ក្រុមហ៊ុន ដាយគីន កម្ពុជា (Daikin Cambodia) មានកិត្តិយសក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ INNexpo 2026 ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៦ នៅ Factory Phnom Penh។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្ម បច្ចេកវិទ្យា និងការបង្កើតគុណភាពខ្យល់ក្នុងអគារប្រកបដោយផាសុកភាព តាមរយៈបច្ចេកវិទ្យាឆ្លាតវៃទំនើប។

ក្នុងនាមជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់លំដាប់ពិភពលោក ដាយគីន បន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង និងខាងក្រៅអគារ អ្នកអភិវឌ្ឍន៍គម្រោង អ្នកប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ដើម្បីបង្កើតដំណោះស្រាយខ្យល់ក្នុងអគារប្រកបដោយនវានុវត្តន៍ ដែលអាចរួមបញ្ចូលបានយ៉ាងល្អជាមួយការរចនាស្ថាបត្យកម្ម ដោយរក្សាបានទាំងប្រសិទ្ធភាព សោភ័ណភាព និងនិរន្តរភាព។

ស្ថាបត្យកម្មនាពេលបច្ចុប្បន្ន មិនត្រឹមតែផ្តោតលើការរចនាផ្នែកខាងក្រៅ និងខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែអគារទំនើបៗក៏ត្រូវការប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ការរួមបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃ និងការផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់ផងដែរ។ សម្រាប់ក្រុមហ៊ុន ដាយគីន យើងជឿជាក់ថា ប្រព័ន្ធម៉ាស៊ីនត្រជាក់ គឺជាផ្នែកដ៏សំខាន់មួយនៃស្ថាបត្យកម្មសម័យថ្មី ដែលមិនអាចខ្វះបាន។

ប្រទេសកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកសេដ្ឋកិច្ច និងនគរូបនីយកម្ម។ ក្រុមហ៊ុន ដាយគីន មើលឃើញឱកាសដ៏សំខាន់នេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍទីក្រុងឱ្យក្លាយជាទីក្រុងបៃតង ឆ្លាតវៃ និងប្រកបដោយនិរន្តរភាព តាមរយៈនវានុវត្តន៍បច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ និងដំណោះស្រាយសម្រាប់អគារទំនើប។
ចាប់ពីលំនៅឋាន អគារបដិសណ្ឋារកិច្ច រហូតដល់អគារការិយាល័យខ្ពស់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម បច្ចេកវិទ្យារបស់ ដាយគីន ត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងវិវត្តឥតឈប់ឈរ នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ INNexpo 2026 ក្រុមហ៊ុន ដាយគីន បានដាក់បង្ហាញនូវបច្ចេកវិទ្យា HVAC ទំនើបជាច្រើន ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ស្ថាបត្យកម្មបែបទំនើប និងការរស់នៅប្រកបដោយផាសុកភាព រួមមាន៖
• ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អគារគ្រប់ប្រភេទ
• ដំណោះស្រាយគុណភាពខ្យល់ក្នុងអគារ
• បច្ចេកវិទ្យាឆ្លាតវៃ និងការសន្សំសំចៃថាមពល
• ការរួមបញ្ចូលប្រព័ន្ធ HVAC ជាមួយការរចនាស្ថាបត្យកម្មសម័យថ្មី

ពិព័រណ៍ INNexpo 2026 បានប្រមូលផ្តុំនូវអ្នកជំនាញជាច្រើន រួមមាន ស្ថាបត្យករ អ្នកអភិវឌ្ឍន៍គម្រោង និងអ្នកច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរយោបល់ បង្ហាញគំនិតថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជា។
តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន ដាយគីន កម្ពុជា សង្ឃឹមថានឹងបន្តពង្រឹងភាពជាដៃគូជាមួយវិស័យស្ថាបត្យកម្ម និងសំណង់ ព្រមទាំងជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅទូទាំងប្រទេសកម្ពុជា៕



