សុភាសិតខ្មែរពោលថា “សំណាបយោងដី ស្រីយោងប្រុស” ប្រដូចទៅនឹងគូស្វាមីភរិយាត្រូវចេះយល់ចិត្ត អធ្យាស្រ័យ និងយកអាសាទុក្ខធុរគ្នា ទើបគ្រួសារចម្រុងចម្រើន។ ខាងក្រោមនេះគឺជារឿងធំៗ៤ ដែលអ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក Dave Ramsey ប្រាប់ឲ្យប្ដីប្រពន្ធគ្រប់គូ ត្រូវរួមគ្នាដោះស្រាយឲ្យបាន បើចង់កសាងជីវភាពធូរធារ និងមានសុភមង្គលក្នុងគ្រួសារ៖
១/. បញ្ហាជំនឿ៖ ជំនឿរបស់មនុស្សម្នាក់ៗជារឿងសំខាន់ (មិនមែនសំដៅលើសាសនាទេ) ព្រោះការជឿទៅលើអ្វីមួយមានឥទ្ធិពលខ្លាំងចំពោះសកម្មភាព និងរបៀបដែលមនុស្សរស់នៅ។ ជាប្ដីប្រពន្ធនឹងគ្នា គួរតែមានជំនឿជឿជាក់ស្រដៀងគ្នា ទើបងាយយោគយល់ឱ្យគ្នាទៅវិញទៅមក។
២/. បញ្ហាទំនាក់ទំនងគ្រួសារ៖ បើទោះបីជាក្រោយរៀបការអ្នកមិនស្នាក់នៅជាមួយឪពុកម្ដាយខាងណាក៏ដោយ ក៏ការរៀបចំទំនាក់ទំនងគ្រួសារទាំងសងខាងនៅតែសំខាន់សម្រាប់ការរស់នៅរបស់ប្តីប្រពន្ធគ្រប់រូប។ ក្នុងនាមជាដៃគូជីវិត អ្នកត្រូវចេះពិភាក្សាគ្នាអំពីភាពសំខាន់នៃសមាជិកគ្រួសារទាំងសងខាង ហើយដាក់ព្រំដែនមួយ ដើម្បីកំណត់រវាងគ្រួសារតូចរបស់អ្នក ជាមួយនឹងសមាជិកគ្រួសារផ្សេងទៀត។ មានន័យថារាល់បញ្ហាក្នុងគ្រួសារតូច មិនត្រូវអនុញ្ញាត ឬរត់ទៅរកឪពុកម្ដាយ ឬសមាជិកខាងណាមួយឱ្យចូលមកដោះស្រាយឬកាត់ក្ដីជំនួសអ្នកទាំងពីរឡើយ។
៣/. របៀបចិញ្ចឹមកូន៖ បញ្ហាសំខាន់មួយទៀតនៃគ្រួសារគឺ កាតព្វកិច្ចចិញ្ចឹមកូនៗ និងថវិកាសម្រាប់ផ្គត់ផ្គង់ពួកគេ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហានេះ តម្រូវឱ្យអ្នកជាប្ដីប្រពន្ធត្រូវចេះរួមដៃគ្នារៀបផែនការឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តយកកូន។ កុំចាំដល់មានកូនទើបសន្សំ តែត្រូវគិតគូរតាំងពីអ្នករៀបការតែម្ដង ទើបចិញ្ចឹមកូនប្រកបដោយភាពជោគជ័យ និងមិនមានវិប្បដិសារី។
៤/. បញ្ហាលុយកាក់៖ លុយជាបញ្ហាសំខាន់បំផុតមួយរបស់មនុស្សគ្រប់រូប។ ដើម្បីសម្រេចផែនការគ្រួសារ និងជោគជ័យរឿងលុយកាក់ប្ដីប្រពន្ធត្រូវធ្វើរឿង៥យ៉ាងឱ្យបាន ទី១.ពិភាក្សាពីគោលដៅដែលចង់បាន៥ឆ្នាំខាងមុខ ទី២.ជ្រើសរើសអ្នកណាកាន់លុយ ទី៣.បែងចែកកញ្ចប់លុយជា៤ធំៗ(កញ្ចប់សន្សំ,កញ្ចប់ចំណាយ, កញ្ចប់បង្កើតចំណូល និងកញ្ចប់អនុវត្តន៍តាមផែនការ) ទី៤.បង្កើតចំណូលឱ្យបាន៣ប្រភព(ចំណូលប្រចាំថ្ងៃ,ប្រចាំខែ និងប្រចាំឆ្នាំ) និងទី៥.ឧស្សាហ៍ពិនិត្យមើលផែនការនិងលទ្ធផល។
យ៉ាងណាមិញ ប្រសិនបើជីវិតគូមិនសូវចុះសម្រុងគ្នា ឬពិបាកយល់ពីគ្នាទៅវិញទៅមកខ្លាំង អ្នកគួរប្រញាប់រកអ្នកជំនាញដើម្បីពិគ្រោះយោបល់ភ្លាមៗ។ ជាក់ស្តែងនៅ Sneha Centre មានផ្តល់ការប្រឹក្សាយោបល់ពីបញ្ហាផ្លូវចិត្ត និងទំនាក់ទំនងគូស្នេហា/ប្តីប្រពន្ធ ឲ្យវិលមករកភាពធូរស្រាលឡើងវិញ និងរស់នៅរួមគ្នាប្រកបដោយសុភមង្គល។ ប្រសិនបើបងប្អូនចង់ពិគ្រោះយោបល់ អាចធ្វើការឆាតទៅកាន់ហ្វេសបុកផេក Sneha Centre ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧ ៩៩០ ៣៣៣៣៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook