មាសគឺជាទ្រព្យដ៏និយមមួយសម្រាប់ពលរដ្ឋខ្មែរក្នុងការវិនិយោគ ពោលទាំងក្មេង ចាស់ភាគច្រើនសុទ្ធតែវិនិយោគទិញមាសព្រោះវាជាទ្រព្យដែលងាយស្រួលទិញលក់ ហើយក៏ងាយស្រួលក្នុងការវិនិយោគដោយមិនភាពស្មុគស្មាញដូចការវិនិយោគផ្សេងៗឡើយ។
ទោះបីជាមាសជាទ្រព្យដែលងាយស្រួលក្នុងការវិនិយោគពិតមែនតែសេដ្ឋីវិនិយោគជើងចាស់អាមេរិកចំនួន២រូបមិនណែនាំឲ្យអ្នកវិនិយោគវ័យក្មេងយកលុយច្រើនជ្រុកទៅវិនិយោគលើមាសឡើយ។
សេដ្ឋី Warren Buffett ដែលជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ មិនណែនាំឲ្យមនុស្សយកលុយច្រើនពេកទៅវិនិយោគលើមាសឡើយព្រោះមាសគឺមិនអាចផលិតអ្វីបានទាល់តែសោះ។ ត្រង់នេះគាត់សំដៅថាមាសមិនមានជាទ្រព្យបង្កើតចំណូលដើម្បីផ្ដល់ជាលំហូរសាច់ប្រាក់សម្រាប់ផ្គង់ផ្គង់ការរស់នៅនិងវិនិយោគបន្តឡើយ។
សេដ្ឋីរូបនេះតែងតែនិយាយមាសមិនអាចផ្ដល់ការប្រាក់ដូចដាក់ធនាគារ មិនអាចផ្ដល់ភាគលាភដូចភាគហ៊ុនហើយក៏មិនអាចផ្ដល់លំហូរសាច់ប្រាក់ជាប្រចាំឡើយ។ លោកធ្លាប់លើកឡើងថា” មនុស្សទិញមាសព្រោះរំពឹងថានឹងអាចលក់ឲ្យអ្នកផ្សេងពេលក្រោយក្នុងតម្លៃថ្លៃ”។
ចំណែកសេដ្ឋី Ray Dalio ថ្វីត្បិតតែលោកជាអ្នកចូលចិត្តវិនិយោគមាសពិតមែនប៉ុន្ដែលោកមិនណែនាំឲ្យអ្នកវិនិយោគយកលុយច្រើនពេកទៅវិនិយោគមាសឡើយ។ លោកណែនាំឲ្យយកលុយទៅវិនិយោគមាសត្រឹមតែ១០%ទៅ១៥%នៃផលបត្រវិនិយោគសរុបតែប៉ុណ្ណោះ។ ឧទាហរណ៍បើអ្នកមានលុយវិនិយោគ១ម៉ឺនដុល្លារ អ្នកគួរយកទៅវិនិយោគមាសត្រឹមតែ១ពាន់ដុល្លារទៅ១៥០០ដុល្លារបានហើយ។ ហើយមូលហេតុដែលគាត់ណែនាំមិនឲ្យលុយច្រើនទៅវិនិយោគមាសគឺដោយសារតែមិនមានមែនជាទ្រព្យបង្កើតចំណូល។
ជារួមមូលហេតុដែលអ្នកជំនាញក៏ដូចជាសេដ្ឋីជើងចាស់មិនណែនាំឲ្យមនុស្សវ័យក្មេងយកលុយច្រើនជ្រុលទៅវិនិយោគមាសព្រោះវាមិនមែនជាទ្រព្យបង្កើតចំណូលដូច្នេះការកសាងទ្រព្យរបស់ពួកគាត់យឺតបើធៀបការវិនិយោគលើទ្រព្យផ្សេងៗដូចជាភាគហ៊ុន និងអចលនទ្រព្យព្រោះមាសពឹងតែលើការឡើងថ្លៃប៉ុណ្ណោះ បើមាសអត់ឡើងថ្លៃ អ្នកវិនិយោគមិនបានការប្រាក់ដូចទិញបណ្ណបំណុលហើយក៏មិនបានភាគលាភដូចទិញហ៊ុនឡើយ។
ទាក់ទងនឹងភាគហ៊ុន សម្រាប់បងប្អូនចង់ចេះវិនិយោគភាគហ៊ុនដើម្បីបង្កើតចំណូលបន្ថែមអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


