សល់លុយ ១ពាន់ដុល្លារក្នុងកុងលើកដំបូងប្រញាប់គិតគូពីជំហានបន្ទាប់ មហាសេដ្ឋីលំដាប់ពិភពលោក Warren Buffett ធ្លាប់បានដាស់តឿនថា បើអ្នកមិនអាចរកវិធីធ្វើឱ្យលុយបង្កើតកូនចៅក្នុងពេលអ្នកកំពុងដេកទេ អ្នកនឹងត្រូវធ្វើការរហូតដល់ថ្ងៃស្លាប់។ ជាមួយគ្នានោះដែរ បើអ្នកមានលុយ១ពាន់ដុល្លារក្នុងកុងជាលើកដំបូងទាំងអស់គ្នាគួរយកទៅធ្វើរឿងធំៗទាំង៤នេះសិនបើចង់សល់លុយ សល់ទ្រព្យ៖
១. ចេញរកស៊ីមុខរបរខ្នាតតូច
មានលុយ១ពាន់ដុល្លារ អ្នកក៏មានឱកាសបើកអាជីវកម្មខ្នាតតូចបានដែរសំខាន់ឲ្យតែអ្នករកឃើញអាជីវកម្មដែលខ្លួនស្រលាញ់ហើយមានទីផ្សារនិងចេះធ្វើទីផ្សារឲ្យអាជីវកម្មអ្នកកាន់តែមានគេស្គាល់ច្រើននោះអ្នកនឹងមានឱកាសពង្រីកកាន់តែធំ កាន់តែជោគជ័យក្នុងការរកស៊ីកសាងភាពជីវភាពកាន់តែធូរធារ។ ដោយប្រិយមិត្តអ្នកអានអាកសាកល្បងលក់អនឡាញសិនបានដូចជាកម្មង់អីវ៉ាន់ពីចិន ឬវៀតណាមយកមកលក់ ប៉ុន្តែមុននឹងចង់ចាប់ផ្តើមរបរនេះក្នុងនាមយើងជាអ្នកលក់យើងត្រូវលក់ពីតិចទៅច្រើនសិនដោយយើងអាចកម្មង់អីវ៉ាន់សម្ភារៈប្រើប្រាស់សម្រាប់ផ្ទះបាយ ឬរបស់ប្រើប្រាស់ក្នុងបន្ទប់ទឹកជំហ៊ានដំបូងយើងកម្មង់ឥវ៉ាន់មកល្មមសិន។
បន្ទាប់មកយើងចាប់ផ្តើមផុសលក់ក្នុង Instragram Facebook Page ឬ Tik Tok អីជាដើម ប្រសិនជាលក់ទៅមានគាំទ្រច្រើននិងកាន់តែមានអតិថិជនយើងអាចឱ្យពួកគាត់ Pre Order តែដើម្បីធានាថាពេលបានឥវ៉ាន់ហើយខ្លាចពួកគាត់មិនយក យើងអាចឱ្យជម្រើសទៅដល់អ្នកទិញដើម្បីអ្នកទិញកក់លុយខ្លះក៏បានដែរ។
២. វិនិយោគលើខ្លួនឯង
ចំពោះការវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដ៏ចំណេញលុយច្រើនបំផុត ព្រោះការវិនិយោគលើចំណេះដឹងគឺអាចដុសខាត់សមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងដើម្បីឱ្យខ្លួនឯងមានជំនាញកាន់តែច្បាស់ហើយអាចបង្កើតចំណូលបានកាន់តែច្រើនផងដែរ។
លើសពីនេះការវិនិយោគលើចំណេះដឹងគឺអាចជួយអ្នកកាត់បន្ថយហានិភ័យឲ្យនៅទាបពេលអ្នកយកលុយទៅរកស៊ីឬវិនិយោគលើអ្វីមួយ ព្រោះពេលអ្នកមានចំណេះដឹងទៅលើអ្វីដែលអ្នករកស៊ីនិងវិនិយោគ ឱកាសបរាជ័យនឹងមានតិចជាងជោគជ័យ។ ដោយបងប្អូនអាចជ្រើសរើសធ្វើការវិនិយោគ ដោយការទិញភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជាទុក ឬក៏ទិញទ្រព្យសម្បត្តិផ្សេងៗទុកក្នុងខ្លួនក៏បាន ប៉ុន្តែបងប្អូនត្រូវចាំថាបើចង់វិនិយោគលើអ្វីត្រូវសិក្សាឱ្យបានច្បាស់ចៀសវាងចាញ់បោកអ្នកដទៃ។
៣.ដាំបន្លែខ្នាតតូច
បើសិនជាអ្នកស្នាក់នៅជាយក្រុង ឬសល់ដីទំនេរតិចតួច អ្នកអាចចាប់ផ្តើមដាំបន្លែធម្មជាតិដូចជា ស្ពៃស្រួយ, ខាត់ណា, ត្រកូន ឬខ្ទឹមសជាដើម ដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារ ឬសម្បូរអតិថិជននៅក្បែរផ្ទះ។ គ្រាប់ពូជ និងជីអាចចំណាយត្រឹមតែ ២០០ដុល្លារ ចំណែកឯផលចំណេញអាចទទួលបានទ្វេដង ប្រសិនបើគ្រប់គ្រងបានល្អ។
៤. សន្សំ
ជាការពិត លុយបម្រុងទុកពេលមានអាសន្នពិតជាសំខាន់ ព្រោះវាជួយអ្នកឲ្យចៀសផុតពីបញ្ហាលុយកាក់ក្នុងការរស់នៅ។ តែយ៉ាងណាមិញមនុស្សមួយចំនួនមើលរំលងដែលធ្វើឲ្យពួកគាត់ជួបបញ្ហាហើយពេលខ្លះធ្លាក់ខ្លួនទៅក្នុងបញ្ហាបំណុលទៀតផង។ អ៊ីចឹងបើអ្នកសន្សំបាន១ពាន់ដុល្លារ អ្នកមិនគួរយកលុយអស់ពីខ្លួនទៅវិនិយោគឬរកស៊ីនោះទេ។ អ្នកគួរដកមួយផ្នែកមកសន្សំទុកបន្តទៀតដើម្បីទុកជាកញ្ចប់លុយសម្រាប់ប្រើការពេលមានអាសន្នឬហេតុការណ៍ផ្សេងៗដែលយើងត្រូវការលុយជាចាំបាច់បន្ទាន់ដើម្បីដោះស្រាយ៕


