្មចំណេញឬខាតពិតប្រាកដនោះទេ ដូច្នេះបងប្អូនត្រូវកត់បញ្ជីឱ្យបានត្រឹមត្រូវនិងបែងចែកលុយផ្ទាល់ខ្លួននិងលុយសម្រាប់ចំណាយក្នុងអាជីវកម្មឱ្យបានច្បាស់លាស់។

 

៥.ចង់ចំណេញលឿនពេក៖ ជាការពិតណាស់ អាជីវកម្មមួយត្រូវការពេលវេលាដើម្បីដុះឫស។ បើសិនជាអ្នកចេញរកស៊ីដោយរំពឹងថានឹងមានឡានជិះ ឬមានផ្ទះវីឡារស់នៅហើយចំណេញខ្លាំងនៅក្នុងខែដំបូង អ្នកនឹងឆាប់អស់សង្ឃឹម។ បងប្អូនត្រូវចាំថាការផ្ដោតលើតែប្រាក់ចំណេញមុនពេលកសាងទំនុកចិត្តពីអតិថិជន នឹងធ្វើឱ្យអ្នកបាត់បង់អតិថិជននៅថ្ងៃក្រោយ។

 

៦.ធ្វើអ្វីៗគ្រប់យ៉ាងម្នាក់ឯង៖ ប្រសិនជាអ្នកក្លាយជាម្ចាស់អាជីវកម្មម្នាក់ ហើយចង់សន្សំលុយដោយធ្វើជាថៅកែផង បុគ្គលិកផង អ្នកដឹកជញ្ជូនផង និងអ្នកធ្វើបញ្ជីផងហ្នឹងធ្វើឱ្យអ្នកគ្មានពេលគិតពីយុទ្ធសាស្ត្រដើម្បីឱ្យអាជីវកម្មរីកចម្រើនទេ។

 

៧.មិនទទួលយកមតិរិះគន់៖ ម្ចាស់អាជីវកម្មខ្លះស្រឡាញ់គំនិតខ្លួនឯងខ្លាំងពេក រហូតមិនព្រមស្តាប់ការរិះគន់ពីអតិថិជនត្រូវចាំថាការអួតអាងនិងការមិនកែសម្រួលតាមតម្រូវការទីផ្សារ គឺជាផ្លូវឆ្ពោះទៅរកភាពបរាជ័យ។

 

៨.ឱ្យគេជំពាក់ច្រើនពេក៖ ក្នុងនាមជាអ្នករកស៊ីថ្មីថ្មោងពេលខ្លះចង់បានម៉ូយពេក សុខចិត្តឱ្យគេទិញជំពាក់ដែលរឿងមួយនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ត្រូវដឹងថាការជំពាក់ច្រើនពេកនឹងធ្វើឱ្យដាច់សរសៃឈាមអាជីវកម្មហើយអ្នកនឹងគ្មានលុយទិញអីវ៉ាន់ចូលស្តុកវិញទេ។

 

៩.មិនយកចិត្តទុកដាក់លើសេវាកម្មអតិថិជន៖ ការលក់ដាច់មួយដងមិនមែនជាជោគជ័យទេ ការដែលអតិថិជនត្រឡប់មកទិញម្តងទៀតទើបជាជោគជ័យពិតប្រាកដ។ បើអ្នកមិនខ្វល់ពីសេវាកម្មក្រោយការលក់ ឬមិនយកចិត្តទុកដាក់នឹងការត្អូញត្អែររបស់អតិថិជន នោះអាជីវកម្មអ្នកនឹងមានឈ្មោះអាក្រក់យ៉ាងលឿនបំផុត។

 

១០.ឈប់រៀនសូត្រ៖ ពិភពលោកផ្លាស់ប្តូររាល់ថ្ងៃបើអ្នកគិតថាខ្លួនឯងចេះអស់ហើយ មិនបន្តសិក្សាពីបច្ចេកវិទ្យាថ្មីៗ ទីផ្សារឌីជីថល ឬចំណេះដឹងគ្រប់គ្រងទេ គូប្រជែងនឹងរត់វ៉ាដាច់អ្នកមិនខាន។ ជាដំណោះស្រាយបងប្អូនត្រូវតែឆ្លៀតរៀនជានិច្ចដើម្បីឱ្យមានគំនិតថ្មីៗក្នុងការចាប់ផ្តើមអាជីវកម្ម៕

2

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia