វាសនាមនុស្សពិតមើលមិនឃើញ ប្រែក្លាយពីជនភៀសខ្លួន លោក David Tran បានវិវត្តខ្លួនក្លាយជាថៅកែក្រុមហ៊ុនផលិតទឹកម្ទេសធំបំផុតប្រចាំសហរដ្ឋអាមេរិក និងជាប់ឈ្មោះជាមហាសេដ្ឋីប្រាក់លាននៅលើទស្សនាវដ្តី Forbes ថែមទៀតផង។
ប៉ុន្តែបើយើងងាកទៅមើលដំណើរផ្លូវដ៏វែងអន្លាយមុនពេលលោកក្លាយជាសេដ្ឋីនេះ លោកក៏មានប្រវត្តិជូរចត់មិនតិចឡើយ ពោលគឺដើមឡើយ លោក Tran មានទីកន្លែងកំណើត នៅខេត្តសុកត្រាង ប្រទេសវៀតណាម ដោយមានឪពុកជាអ្នកជំនួញ និងមានម្តាយជាស្ត្រីមេផ្ទះ។
នៅអាយុ ១៦ឆ្នាំ យុវជន Tran ដើរតាមបងប្រុស ហើយបានផ្លាស់ទៅទីក្រុងសៃហ្គូន ដែលបច្ចុប្បន្នថាជាទីក្រុងហូជីមិញ ដើម្បីធ្វើការនៅក្នុងហាងលក់សារធាតុគីមី។ ក្រោយមក Tran បានត្រលប់ទៅខេត្តសុកត្រាង ដើម្បីរៀនវិទ្យាល័យ ហើយក្រោយពេលរៀនចប់ Tran ត្រូវបានគេចាប់ឱ្យទៅចូលទៅក្នុងកងទ័ពវៀតណាមខាងត្បូង។
ប៉ុន្តែក្រោយមកដោយសារតែមានសង្គ្រាមកើតមានឡើយ លោកក៏ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសវៀតណាមនៅក្នុងឆ្នាំ ១៩៧៩ នៅពេលនោះហើយដែលជីវិតលោកក៏ត្រូវបានរសាត់អណ្តែតចេញពីប្រទេសកំណើតនិងបានចាប់ផ្តើមជីវិតថ្មីលើទឹកដីនៃសហរដ្ឋអាមេរិកជាមួយនឹងមាសដែលលោកយកតាមខ្លួនចំនួន ២គីឡូក្រាមពីស្រុកកំណើតមុនពេលចាកចេញមកអាមេរិក។ដោយសារតែមាសមួយដុំដែលយកតាមខ្លួននេះហើយជាទុនធំបំផុតធ្វើឱ្យលោកអាចចេញរកស៊ីបាន ពោលគឺពេលនោះលោកបានលក់មាសមួយចំណែកហើយយកលុយទៅទិញអគារមួយទំហំ ៧៦២ ម៉ែត្រ Chinatown ដើម្បីរកស៊ី។
ក្រុមហ៊ុនដំបូងដែលសហគ្រិនរូបនេះបង្កើតមានឈ្មោះថា Huy Fong ជាឈ្មោះដាក់តាមកប៉ាល់ដឹកទំនិញដែលគាត់បានជិះភៀសខ្លួនពីប្រទេសវៀតណាមមកកាន់ទឹកដីអាមេរិក។ហើយផលិតផលដំបូងដែលក្រុមហ៊ុន Huy Fong បានផលិតគឺផលិតផលទឹកម្ទេសដែលមានឈ្មោះថា Sriracha ផលិតផលដំបូងនេះទទួលបានជោគជ័យជាខ្លាំងនៅពេលនោះ រហូតតាមហាង ភោជនីយដ្ឋានធំៗជាច្រើនបានសុទ្ធតែប្រើទឹកម្ទេសនេះសឹងគ្រប់កន្លែង។

គូសបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Huy Fong ជាក្រុមហ៊ុនមានតម្លៃ ១ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមក្រុមហ៊ុនលក់ទឹកម្ទេសនៅអាមេរិក។នេះបើផ្អែកតាមការព្យាករណ៍របស់ IBISWorld។ ហើយទ្រព្យសម្បត្តិសរុបរបស់លោក David Tran មានចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់ Forbes ក្នុងឆ្នាំ ២០២៣ នេះ។


