អ្នកដឹកនាំគួរដឹង! បុគ្គលិកធ្វើការយូរទៅ កាន់តែអស់ទឹកចិត្ត ត្រូវប្រញាប់ធ្វើរឿង ៣ នេះភ្លាម
Kan DaraFEBRUARY 26 20261.6 K views

នៅក្នុងបរិបទការងារបច្ចុប្បន្ន ការរក្សាបុគ្គលិកឱ្យមានថាមពល និងស្មារតីចង់ធ្វើការ គឺជារឿងពិបាកជាងការជ្រើសរើសបុគ្គលិកថ្មីទៅទៀត។ នៅពេលបុគ្គលិកម្នាក់ដែលធ្លាប់តែសកម្ម ប្រែជាស្ងប់ស្ងាត់ ឬធ្វើការគ្រាន់តែឱ្យរួចពីដៃ អ្នកដឹកនាំត្រូវអនុវត្តវិធានការទាំង ៣ នេះជាបន្ទាន់ យោងតាមទស្សនាវដ្តីធុរកិច្ច Harvard Business Review (HBR)

 

១/. លើកបញ្ហាដាក់លើតុជជែកគ្នា៖ ឧស្សាហ៍បើកការសន្ទនាដោយក្តីយោគយល់ កុំរង់ចាំដល់ថ្ងៃវាយតម្លៃការងារប្រចាំឆ្នាំ ទើបតំឡើងសរសៃកដាក់គ្នា។ អ្នកដឹកនាំត្រូវបង្កើត កន្លែងសុវត្ថិភាពដើម្បីឱ្យបុគ្គលិកហ៊ាននិយាយពីបញ្ហាប្រឈមរបស់ពួកគេ ហើយការស្តាប់ដោយយកចិត្តទុកដាក់ គឺជាថ្នាំព្យាបាលផ្លូវចិត្តដ៏មានប្រសិទ្ធភាពបំផុត។

 

២/. ផ្តល់ការទទួលស្គាល់ និងតម្លៃ៖ បុគ្គលិកភាគច្រើនអស់ទឹកចិត្តដោយសារពួកគេមានអារម្មណ៍ថា ធ្វើល្អប៉ុណ្ណាក៏គ្មានអ្នកមើលឃើញ។ ការផ្តល់ការលើកទឹកចិត្តមិនមែនមានតែរឿងលុយកាក់មួយមុខនោះទេផ្តល់ការសរសើរជាសាធារណៈចំពោះស្នាដៃតូចធំ ឬការផ្ដល់រង្វាន់លើកទឹកចិត្តដែលសមស្របនឹងកិច្ចខំប្រឹងប្រែងរបស់គេ។ ការឱ្យតម្លៃលើមនុស្ស មុននឹងឱ្យតម្លៃលើលទ្ធផល នឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនគឺជាចំណែកដ៏សំខាន់របស់ក្រុមហ៊ុន។

 

៣/. បង្កើតឱកាសលូតលាស់ និងភាពបត់បែន ការធ្វើការដដែលៗក្នុងរយៈពេលយូរដោយគ្មានទិសដៅច្បាស់លាស់ នឹងធ្វើឱ្យមនុស្សមានអារម្មណ៍ថាជាប់គាំង។ ជាមួយគ្នានេះ សម្ពាធការងារដែលប៉ះពាល់ដល់ជីវិតឯកជនក៏ជាមូលហេតុចម្បងនៃភាពអស់កម្លាំងចិត្តផងដែរ។ ដូច្នេះចូរផ្តល់ការបណ្តុះបណ្តាលថ្មីៗ ឬប្រគល់ភារកិច្ចដែលជម្រុញឱ្យបុគ្គលិកក្រោមបង្គាប់បានបញ្ចេញសមត្ថភាពថ្មី។ បន្ថែមពីនេះ ការផ្តល់ភាពបត់បែនលើពេលវេលាធ្វើការ នឹងជួយឱ្យពួកគេមានឱកាសបញ្ចូលថាមពលឡើងវិញ។

 

យ៉ាងណាមិញ ការដែលបុគ្គលិកម្នាក់ប្រែជាអស់ទឹកចិត្ត មិនមែនសុទ្ធតែមកពីពួកគេខ្ជិលច្រអូស ឬចង់បោះបង់នោះទេ ប៉ុន្តែវាអាចជាសញ្ញាអាសន្នដែលប្រាប់ថា ប្រព័ន្ធគ្រប់គ្រងកំពុងមានចន្លោះប្រហោង។ បុគ្គលិកមិនមែនជាគ្រឿងចក្រដែលដំណើរការដោយប្រេងឥន្ធនៈឡើយ ប៉ុន្តែពួកគេគឺជាមនុស្សដែលដំណើរការដោយកម្លាំងចិត្ត។ នៅពេលអ្នកផ្តល់តម្លៃដល់ពួកគេ ពួកគេនឹងផ្តល់តម្លៃដល់ការងារ និងស្ថាប័នវិញទ្វេរដង។ កុំរង់ចាំរហូតដល់បាត់បង់ធនធានល្អៗ ទើបស្តាយក្រោយ ចូរចាប់ផ្តើមផ្លាស់ប្តូរ និងយកចិត្តទុកដាក់លើពួកគេតាំងពីថ្ងៃនេះតទៅ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia