ក្រោយពីប្រកាសអនុវត្តន៍ពន្ធទំនិញថ្មីបន្ថែមទៀតកាលពីពេលថ្មីៗនេះ ពេលនេះ លោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានព្រមានយកពន្ធលើភាពយន្ត(Movie)ទាំងឡាយណាដែលត្រូវបានផលិតក្រៅទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
លោក Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោកនៅថ្ងៃច័ន្ទនេះថាលោកនឹងយកពន្ធរហូតដល់ទៅ១០០%ទៅលើភាពយន្តណាមួយឬភាពយន្តទាំងអស់ដែលត្រូវបានផលិតនៅក្រៅសហរដ្ឋអាមេរិក។
នៅក្នុងបណ្ដាញសង្គម Truth Social លោកត្រាំបានបញ្ជាក់ថាប្រទេសដទៃបានដណ្ដើមទីផ្សារភាពយន្តនៅសហរដ្ឋអាមេរិក ហើយសកម្មភាពនេះគឺប្រៀបដូចជាដណ្ដើមស្ករគ្រាប់ពីក្មេងអញ្ចឹងដែរ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ លោកនឹងដាក់ពន្ធលើភាពយន្តដែលត្រូវបានផលិតនៅក្រៅទឹកដីអាមេរិក។
យ៉ាងណាមិញជុំវិញការយកពន្ធ១០០% លើភាពយន្តដែលត្រូវបានផលិតនៅក្រៅទឹកដីអាមេរិកនេះ លោក Donald Trump មិនបានបង្ហាញព័ត៌មានលម្អិតពីកាលបរិច្ឆេទច្បាស់លាស់នៃការចាប់ផ្ដើមអនុវត្តពន្ធនេះនៅឡើយហើយក៏មិនទាន់ដឹងថាត្រូវអនុវត្តបែបណាឡើយ។
គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ Donald Trump បានប្រកាសអនុវត្តពន្ធថ្មីទៅលើផលិតផលមួយចំនួនមានដូចជា ឱសថដែលមានម៉ាកសញ្ញា រថយន្តធន់ធ្ងន់ និងគ្រឿងសង្ហារឹមជាដើមដោយយកពន្ធពីចាប់ពី២៥%រហូតដល់ទៅ១០០%៕