ការដឹកនាំបុគ្គលិក Gen Z មិនមែនជាเរឿងពិបាកនោះទេ ប្រសិនប្រកបដោយការយល់ច្បាស់ពីពួកគេ។ ពួកគេមិនមែនជាក្រុមមនុស្សដែលខ្ជិល ឬពិបាកនិយាយគ្នានោះឡើយ ប៉ុន្តែពួកគេគ្រាន់តែត្រូវការរចនាបទនៃការដឹកនាំបែបថ្មី ដែលផ្តោតលើការគោរព និងភាពច្បាស់លាស់ និង ភាពបត់បែន។ ប្រសិនបើអ្នកចង់ឱ្យពួកគេធ្វើការដោយស្មោះត្រង់ និង មានប្រសិទ្ធិភាព សូមសាកល្បងអនុវត្ត ៥ វិធីសាស្ត្រងាយៗខាងក្រោមនេះ៖
១. ប្រាប់ពី "តម្លៃនៃការងារ" ជាជាងគ្រាន់តែដាក់បញ្ជា
បុគ្គលិក Gen Z ត្រូវការដឹងថា ការងារដែលពួកគេធ្វើមានន័យ និងមានប្រយោជន៍អ្វីខ្លះ។ ពេលប្រគល់ការងារ កុំប្រាប់ត្រឹមតែថាពួកគេត្រូវធ្វើអ្វីតែមួយមុខ ប៉ុន្តែត្រូវបន្ថែមការបញ្ជាក់ថា ហេតុអ្វីបានជាការងារនេះសំខាន់ ចំពោះក្រុមហ៊ុន។ កាលណាពួកគេយល់ពីតម្លៃ និងផលវិជ្ជមានដែលកើតចេញពីដៃរបស់ពួកគេ ពួកគេនឹងធ្វើវាដោយក្តីស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់ជាមិនខាន។
២. ទុកឱកាសអោយពួកគេបញ្ចោញសមត្ថភាព
ពួកគេស្អប់ខ្លាំងណាស់ការដឹកនាំបែបតាមដានមើលគ្រប់ពេលវេលានោះ និង ត្រួតពិនិត្យគ្រប់ជំហាន នោះ ដែលយើងស្គាល់ថាជា Micromanagement។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រាប់ពីលទ្ធផល ឬគោលដៅចុងក្រោយដែលចង់បានឱ្យច្បាស់លាស់ រួចទុកសេរីភាពឱ្យពួកគេជ្រើសរើសវិធីសាស្ត្រធ្វើដោយខ្លួនឯង។ ការទុកចិត្ត និងការផ្តល់ភាពបត់បែនបែបនេះ នឹងធ្វើឱ្យពួកគេហ៊ានបញ្ចេញគំនិតច្នៃប្រឌិតថ្មីៗ និងធ្វើការបានលឿនជាងមុនទ្វេដង និង មានប្រសិទ្ធិភាព។
៣. ធ្វើជាអ្នកណែនាំ មិនមែនធ្វើជាចាហ្វាយនាយ
ការដែលដើរតួជាចាហ្វាយនាយគ្រប់ពេលគឺមិនអាចទាក់ទាញចិត្ត Gen Z អោយធ្វើការអស់ពីចិត្តបានឡើយ។
ពួកគេត្រូវការអ្នកដឹកនាំដែលដើរតួជាអននកណែនាំ បង្រៀន ចាំជួយតម្រង់ទិស និងផ្តល់យោបល់ល្អៗដល់ពួកគេ។ ចំណាយពេលជជែកលេង ឬប្រជុំ ១ ទល់ ១ ជាប្រចាំ ដើម្បីសួរនាំពីបញ្ហាប្រឈម រួចជួយតម្រង់ទិសដៅលូតលាស់ក្នុងអាជីពរបស់ពួកគេ នោះពួកគេនឹងមានអារម្មណ៍ថាអ្នកពិតជាយកចិត្តទុកដាក់ចំពោះអនាគតរបស់ពួកគេពិតមែន។
៤. បង្កើតបរិយាកាសដែលពោរពេញដោយការយកចិត្តទុកដាក់
បុគ្គលិក Gen Z ឱ្យតម្លៃខ្លាំងលើសុខភាពផ្លូវចិត្ត និង សេរីភាព។ ពួកគេត្រូវការកន្លែងធ្វើការមួយដែលហ៊ាននិយាយរឿងពិត ហ៊ានសួរសំណួរ និងហ៊ានបញ្ចេញមតិដោយគ្មានការព្រួយបារម្ភ។ នៅពេលពួកគេធ្វើខុស កុំប្រញាប់បន្ទោស ឬធ្វើឱ្យពួកគេបាក់មុខ ប៉ុន្តែត្រូវចាត់ទុកវាជាមេរៀន ហើយជួយគ្នារកដំណោះស្រាយ។ បរិយាកាសការងារបែបនេះ នឹងជំរុញឱ្យពួកគេហ៊ានបង្កើតអ្វីដែលថ្មីៗជូនក្រុមហ៊ុន។
៥. សរសើរ និងឱ្យតម្លៃចំពោះការខិតខំ
ការសរសើរ គឺជាថាមពលដ៏ធំធេងសម្រាប់បុគ្គលិក Gen Z។ កុំរង់ចាំរហូតដល់បញ្ចប់ការងារ ទើបពោលពាក្យសរសើរ។ ការពោលពាក្យ "អរគុណ" ឬសរសើរជាសាធារណៈនៅក្នុងការប្រជុំចំពោះស្នាដៃតូចតាចជាប្រចាំ នឹងធ្វើឱ្យពួកគេមានមោទនភាព មានកម្លាំងចិត្ត និងត្រៀមខ្លួនរួចជាស្រេចដើម្បីលះបង់បន្ថែមទៀតសម្រាប់ក្រុម។
ការដឹកនាំបុគ្គលិក Gen Z មិនមែនជាការបណ្ដោយតាមរហូតបាត់បង់ស្តង់ដារនោះទេ ប៉ុន្តែជាការទាញយកសក្តានុពលរបស់ពួកគេដោយការផ្តល់តម្លៃ និង ដោយការទុកចិត្តលើពួកគេ ដើម្បីទទួលបាននូវលទ្ធផលល្អសម្រាប់ក្រុមហ៊ុនទាំងមូល នៅពេលអ្នកផ្តល់ការគោរព ផ្តល់សេរីភាព និងធ្វើជាអ្នកណែនាំដ៏ល្អ នោះ ពួកគេនឹងមិនត្រឹមតែធ្វើការអោយតែគ្រប់ម៉ោងនោះទេ ប៉ុន្តែពួកគេនឹងលះបង់ទាំងគំនិត និងបេះដូង ដើម្បីនាំក្រុមហ៊ុនរបស់អ្នកទៅមុខយ៉ាងរហ័សទៀតផង។


