មេដឹកនាំសហរដ្ឋអាមេរិក និង UN ចេញសារបន្ទាន់មួយបន្ទាប់ពីទាហានថៃបន្ដឈ្លានពានកម្ពុជាជាថ្មី
Bunthoeun KoemDECEMBER 9 2025453 views

ទាហានថៃបានធ្វើការឈ្លានពានមកលើកម្ពុជាថ្មីម្ដងទៀត ដោយបានរំលោភលើសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា  និងបានបណ្ដាលឲ្យប្រជាជន និងកងទ័ពកម្ពុជាបានបាត់បង់ជីវិត។ យ៉ាងណាក្រោយការឈ្លានពានរបស់ថៃនេះដែរ មេដឹកនាំសហរដ្ឋអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ក៏បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយផងដែរ។

 

Image

 

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកម្នាក់បាននិយាយកាលថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថា ប្រទេសកម្ពុជា និងថៃ នឹងគោរពឱ្យបានពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់របស់ ក្រោយពេលមានការប៉ះទង្គិចគ្នាជាថ្មីនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ដែលបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវភៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី៨ ខែធ្នូ។

 

ផ្តល់ព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ដ្រីរូបនោះបានលើកឡើងថា៖ "លោកប្រធានាធិបតី ត្រាំ ប្តេជ្ញាចំពោះការបន្តបញ្ឈប់អំពើហិង្សា និងរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានពេញលេញ ដើម្បីបញ្ចប់ជម្លោះនេះ"។

 

2020 12 17 T153957 Z 566327722 R C23 P K9 D B71 Z Rtrmadp 3 Germany Un

 

នៅថ្ងៃទី៨ ខែធ្នូ ដដែលនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ព្រួយបារម្ភចំពោះរបាយការណ៍ស្តីពីការប៉ះទង្គិចប្រដាប់អាវុធសាជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសការរាយការណ៍អំពីការវាយប្រហារតាមអាកាស និងការចល័តសព្វាវុធធុនធ្ងន់នៅតំបន់ព្រំដែន។ លោកទទូចឱ្យភាគីទាំងពីរសូមធ្វើការអត់ធ្មត់ និងចៀសវាងសកម្មភាពបង្កើនភាពតានតឹងបន្ថែមទៀត។ នេះបើយោងតាមការលើកឡើងពីលោក អាន់តូនីញ៉ូ ហ្គូទែរែស អ្នកនាំពាក្យរបស់UN

 

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតនិងរងរបួសជាច្រើន ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនផ្លាស់ទីលំនៅទាំងសងខាងព្រំដែន។ អគ្គលេខាធិការសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែការពារជនស៊ីវិល និងសម្របសម្រួលជំនួយមនុស្សធម៌។

 

អគ្គលេខាធិការអំពាវនាវជាថ្មីឱ្យភាគីនានា វិលត្រលប់ទៅរកក្របខណ្ឌនៃសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ប្តេជ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ ហើយអនុវត្តវិធានការកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្ត។ លោកអំពាវនាវឱ្យភាគីទាំងពីរប្រើប្រាស់យន្តការសន្ទនាទាំងអស់ឱ្យអស់លទ្ធភាព ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ក្នុងការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី៕

 

Img 9472

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia