នៅដើមខែមីនា ឆ្នាំ២០២៦ នេះ ពិភពលោកកំពុងជួបប្រទះនូវវិបត្តិថាមពលសារជាថ្មី ដោយសារជម្លោះយោធារវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល លើ អ៊ីរ៉ង់។ ខណៈដែលថ្មីៗនេះមេបញ្ជាការជាន់ខ្ពស់ម្នាក់មកពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ងបានប្រកាសថា “ច្រកសមុទ្រហ័រមូសត្រូវបានបិទ” ហើយបានព្រមានថា នាវាណាក៏ដោយដែលព្យាយាមឆ្លងកាត់ផ្លូវទឹកនេះនឹងត្រូវបានកម្ទេចចោល ដែលបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូសដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារសកល។
យោងតាមការចុះផ្សាយរបស់ CNBC ការវិភាគពីស្ថាប័នជំនាញដូចជា Rystad Energy និង Kpler បានបង្ហាញថា បើទោះបីជាប្រទេស អារ៉ាប៊ីសាអូឌីត បានបង្កើនការផ្គត់ផ្គង់ប្រេងឆៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយប្រទេសមហាអំណាចដូចជា ចិន មានទុនបម្រុងប្រេងយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងទីផ្សារមួយរយៈក៏ដោយ ប៉ុន្តែបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីនៅតែប្រឈមមុខនឹងហានិភ័យខ្ពស់។
ក្នុងនោះ ប្រទេសចិន ប្រហែលមិនមានផលប៉ះពាល់អ្វីខ្លាំងទេ ប៉ុន្តែសម្រាប់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងវិញ គឺស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភខ្លាំង ព្រោះពួកគេពឹងផ្អែកលើការនាំចូលប្រេងពីមជ្ឈិមបូព៌ារហូតដល់ ៧០% ទៅ ៧៥% នៃតម្រូវការសរុប។ តែបញ្ហាធំមិនស្ថិតតែលើការកង្វះខាតប្រេងតែប៉ុណ្ណោះទេ ឥទ្ធិពលនៃតម្លៃក៏ជារឿងដ៏ធ្ងន់ធ្ងរផងដែរ។ ប្រទេសដែលមានការពឹងផ្អែកខ្លាំងលើការនាំចូលថាមពលដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ងាយនឹងរងគ្រោះបំផុតពីការប្រែប្រួលតម្លៃភ្លាមៗនេះ។
ជាក់ស្តែង កូរ៉េខាងត្បូង និងជប៉ុន មានទុនបម្រុងហ្គាសធម្មជាតិ (LNG) ដែលអាចប្រើប្រាស់បានត្រឹមតែរយៈពេល ២ ទៅ ៤ សប្តាហ៍ប៉ុណ្ណោះក្នុងករណីមានតម្រូវការស្ថិរភាព។ ការនាំចូលប្រេងសុទ្ធរបស់កូរ៉េខាងត្បូងមានទំហំដល់ទៅ ២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះកាន់តែងាយស្រួលនឹងទទួលរងសម្ពាធខ្លាំងពីវិបត្តិខាងលើ។
ដោយឡែកសម្រាប់តំបន់អាស៊ីអាគ្នេយ៍វិញ ផលប៉ះពាល់ចម្បងដែលនឹងកើតមានមុនគេ គឺអតិផរណាថ្លៃដើម ជាជាងកង្វះខាតការផ្គត់ផ្គង់ភ្លាមៗ។ អ្នកទិញហ្គាសធម្មជាតិដែលពឹងផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ន នឹងត្រូវប្រឈមមុខនឹងតម្លៃជំនួសដ៏ខ្ពស់ ខណៈដែលនៅអាស៊ីត្រូវប្រកួតប្រជែងជាមួយអឺរ៉ុបដើម្បីដណ្តើមយកការដឹកជញ្ជូនថាមពលពីតំបន់អាត្លង់ទិក។
ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រទេសថៃ ត្រូវបានគេចាត់ទុកថាជាអ្នកដែលខាតបង់ខ្លាំងជាងគេបំផុតពីការឡើងថ្លៃប្រេង។ នេះបើតាមការវិភាគរបស់ស្ថាប័ន Nomura ប្រទេសថៃ មានការនាំចូលប្រេងសុទ្ធក្នុងទំហំធំជាងគេនៅអាស៊ី ពោលគឺរហូតដល់ ៤.៧% នៃ GDP។ រាល់ពេលដែលតម្លៃប្រេងហក់ឡើង ១០% វានឹងធ្វើឱ្យតុល្យភាពសេដ្ឋកិច្ចក្រៅប្រទេសរបស់ថៃកាន់តែដុនដាប ដែលប៉ះពាល់ដល់ GDP ប្រទេសនេះប្រមាណ ០.៥ ភាគរយ៕


